នេះគឺជាតម្រុយថ្មី១ សម្រាប់ប្រជាជនកម្ពុជា ខណៈថ្មីៗនេះមានក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលបានប្រតិបត្តិការលើទ្វីបចំនួនប្រាំមួយ បានបង្ហាញចំណាប់អារម្មណ៍ចង់មកវិនិយោគនៅវិស័យអាកាសចរណ៍នៅប្រទេសកម្ពុជា។
ជាក់ស្តែង កាលពីព្រឹកមិញនេះលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សានិងពិនិត្យលទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Agility គ្រុប គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានប្រតិបត្តិការលើទ្វីបចំនួនប្រាំមួយ ដោយផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវគោក សេវាកម្មដឹកជញ្ជូនប្រេងឥន្ធនៈ និងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ ក្រុមហ៊ុននេះក៏មានសួនឧស្សាហកម្មធុនស្រាលកម្រិត “A” នៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូងផងដែរ៕