នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈពេលនេះមានក្រុមហ៊ុនធំៗចំនួន២ គឺក្រុមហ៊ុនហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts បានសហការជាមួយក្រុមហ៊ុន OCIC បើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា TUI Suneo Olympia Phnom Penh ដើម្បីឆ្លើយតបទៅហ្នឹងកំណើនភ្ញៀវទេសចររបស់ក្រុមហ៊ុនពីទ្វីបអឺរ៉ុប និងជុំវិញពិភពលោកផងដែរ។
ជាក់ស្តែង កាលពីថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងការបើកសម្ពោធជាផ្លូវការនៃសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលជាការបើកដំណើរការម៉ាក TUI Suneo ជាលើកដំបូងនៅកម្ពុជា បន្ទាប់ពីជោគជ័យលើគម្រោងរបស់ខ្លួននៅខេត្តព្រះសីហនុ និងសៀមរាប។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់លើការសម្រេចបណ្តាក់ទុនដ៏ច្រើនរបស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយនៅក្នុងពិភពលោកនៅកម្ពុជា និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ TUI Hotels & Resorts ចំពោះការបើកសម្ពោធសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលជាសណ្ឋាគារដ៏ធំទី៣ របស់ក្រុមហ៊ុន TUI Hotels & Resorts នៅកម្ពុជា បន្ទាប់ពីការបើកដំណើរការ TUI Blue Sihanoukville នៅខេត្តព្រះសីហនុ និង TUI Blue Angkor Grace នៅខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាការពង្រីកវត្តមានរបស់ក្រុមហ៊ុនទេសចរណ៍ TUI Blue នៅកម្ពុជា ពិតជារួមចំណែកដ៏សកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសកក្នុងវិស័យសេវាកម្មស្នាក់នៅ (សណ្ឋាគារ) ក៏ដូចផ្តល់នូវការងារផ្ទាល់នៅហ្នឹងកន្លែងដល់ប្រជាជនកម្ពុជារាប់ពាន់នាក់នៅទីតាំងទាំង៣របស់ក្រុមហ៊ុន។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាការសម្រេចចិត្តបើកសណ្ឋាគារថ្មីនេះ គឺការសម្រេចចិត្តដ៏ត្រឹមត្រូវ និងចំឱកាសមាស ដោយហេតុថាប្រទេសកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំងលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ហើយក្រសួងទេសចរណ៍ ត្រូវបានចាត់តាំងរៀបចំកម្មវិធីអម «ភូមិហ្រ្វង់កូហ្វនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅសួនច្បារវត្តបទុម ដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗ ជាង៩០ប្រទេសពីគ្រប់ទ្វីបនៃពិភពលោក និងថ្នាក់ដឹកនាំវិស័យឯកជនរាប់ពាន់ក្រុមហ៊ុនផងដែរ។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន TUI Hotels & Resorts, OCIC និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកពង្រឹងភាពជាដៃគូឯកជន និងរដ្ឋជាជវភាពនៃតួអង្គតែមួយ ពង្រីកឱកាសធុរកិច្ច និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបានបង្ហាញការជឿទុកចិត្តយ៉ាងមុតមំាលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំងថាកម្ពុជា ជាគោលដៅទេសចរណ៍សុខសុវត្ថិភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងគួរឱ្យទាក់ទាញផងដែរ៕


