ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ និងតំបន់ក្បែរៗនោះមានការអភិវឌ្ឍខ្លាំងមែនទែន ដោយមានអគារពាណិជ្ជកម្ម សណ្ឋាគារ ផ្សារទំនើប និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតបានផុសឡើងជាបន្ដបន្ទាប់។ ក្នុងនោះការអភិវឌ្ឍទីក្រុងរណបក៏បានលេចឡើងជាបន្ដបន្ទាប់ ដែលជួយកែប្រែសោភ័ណភាពកាន់តែស្រស់ស្អាតជាងមុនផងដែរ។ ក្នុងនោះដែរគម្រោងទីក្រុងរណបថ្មី ២ ទៀតក៏នឹងលេចរូបរាងឡើងដែលនឹងធ្វើឲ្យមានទំនើបជាងមុន។
១. ទីក្រុងរណបមេគង្គឃី
គម្រោងទីក្រុងរណបមេគង្គឃី ត្រូវបានបើកដំណើរការសាងសង់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) ដែលជាទីក្រុងរណបថ្មី១នៅតំបន់អរិយក្សក្រ។
តាមការបញ្ជាក់ពីក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប គម្រោងទីក្រុងមេគង្គឃី នេះមានទំហំ ២១០ ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ដោយក្នុងនោះផ្ទៃដី ១៤០ ហិកតានៃគម្រោងទាំងមូល ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ និងសណ្ឋាគារស្ដង់ដារអន្ដរជាតិជាដើម។ ដោយឡែកផ្ទៃដីចំនួន ៧០ ហិកតាទៀតក្រុមហ៊ុននឹងអភិវឌ្ឍន៍សេដ្ឋារចនាសម្ព័ន្ធដូជា ផ្លូវ សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយផងដែរ។

២. ទីក្រុងរណប TIA
ទីក្រុងរណប TIA City គឺជាសហគមន៍រស់នៅដ៏ធំនិងទំនើប អភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ក្បែរនឹងអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលទើបនឹងបើកដំណើរការកាលពីដើមខែកញ្ញា ឆ្នាំ២០២៥នេះ។
តាមការបញ្ជាក់ពីក្រុមហ៊ុនក៏បានរៀបចំទំហំដី ៥,០០០ ហិកតា កំណត់ទុកសម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម ភស្តុភារកម្ម និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀត៕



