ឱកាសអាហារូបករណ៍រហូតដល់១០០% ពីសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សឆ្នើម និងមានទេពកោសល្យ
Sreymom Cha•OCTOBER 1 2026•

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនផ្តល់ឱកាសអាហារូបករណ៍រហូតដល់១០០% សម្រាប់សិស្សានុសិស្សដែលមានទេព្យកោសល្យលើវិស័យផ្សេងៗ ធ្លាប់ទទួលជ័យលាភីពីការប្រឡងប្រជែងស្នាដៃ និងការប្រកួតប្រជែងនានា ការងារស្ម័គ្រចិត្តក្នុងសង្គម សហគមន៍ សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៦-២០២៧ នេះ។

 Photo 2026 10 01 17 13 31


កម្មវិធីអាហារូបករណ៍នេះ ជាអាហារូបករណ៍ដែលផ្តល់ជូនតាមរយៈសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (Rector’s Scholarship) បង្កើតនៅឆ្នាំ២០២០ និងអនុវត្តរហូតមកទល់បច្ចុប្បន្ន ក្នុងន័យផ្តល់ឱកាសបន្ថែមទៀត ដល់យុវជន សិស្សានុសិស្សដែលធ្លាប់បម្រើការស្ម័គ្រចិត្តក្នុងសេវាសង្គម ឬសហគមន៍ ឬមានភាពជាអ្នកដឹកនាំវ័យក្មេង ជាយុវជនដែលមានស្នាដៃសំខាន់ៗក្នុងការប្រឡងប្រណាំងកម្មវិធីនានា ឬជាយុវជនដែលមាន សក្តានុពល ផ្នែកសិល្បៈ តន្ត្រី កីឡា វិទ្យាសាស្ត្រ ជាដើម ដែលសាកលវិទ្យាល័យចាត់ទុកជាធនធានដែលមាន  សក្តានុពល ជាយុវជនដែលមានភាពលេចធ្លោក្នុងសហគមន៍ និងសង្គម សម្រាប់បណ្តុះបណ្តាលបន្ថែម ដែលអាចរួមចំណែកកសាងមូលធនមនុស្សសម្រាប់ជាតិតាមរយៈការអប់រំកម្រិតឧត្តមសិក្សារបស់សាកលវិទ្យាល័យ។ 

Photo 2026 10 01 17 13 25

ចាប់ពីឆ្នាំ២០២០ មកទល់ ឆ្នាំ២០២៦ នេះ សាលាបានផ្តល់អាហារូបករណ៍ប្រភេទនេះ ដែលមានកូតាពី ២៥% ទៅ៥០% ៧៥% និងអាចទទួលបាន១០០% ដល់សិស្សានុសិស្សជាច្រើនរូបមកហើយ ដែលពួកគេមួយចំនួនបានបញ្ចប់ការសិក្សាពីទីនេះ និងខ្លះទៀតកំពុងតែបន្តការសិក្សានៅឡើយ ខណៈបានសម្រាលបន្ទុកចំណាយពីកម្មវិធីអាហារូបករណ៍នេះ។ 

 

សម្រាប់ឆ្នាំសិក្សា ២០២៦ - ២០២៧ នេះសាកលវិទ្យាល័យ បើកទទួលពាក្យអាហារូបករណ៍សាកលវិទ្យាធិការនេះ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ដែលសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបានតាមរយៈតំណរភ្ជាប់ដែលបានផ្សាព្វផ្សាយលើគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ ឬអាចតាមដានលើទំព័រហ្វេកប៊ុកផ្លូវការរបស់ សាកលវិទ្យាល័យ។ 

Photo 2026 10 01 17 13 19

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ត្រូវត្រៀមនូវឯកសារចំបាច់មួយចំនួន ដូចជាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ព្រឹត្តបណ្ណពិន្ទុពីថ្នាក់ទី៩ ដល់ទី១២ រូបភាព ឬសញ្ញាបត្របញ្ជាក់អំពីស្នាដៃ ប្រណាំងប្រជែង ជ័យលាភី និងសេវាសង្គមនានា លិខិតប្តេជ្ញាចិត្ត(Motivational Letters) ឬ លិខិតណែនាំ(Letter of Recommendation) ដែលចៀសវាងប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដែលនឹងត្រូវជម្រុះចោលភ្លាមៗ បើសិនជារកឃើញ និងរូបភាពភស្តុតាងសំខាន់ៗ ដែលបេក្ខជនយល់ថា មានតម្លៃសម្រាប់គណៈកម្មការវាយតម្លៃ។ 

