នរណាខ្លះកំពុងប្រើ? មនុស្សជាច្រើន កំពុងសម្រុកនាំគ្នាលុប ChatGPT ព្រោះមូលហេតុធំ ២ នេះ
Kan DaraMARCH 4 202616.9 K views

យោងតាមទិន្នន័យពី Sensor Tower បានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នក Uninstall ឬលុប ChatGPT មានការកើនឡើងយ៉ាងគំហុក ដែលជាចលនាធ្វើ ពហិការបែបឌីជីថល ទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក។ ខាងក្រោមគឺជាមូលហេតុធំៗ ២ ដែលធ្វើឲ្យមនុស្សជាច្រើន នាំគ្នាសម្រុកលុកកម្មវិឌីនេះចេញ យោងតាមការចុះផ្សាយរបស់ The Guardian នាថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៦

 

១/. ពាក់ព័ន្ធនឹងវិស័យយោធា៖ ចំណុចក្ដៅបំផុត គឺក្រុមហ៊ុន OpenAI ស្ថិតក្រោមការដឹកនាំរបស់លោក Sam Altman បានសម្រេចចិត្តសហការជាមួយ ក្រសួងការពារជាតិអាមេរិក។ នេះគឺជាការដើរចេញពីគោលការណ៍គ្រឹះដំបូងរបស់ក្រុមហ៊ុន ដែលធ្លាប់តែសន្យាថានឹងបង្កើត AI ដើម្បីជាប្រយោជន៍ និងសុវត្ថិភាពសម្រាប់មនុស្សជាតិទាំងអស់ ដោយជៀសវាងការប្រើប្រាស់ក្នុងគោលដៅបង្កគ្រោះថ្នាក់ ឬសឹកសង្គ្រាម។

 

២/. ការកែប្រែគោលការណ៍សីលធម៌ដោយស្ងាត់ៗ៖ ប្រភពខាងលើបានបង្ហាញថា ក្រុមហ៊ុន OpenAI បានលុបចោលឃ្លាដែលហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនក្នុង "កិច្ចការយោធា និងការសម្លាប់រង្គាល" ចេញពីគោលការណ៍ប្រើប្រាស់ ខណៈកាលពីមុនពួកគេបានកំណត់គោលការណ៍យ៉ាងច្បាស់លាស់ថា "មិនប្រើ AI ក្នុងវិស័យយោធា ឬអាវុធ"។ ការធ្វើបែបនេះបាននាំឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ពួកគេកំពុងជួយបង្ហាត់ AI ដែលថ្ងៃក្រោយអាចនឹងត្រូវយកទៅប្រើក្នុងសមរភូមិបាញ់សម្លាប់មនុស្សទៅវិញ។

 

យ៉ាងណាមិញ នេះគឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្ម AI ឬបញ្ញាសិប្បនិម្មិត។ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ផ្តើមផ្តល់អាទិភាពលើ កិច្ចសន្យារដ្ឋាភិបាល និងផលចំណេញផ្នែកយោធា លើសពីសីលធម៌ និងការការពារអ្នកប្រើប្រាស់ នោះទំនុកចិត្តដែលធ្លាប់មាននឹងរលាយបាត់ទៅវិញភ្លាមៗ។ ហើយការនាំគ្នាលុប ChatGPT នៅពេលនេះ មិនមែនដោយសារវាធ្លាក់កម្រិតនៃភាពឆ្លាតវៃនោះទេ ប៉ុន្តែដោយសារអ្នកប្រើប្រាស់មិនចង់ក្លាយជាផ្នែកមួយនៃ ឧបករណ៍សង្រ្គាម ដែលដើរដោយបញ្ញាសិប្បនិម្មិត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia