ស្ពានចំនួន ២ នឹងត្រូវសាងសង់ចេញពីភ្នំពេញតភ្ជាប់ទៅទីតាំងសំខាន់ៗទាំងនេះ
Bunthoeun KoemFEBRUARY 6 20261.9 K views

នៅពេលឆាប់ៗខាងមុខនេះ គម្រោងស្ពានឆ្លងកាត់ទន្លេចំនួន ២ នឹងត្រូវសាងសង់ឡើងដើម្បីតភ្ជាប់ពីភូមិសាស្ដ្ររាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ទីតាំងសំខាន់ៗមួយចំនួននៅក្នុងខេត្ដកណ្ដាល។ ដោយការសាងសង់ស្ពានទាំងពីនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងជាពិសេសចូលរួមអភិវឌ្ឍន៍ដល់តំបន់ទាំងនោះ។ 

 

១. ស្ពានតភ្ជាប់កោះនរាទៅទីក្រុងរណបមេគង្គឃី

 

បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីកោះនរា ស្ថិតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea - Mekong Quay) នៃក្រុងអរិយក្សត្រ នៃភូមិសាស្ដ្រខេត្តកណ្តាល ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ដល់តំបន់ខាងកើតដងទន្លេមេគង្គ។

 

623773466 1210885327889126 1888673120711111940 N

 

ក្នុងនោះដែរកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានខាងលើ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធ។ យ៉ាងណាក្រសួងសាធារណការ និងដឹកជញ្ជូន នៅពុំទាន់បានបញ្ជាក់ពីពេលវេលាដែលនឹងត្រូវបើការដ្ឋានសាងសង់ និងប្រវែងស្ពានសរុបនៅឡើយនោះទេ។

 

២. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ

 

ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ គឺជាស្ពានដ៏សំខាន់ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ។ បច្ចុប្បន្នគម្រោងស្ពាននេះត្រូវបានសិក្សារួចរាល់ហើយ ដោយការសាងសង់នឹងចាប់ផ្ដើមចេញពីមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ភូមិសាស្ដ្រខេត្ដកណ្ដាល ពោលគឺមានស្ពានចំនួន ២ ខ្សែ។

 

511c1fb5 B889 4312 Aec4 9b67d7cb0573

 

តាមការ​បញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ ២០៣០។

 

សូមជម្រាបថា ការសាងសង់នេះគឺមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ នៅពេលសាងសង់រួចស្ពានខាងលើនឹងជួយសម្រួលឱ្យការធ្វើដំណើរ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។ ខណៈថវិកាចំណាយលើកការសាងសង់មានជិត ២៥០ លានដុល្លារ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia