វីដេអូ១អ្នកមើលរាប់លាន! អ្នកជំនាញ YouTube និង Facebook ពីររូប បង្ហើបប្រភេទវីដេអូគួរធ្វើបើចង់ទាញអ្នកមើលច្រើន
ធី ស្រីល័ក្ខDECEMBER 20 2022935 views

លោក ឃត់ សុខា គឺជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញមួយរូបនៅលើ YouTube ដែលមាន Channel ឈ្មោះថា “Survival Builder”​​​ ហើយតាមរយៈវីដេអូជារបស់លោកបានធ្វើឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជា ធ្វើឱ្យបរទេសបានដឹងពីទេពកោសល្យក៏ដូចជាភាពប៉ិនប្រសប់របស់ Content Creator ខ្មែរកាន់តែច្រើន។ក្នុងនោះដែរ វីដេអូដែលលោកបានធ្វើមានអ្នកមើលរាប់លាននាក់ឯណោះ ក៏មានវីដេអូមួយដែលទាញអ្នកមើលដល់ទៅជាង ៣០០លាននាក់នៅជុំវិញពិភពលោកថែមទៀតផង។

ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់នេះផងដែរ ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia ម្ចាស់ Channel ១០លាន Subscriber រូបនេះបានឱ្យដឹងថា ចំពោះការបង្កើតមាតិកានៅលើ YouTube ប្រសិនបើចង់ឱ្យវីដេអូមានអ្នកមើលច្រើន ត្រូវបង្កើតវីដេអូដែលមានលក្ខណៈ World Wide ជាប្រភេទវីដេអូដែលមានវិសាលភាពទូលំទូលាយ អាចមើលបានជុំវិញពិភពលោក ព្រោះការបង្កើតវីដេអូប្រភេទនេះក្រៅពីមានអ្នកមើលច្រើនហើយ ម្ចាស់វីដេអូក៏អាចរកចំណូលបានច្រើនផងដែរ។

លោកបានបញ្ជាក់ទៀតថា តែទន្ទឹមនឹងការអាចបង្កើតវីដេអូដែលល្អបាន អ្នកដែលជា Content Creator ក៏ត្រូវតែមានជំនាញត្រឹមត្រូវច្បាស់លាស់ទៅលើការ កាត់ត ការកាន់កាំមេរ៉ា រៀបចំប្លង់ ការលេងចំណងជើង និងបច្ចេកទេសផ្សេងៗទៀតឱ្យច្បាស់ផងដែរ ដើម្បីធ្វើឱ្យវីដេអូដែលចេញទៅមានគុណភាព សាកសមនិងឱ្យគេមើលជុំវិញពិភពលោក។

ក្រៅពីអ្នកបង្កើតមាតិកានៅលើ YouTube ល្បីឈ្មោះមួយរូបនេះ ក៏មានអ្នកបង្កើតមាតិកានៅលើ Facebook មួយរូបទៀតផងដែរ បានចូលខ្លួនបង្ហើបពីតិចនិកក៏ដូចរបៀបនៃការរើស Content មកធ្វើឱ្យបានត្រឹមត្រូវ ហើយមានអ្នកមើលច្រើនដែរ នោះគឺ កញ្ញា ឆម ស្រីផាច ជាអ្នកធ្វើវីដេអូបែបស្រុកស្រែ ដែលបច្ចុប្បន្នកញ្ញកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយតាមរយៈការធ្វើដេអូរបស់កញ្ញាបានធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាយើងជាច្រើនបានកោតសរសើរចំពោះភាពប៉ិនប្រសប់របស់កញ្ញា ទាំងកាយវិការ និងពាក្យសម្តី។

ស្របពេលដែលកញ្ញាកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងនេះផងដែរ ក្នុងនាមជាមនុស្សរបស់មហាជន ដែលត្រូវបានគេស្គាល់ដោយការបង្កើតមាតិកានៅលើបណ្តាញសង្គម Facebook កញ្ញា ស្រីផាច ក៏បានបង្ហើបប្រាប់ពីក្បួនខ្លះៗសម្រាប់ការធ្វើវីដេអូជំនាន់ក្រោយផងដែរថា "សម្រាប់បងប្អូនដែលចង់ក្លាយខ្លួនទៅជាអ្នកផលិតវីដេអូ គួរតែខិតខំប្រឹងប្រែងផលិតវីដេអូល្អៗមានគុណភាព ប្រកបដោយភាពច្នៃប្រឌិត ហើយប្រភេទវីដេអូដែលធ្វើទៅទាញអ្នកមើលបានច្រើននោះគឺប្រភេទវីដេអូធ្វើម្ហូប វីដេអូប្រភេទនេះនៅលើបណ្តាញសង្គមគឺគេចូលចិត្តមើលណាស់”៕

អត្ថបទដោយ៖សម្បត្តិ​ សុខឡាង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia