មកដល់សម័យកាលនេះបញ្ហាដើមទុនសម្រាប់ការរកស៊ីនៅតែក្លាយជាបញ្ហាចម្បងធំមួយសម្រាប់អ្នកដែលមានបំណងចង់ចេញរកស៊ីជានិច្ច ប៉ុន្តែបងប្អូនត្រូវដឹងថា គ្រប់មុខរបរទាំងអស់មិនមែនសុទ្ធតែត្រូវការដើមទុនច្រើនទើបអាចធ្វើបាននោះទេ ពោលគឺមានមុខរបរមួយចំនួនយើងក៏អាចធ្វើបានដោយគ្រាន់តែចំណាយទុនខ្ទង់ ៥០០ដុល្លារក៏អាចធ្វើបានបាត់ទៅហើយ មិនតែប៉ុណ្ណោះថែមទាំងអាចទាះចំណូលគ្រាក់ៗចូលកុងធនាគារាល់ថ្ងៃថែមទៀតផង។ មុខរបរទាំង៤ នោះមានដូចជា៖
១.របរក្នុងវិស័យម្ហូបអាហារ៖ បច្ចុប្បន្នវិស័យម្ហូបអាហារកំពុងតែមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដែលមានអាហារប្លែកៗថ្មីជាច្រើន ហេតុនេះសម្រាប់អ្នកមានទុន ៥០០ទៅ ១ពាន់ដុល្លារ អាចពិចារណាបាន។ សម្រាប់របរក្នុងវិស័យម្ហូបអាហារនេះ អាចចាប់ផ្តើមពីរបរដើមទុនតិចដូចជារបរលក់មីឆា លតឆា លក់អាហារតាមរទេះតូចៗជាដើម បើអ្នកមានទុនតិចអ្នកគួរពិចារណាចាប់ផ្តើមរបរដែលមានទុនតិចជាមុនសិន ចាំរបរអ្នកមានលំនឹងចាំពង្រីកតាមក្រោយក៏បានដែរ។
២. ចិញ្ចឹមត្រីលម្អ៖ អាចនិយាយបានថា របរចិញ្ចឹមត្រីជារបរមួយដែលល្អសម្រាប់អ្នកមានដើមទុនតិច គ្រាន់តែថារបរមួយនេះមើលទៅសាមញ្ញប៉ុន្តែក៏ត្រូវទាមទារឱ្យអ្នកចិញ្ចឹមយល់ដឹងអំពីបច្ចេកទេសក្នុងការចិញ្ចឹមមើលថែទាំ និងការរៀបចំឱ្យទាក់ទាញផងដែរ។ ហើយបងប្អូនក៏អាចស្វែងរកឯកសារមួយចំនួននៅលើយូធូបបាន ព្រោះសម័យជឿនលឿនបែបនេះ មិនពិបាកឡើយនៅក្នុងការស្វែងរកជំនួយទាក់ពីរបៀបចិញ្ចឺមនិងថែទាំ។
៣. ដើមឈើដេគ័រក្នុងបន្ទប់៖ របរនេះក៏មិនអន់ប៉ុន្មានឡើយ ព្រោះអ្នកទិញភាគច្រើនសុទ្ធសឹងតែជាភ្ញៀវធំៗឬអ្នកមាន ព្រោះអ្នកមានលុយចូលចិត្តទិញដើមឈើដេគ័រដាក់តាំងលំអរនៅក្នុងផ្ទះគេណាស់។ ហើយក្នុងចំណោមដើមឈើទាំងអស់ មានដើមខ្លះអាចលក់បានខ្ទង់រាប់រយដល់រាប់ពាន់ដុល្លារឯណោះតែយ៉ាងណា របរនេះក៏តម្រូវឱ្យអ្នកធ្វើយល់ដឹងពីដើមឈើនីមួយៗថាគួរថែទាំរបៀបណា រៀបចំបែបណាផងដែរ។
៤.ប្រទាលតូចៗ (តាំងលម្អលើតុ)៖ ស្រដៀងគ្នាជាមួយនឹង ដើមឈើដេគ័រដែរ ការចាប់យករបរបណ្តុះកូនប្រទាលនេះមានភាពពេញនិយមណាស់មិនថាតែអ្នកធ្វើការទូទៅឬម្ចាស់អាជីវកម្មទូទៅទេ ពួកគាត់ចូលចិត្តទិញប្រភេទកូនប្រទាលតូចៗនេះដាក់នៅក្នុងហាង តុធ្វើការ ឬនៅក្នុងផ្ទះជាដើម ដោយហេតុថាកូនប្រទាលមានការតំណាងឱ្យសេចក្តីសុខ ភាពរីករាយជាដើម។ ម្យ៉ាងវិញទៀត បើបងប្អូនកំពុងស្វែងរកមុខរបរមួយដែលចាយទុនតិចហើយមានទីផ្សារទូលាយ ក៏អាចធ្វើការពិចារណាទៅលើរបរមួយនេះបានផងដែរ៕