 

ទន្ទឹមនឹងនេះ សាកលវិទ្យាធិការផ្ទាល់ លោកបណ្ឌិតប៊ូឡាត់ អាក់មែដខារីម៉ូវ (Balut Akhemetkarimov) មានក្តីសោមនស្សក្នុងការបន្តផ្តល់កម្មវិធីអាហារូបករណ៍សាកលវិទ្យាធិការនេះ ដែលជាលទ្ធផលផ្តល់ពីផារ៉ាហ្គន ទៅដល់បណ្តាសិស្សានុសិស្សដែលមានទេព្យកោសល្យ និងសមទ្ធផលល្អៗ មកពីមជ្ឍដ្ឋានផ្សេងៗគ្នា ដែលសង្គមមិនអាចមើលរំលងបាន ហើយផ្តល់លទ្ធផលដល់ពួកគេក្នុងការអភិវឌ្ឍន៍ទេព្យកោសល្យនិងចំណេះដឹងបន្ថែមទៀត ដែលថ្ងៃមុខអាចក្លាយជាបុគ្គលសំខាន់របស់ជាតិ និងអន្តរជាតិ។

Photo 2026 10 01 17 13 13

លោកបណ្ឌិតសង្កត់ធ្ងន់ដូច្នេះថា៖ “អាហារូបករណ៍សាកលវិទ្យាធិការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ពួកយើង ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ដែលយើងអាចផ្តល់រហូតដល់ ១០០% ដល់យុវជនដែលមានសក្តានុពលខ្ពស់ ដែលយើងបន្តវិនិយោគលើពួកគេ ដែលអាចក្លាយជាអ្នកដឹកនាំសំខាន់ នវានុវត្តន៍ជន ដែលនឹងរួមចំណែកសម្រាប់ប្រទេសជាតិនៅថ្ងៃមុខ”។ 

 

សាកលវិទ្យាធិការរូបនេះ បន្ថែមថា ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យបានផ្តល់អាហារូបករណ៍ដល់បណ្តានិស្សិតជាង២០ រូប ដែលនិស្សិតទាំងនោះកំពុងជាបញ្ញាវន្តដ៏សំខាន់ ហើយលោកប្រកាសទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ដាក់ពាក្យនាឆ្នាំសិក្សាថ្មីនេះ។


 

គួររំលឹកថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាស្ថាប័នអប់រំឧត្តមសិក្សាឯកជនឈានមួយគេមួយនៅកម្ពុជាដែលបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនរូបអស់រយៈកាលជាច្រើនឆ្នាំកន្លងមកហើយ ដែលបច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២៦ នេះ សាកលវិទ្យាល័យមានមុខវិជ្ជាសម្រាប់ជ្រើសរើសចំនួន១៤ ពីមហាវិទ្យាល័យចំនួន៤ ក្នុងកម្រិតបរិញ្ញាបត្រ។ ក្នុងនោះមានមហាវិទ្យាល័យវិស្វកម្មដែលមានមុខជំនាញដូចជា ស្ថាបត្យកម្ម ស្ថាបត្យកម្មខាងក្នុង   វិស្វកម្មឧស្សាហកម្ម និងវិស្វកម្មសំណង់ស៊ីវិល។ មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងអន្តរជាតិ ព្រមទាំង ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ រួមនឹង ជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។ មហាវិទ្យាល័យ គណិតវិទ្យា និងវិទ្យាសាស្ត្រ មាន មុខជំនាញគណិតវិទ្យាដែលផ្តោតលើវិទ្យាសាស្ត្រទិន្នន័យ។

 

ក្រៅពីនេះ សាកលវិទ្យាល័យក៏កំពុងបណ្តុះបណ្តាលធនធានមនុស្សក្នុងកម្រិតក្រោយបរិញ្ញាបត្រ ពោលគឺទាំងបរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត និងកម្រិតបណ្ឌិតផងដែរ ដូចជា ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងប្រព័ន្ធព័ត៌មាន វិទ្យាសាស្ត្រកុំព្យូទ័រ ភាពជាអ្នកដឹកនាំផ្នែកអប់រំ សេដ្ឋកិច្ច ជាដើម។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia