សហរដ្ឋអាមេរិក ផ្តល់ជំនួយ៣៦លានដុល្លារ ដើម្បីពង្រឹងវិស័យសុខាភិបាលនៅកម្ពុជារយៈពេល៥ឆ្នាំ
Bunthoeun KoemAPRIL 8 20268 views

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦, តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងកិច្ចព្រមព្រៀងស្តីពីការចែករំលែកទិន្នន័យ ជាមួយ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។

 

យោងតាមសេចក្ដីប្រកាសព័ត៌មាន អនុស្សារណៈនៃការយោគយល់គ្នានេះមានហិរញ្ញប្បទានសរុបប្រមាណ ៣៦ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៦-២០៣០ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា និងកិច្ចសហប្រតិបត្តិការក្នុងការការពារសុខុមាលភាពរបស់ប្រជាជន ព្រមទាំងការជំរុញប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងចីរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះវិស័យផ្តោតសំខាន់ៗ រួមមាន៖

 

• ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងរបេង។
• ការពង្រឹងការឆ្លើយតបចំពោះការគំរាមកំហែងដែលកើតឡើងថ្មីៗ លើវិស័យសុខាភិបាលជាសកល។
• ការអនុវត្តគំរូហិរញ្ញប្បទានរួម ដើម្បីពង្រឹងឯករាជ្យភាព នៃការដឹកនាំលើវិស័យសុខាភិបាលកម្ពុជា។

 

លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទាំងនេះ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអស់រយៈពេលជាង ៣០ ឆ្នាំ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។ យុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ (America First Global Health Strategy) សម្រេចបាននូវវឌ្ឍនភាពឆ្ពោះទៅរកការធានានូវអនាគតមួយដែលអាចទប់ស្កាត់ការផ្ទុះ ឡើង និងរីកពលដាលនៃជំងឺឆ្លង ។ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាទ្វេភាគីលើវិស័យសុខាភិបាល គឺដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលក្នុងស្រុកឱ្យមានភាពធន់ សំដៅលើកកម្ពស់សុខុមាលភាពប្រជាជនតាមរយៈការបង្ការការរីករាលដាលនៃជំងឺឆ្លង ។ រដ្ឋាភិបាលអាមេរិកមានមោទនភាពក្នុងការបន្តធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី គាំទ្រដល់ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពសាធារណៈនាពេលបច្ចុប្បន្ន ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់រាល់ការគំរាមកំហែងផ្នែកសុខភាពនានា ដែលអាចនឹងកើតមានឡើងនាពេលអនាគត ។

 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពនៃកិច្ចអភិវឌ្ឍន៍កម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការការពារសុខុមាលភាពរបស់ប្រជាជន សំរដៅដល់ការអភិវឌ្ឍមូលធនមនុស្ស ។ ការចុះហត្ថលេខានេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសុខាភិបាល រួមទាំងការពង្រឹងសមត្ថភាពស្ថាប័ន និងការធានាឱ្យបាននូវសមិទ្ធផលក្នុងវិស័យសុខាភិបាលសាធាណៈប្រកបដោយចីរភាព ដើម្បីជា ប្រយោជន៍ដល់ជាតិ និងប្រជាជន៕

 

666412353 1430404995784429 8183239669843495336 N

666200135 1430405029117759 954018624469459815 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia