មិនធម្មតា! បងប្អូន Gen Z ពីរនាក់ចាប់ដៃគ្នាដើរដឹកអីវ៉ាន់តាមផ្ទះ រកលុយបាន ៣ លានដុល្លារក្នុងមួយឆ្នាំ ដោយវិធី ៣នេះ
Pen SodalenSEPTEMBER 10 2026453 views

នៅក្នុងយុគសម័យនេះក្មេងៗភាគច្រើនស្រមៃចង់ក្លាយជា Influencer ឬបង្កើត ឆានែល YouYube ដើម្បីក្លាយជាអ្នកមាន ប៉ុន្តែក្មេងពីរនាក់បានសម្រេចចិត្តដើរលើផ្លូវមួយដែលខុសប្លែកពីអ្នកដទៃ។ ពួកគេមិនបានអង្គុយក្នុងម៉ាស៊ីនត្រជាក់ ឬវាយកុំព្យូទ័រនោះទេ ប៉ុន្តែពួកគេបានពាក់ស្រោមដៃ  ហើយធ្វើការងារដែលមនុស្សភាគច្រើនរត់គេចមិនចង់ធ្វើ   នោះគឺការប្រមូលសំរាម និង អីវ៉ាន់ចាស់ៗ!

 

Kirk និង Jacob ជាបងប្អូនបង្កើតពីរនាក់ដែលមានអាយុត្រឹម ២២ និង ២០ ឆ្នាំតែប៉ុណ្ណោះ   តែពួកគេបានប្រែក្លាយគំនិតអាជីវកម្មដ៏សាមញ្ញមួយកាលនៅរៀនវិទ្យាល័យ ឱ្យទៅជាក្រុមហ៊ុន Junk Teens ដែលអាចរកប្រាក់ចំណូលបានរហូតដល់ $3 លានដុល្លារក្នុងមួយឆ្នាំ។ តើអ្វីជាអាថ៌កំបាំងដែលធ្វើអោយពួកគេអាចរកលុយបានច្រើនបែបនេះ? ខាងក្រោមនេះជាវិធីដែលពួកគេអនុវត្ត :

 

Photo 2026 09 10 15 02 35

 

Photo 2026 09 10 15 02 42

 

 

1.   ការមើលឃើញទីផ្សារ និង ផលលំបាករបស់មនុស្ស

 

មនុស្សគ្រប់គ្នាតែងតែចង់បានផ្ទះស្អាត ប៉ុន្តែគ្មាននរណាម្នាក់ចូលចិត្តរៀបចំ លើករបស់ធ្ងន់ៗ និង បើកឡានយកសំរាមចាស់ៗទៅចោលដោយខ្លួនឯងនោះទេ។ ដូច្នេះបងប្អូនទាំងពីរក៏បានចាប់ផ្តើមពីឡាន Pickup ចាស់មួយគ្រឿងតម្លៃ $4,000 ពួកគេបានរត់ស្វែងរកអតិថិជនដោយខ្លួនឯង និងការធ្វើការងារមិនមានពេលសម្រាក។ នៅពេលដែលម្ចាស់ផ្ទះឃើញក្មេងៗធ្វើការងាររហ័សរហួន   ពេលនោះសេវាកម្មពួកគេក៏បានរីករាលដាលពីមាត់មួយទៅមាត់មួយ។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ពួកគេត្រូវចុះប្រមូលសំរាមជាច្រើនឡានក្នុងមួយថ្ងៃៗ ដោយប្រមូលបានលុយថ្លៃសេវាកម្មបានយ៉ាងសន្ធឹកសន្ធាប់។

 

Photo 2026 09 10 15 39 32

 

 

2.   ក្បួនប្រមូលចំណូលលុយដ៏ឆ្លាត

 

អ្វីដែលធ្វើឱ្យ Junk Teens ខុសប្លែកពីក្រុមហ៊ុនដឹកសំរាមទូទៅនោះ គឺល្បិចអាជីវកម្មដ៏ឆ្លាតវៃរបស់ពួកគេ។ ក្រុមហ៊ុនភាគច្រើនគ្រាន់តែយករបស់ពីផ្ទះអតិថិជន រួចយកទៅចាក់ចោលនៅកន្លែងចាក់សំរាម ប៉ុន្តែ Kirk និង Jacob មិនធ្វើបែបនោះឡើយ។ បន្ទាប់ពីទទួលបានថ្លៃសេវាដឹកចេញពីម្ចាស់ផ្ទះរួចរាល់ហើយ ពួកគេបានយករបស់ទាំងនោះមកបែងចែកនៅឃ្លាំង។ របស់ណាដែលនៅមានគុណភាពល្អ ដូចជា តុ ទូ កៅអី ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលត្រូវគេយកមកជូតសម្អាត ជួសជុលប្រើបាន  ពួកគេយកមកដាក់លក់បន្តនៅលើ Facebook  ឬនៅឃ្លាំងផ្ទាល់ខ្លួនតែម្តង។ វិធីសាស្ត្រនេះបានអនុញ្ញាតឱ្យពួកគេបង្កើតប្រាក់ចំណូលបានទ្វេដងក្នុងពេលតែមួយ!

 

Photo 2026 09 10 15 03 00

 

Photo 2026 09 10 15 39 37

 

 

3.   ធ្វើការងារសង្គម

 

ពួកគេមិនយកវាទៅចោលដោយឥតប្រយោជន៍ឡើយ។ Junk Teens បានភ្ជាប់ទំនាក់ទំនងជាមួយអង្គការសប្បុរសធម៌ និងគ្រួសារខ្វះខាតក្នុងសហគមន៍របស់ពួកគេ  ដើម្បីនាំយករបស់របរប្រើប្រាស់ទាំងនោះទៅបរិច្ចាគ។ យុទ្ធសាស្ត្រនេះមិនត្រឹមតែជួយឱ្យពួកគេសន្សំសំចៃថវិការាប់ម៉ឺនដុល្លារលើថ្លៃបង់ចាក់សំរាមនៅស្ថានីយនោះទេ ប៉ុន្តែវាក៏បានទាញយកបេះដូងអតិថិជនបានផងដែរ។ អតិថិជនជាច្រើនសុខចិត្តជ្រើសរើស Junk Teens ព្រោះពួកគេដឹងថា របស់ចាស់ៗរបស់ពួកគេនឹងមិនត្រូវគេយកទៅបំផ្លាញចោលឡើយ ប៉ុន្តែវាត្រូវបានយកទៅបង្កើតស្នាមញញឹមដល់អ្នកខ្វះខាតពិតប្រាកដ។

 

ភាពជោគជ័យរបស់ Junk Teens គឺជាមេរៀនជីវិតដ៏មានតម្លៃមួយសម្រាប់សហគ្រិនវ័យក្មេងជំនាន់ក្រោយ។ មេរៀននេះបានរំលឹកយើងថា ភាពជោគជ័យពិតប្រាកដមិនទាមទារឱ្យយើងបង្កើតអ្វីដែលអស្ចារ្យខុសគេរហូតនោះទេ   ​ប៉ុន្តែវាទាមទារឱ្យយើងមើលឃើញតម្លៃនៅក្នុងអ្វីដែលអ្នកដទៃបានមើលរំលង ហើយហ៊ានលះបង់កម្លាំងកាយចិត្តដើម្បីធ្វើវាឱ្យល្អបំផុត។

 

Photo 2026 09 10 15 42 03

 

ប្រភពពី : CNBC Make It

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia