នៅអំឡុងបុណ្យចូលឆ្នាំចិននេះឃើញថា តម្លៃមាស បានធ្លាក់ចុះបន្តិចតែនេះមិនបានន័យថាវានឹងធ្លាក់ចុះរហូតនោះទេ។ នេះបើយោងតាមលោក Dominic Schnider ប្រធានផ្នែកទំនិញ និង APAC Forex CIO នៅ UBS Wealth Management បាននិយាយអំពីទំនិញកាលពីថ្ងៃចន្ទថា៖ តម្លៃមាសអាចឡើងដល់ប្រហែល ៦,២០០ ដុល្លារ ក្នុងមួយអោន (ស្មើរនឹង ៧,៤៦៩ ដុល្លារក្នុង ១តំឡឹង ឬ ៧៤៦ដុល្លារក្នុង ១ជី) នៅពាក់កណ្តាលឆ្នាំនេះ។
លោកបញ្ជាក់ថា កត្តាសំខាន់ដែលជំរុញឱ្យតម្លៃមាសឡើងវិញគឺ ការទិញមាសពីធនាគារកណ្ដាលក្នុងប្រទេសនានា ការកើនឡើងនៃបំណុលរដ្ឋាភិបាល អត្រាការប្រាក់ពិតប្រាកដនៅសហរដ្ឋអាមេរិកដែលមានទិសថយចុះ និងហានិភ័យភូមិសាស្ត្រនយោបាយនៅតំបន់ផ្សេងៗនៃពិភពលោក។
វិនិយោគិននៅ UBS ណែនាំថា អ្នកដែលមិនទាន់មានមាសនៅក្នុងបញ្ជីវិនិយោគ គួរតែបន្ថែមមាសមួយចំនួន ដើម្បីជួយបំបែកហានិភ័យ និងការពារការប្រែប្រួលនៃប្រព័ន្ធហិរញ្ញវត្ថុ។ ចំណែកអ្នកដែលមានមាសច្រើនរួចហើយ និងទទួលបានប្រាក់ចំណេញមិនទាន់លក់ គួរពិចារណាពង្រីកការវិនិយោគទៅលើទំនិញផ្សេងទៀតដូចជា ទង់ដែង អាលុយមីញ៉ូម និងផលិតផលកសិកម្ម ដើម្បីមានប្រភពចំណេញចម្រុះ។
គួរបញ្ជាក់ថា UBS Wealth Management គឺជាផ្នែកមួយនៃក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ UBS ដែលមានមូលដ្ឋាននៅប្រទេសស្វីស។ ដែលជាស្ថាប័នឯកទេសក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្តល់សេវាកម្មហិរញ្ញវត្ថុដល់បុគ្គលមានទ្រព្យសម្បត្តិខ្ពស់ ក្រុមគ្រួសារ និងស្ថាប័នធំៗនៅទូទាំងពិភពលោក៕


