នាយកដ្ឋានឧតុនិយមថៃ បានចេញមុខព្រមានថា ព្យុះទីហ្វុងមួយនឹងវាយប្រហារប្រទេសថៃនៅថ្ងៃសុក្រខាងមុខនេះ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការបាក់ដៃផងដែរ ជាពិសេសនោះគឺភាគឦសានអាចនឹងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយកាសែតបាកកប៉ុស្តិ៍។
លោក Thanasit Iam-ananchai ដែលជាអ្នកនាំពាក្យនាយកដ្ឋានឧតុនិយមថៃ បាននិយាយថា "ព្យុះនេះត្រូវបានគេរំពឹងថានឹងចូលមកដល់ភាគឦសាន ភាគពាយ័ព្យរបស់ប្រទេសថៃនៅថ្ងៃសុក្រនេះ ឬឆាប់ៗជាងនេះ"។
លើសពីនេះទៅទៀត ព្យុះនេះកើតឡើងបន្ទាប់ពីព្យុះទីហ្វុង Yagi បានបង្កភាពចលាចលនៅភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា ដែលបានសម្លាប់មនុស្សរហូតដល់ទៅជាង ៥០០នាក់។ ដូច្នេះទើបនាយកដ្ឋានឧតុនិយមថៃ ក៏បានចេញមុខព្រមានអំពីទឹកជំនន់សម្រាប់ខេត្ត៥នៅភាគឦសាន ដែលទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងលឿន។ ដែលខេត្តអាចនឹងមានទឹកជំនន់នោះមានដូចជា៖ ខេត្ត Bueng Kan, Nakhon Phanom, Mukdahan, Amnat Charoen និង Ubon Ratchathani ។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហោះរាយខេត្តក្រចេះក៏បានព្យាករណ៍ថា កម្ពស់ទឹកទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនឹងហក់ឡើង ដល់កម្ពស់ ២០,៩៧ម៉ែត្រ ក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខនេះ។ ស្ថានភាពបែបនេះ អាចបង្កឱ្យកើតមានឡើងនូវជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ គ្រប់ពេលវេលា ពិសេសតំបន់ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងមូលដ្ឋានខេត្តក្រចេះ៕