ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ «TUI Hotels & Resorts» ពង្រីកវត្តមាននៅកម្ពុជា តាមរយៈភាពជាដៃគូជាមួយ «Dara Hotels»
Bunthoeun KoemMAY 11 2026

ភ្នំពេញ កម្ពុជា  ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ – ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ «TUI Hotels & Resorts» ដែលជាផ្នែកមួយនៃក្រុមហ៊ុន «TUI Group» បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក «Dara Hotels Group» ដែរជាផ្នែកមួយនៃក្រុមហ៊ុន អូស៊ីអាយស៊ី  (OCIC) សម្រាប់សណ្ឋាគារដែរមានទីតាំងនៅ អូឡាំព្យា «TUI SUNEO Olympia Phnom Penh» ឲ្យក្លាយទៅជាសណ្ឋាគារដែលមានម៉ាកយីហោ «TUI SUNEO» ដំបូងគេរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងពិធីចុះហត្ថលេខាមួយនៅទីក្រុងហុងកុង ដោយធ្វើឲ្យសណ្ឋាគារនេះចូលក្នុងបណ្តាញអន្តរជាតិរបស់ «TUI» ដែលបង្កើនភាពទាក់ទាញរបស់រាជធានីភ្នំពេញសម្រាប់ភ្ញៀវអន្តរជាតិ និងអឺរ៉ុប ទាំងការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។

 

Photo 2026 05 11 11 40 26

 

ភាពជាដៃគូនេះនាំយកនូវបដិសណ្ឋារកិច្ច និងតម្លៃរបស់ «TUI SUNEO» មកកាន់រាជធានីភ្នំពេញ ដោយផ្តល់ជូននូវស្តង់ដារអន្តរជាតិនៃសេវាកម្ម និងផាសុកភាព ដោយប្រើប្រាស់បទពិសោធន៍អន្តរជាតិរបស់ក្រុមហ៊ុន «TUI Group» ជាមួយបទពិសោធន៍ របស់ក្រុមហ៊ុន «Dara Hotels Group» ក្នុងវិស័យបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា។

 

លោក Artur Gerber នាយកប្រតិបត្តិនៃ TUI Hotels & Resorts បានមានប្រសាសន៍៖ «រាជធានីភ្នំពេញគឺជាគោលដៅទីក្រុងដ៏ទាក់ទាញកាន់តែខ្លាំងឡើង ដោយរួមបញ្ចូលគ្នានូវបេតិកភណ្ឌវប្បធម៌ ភាពទាក់ទាញតាមមាត់ទន្លេ និងរបៀបរស់នៅទីក្រុងដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។​ ការចុះហត្ថលេខាលើ TUI SUNEO Olympia Phnom Penh ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់យើងក្នុងការពង្រីកម៉ាកយីហោ TUI SUNEO នៅក្នុងទីតាំងកម្សាន្តដ៏រស់រវើកក្នុងទីក្រុងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក»

 

Photo 2026 05 11 11 40 35

 

«ភាពជាដៃគូរបស់យើងជាមួយ TUI Hotels & Resorts គឺជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Dara Hotels Group។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយម៉ាកល្បីៗលំដាប់អន្តរជាតិ ដើម្បីនាំមកនូវបទពិសោធន៍បដិសណ្ឋារកិច្ចដែលមានគុណភាពកាន់តែច្រើនមកកាន់ទីក្រុងភ្នំពេញ ដោយបង្កើតផាសុកភាព និងជម្រើសកាន់តែច្រើនសម្រាប់ទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។» ការលើកឡើងរបស់ ឧកញ៉ា វេជ្ជបណ្ឌិត Pung Carolyne អនុប្រធានប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន OCIC និង Dara Hotels Group

 

សណ្ឋាគារនេះគ្រោងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២៦ ដែលជាការបើកដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ និងជាសណ្ឋាគារទីបួនក្រោមម៉ាកយីហោ «TUI SUNEO» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

 

Photo 2026 05 11 11 40 45

 

សណ្ឋាគារដែលត្រូវបានចុះហត្ថលេខានេះនឹងមានបន្ទប់ចំនួន ១៦៨ ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការទាំងអ្នកធ្វើដំណើរកម្សាន្ត និងអ្នកធ្វើដំណើរអាជីវកម្មនៅកណ្តាលទីក្រុងភ្នំពេញ។ ភាពជាដៃគូនេះបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងនៃរាជធានីរបស់ប្រទេសកម្ពុជាចំពោះប្រតិបត្តិករសណ្ឋាគារអន្តរជាតិ និងម៉ាកយីហោទេសចរណ៍។​

 

កិច្ចសហការនេះក៏ជាភាពជាដៃគូសណ្ឋាគារអន្តរជាតិលើកទីពីររបស់ «Dara Hotels Group» ផងដែរ ដែលជាជំហានសំខាន់មួយក្នុងការពង្រីកកិច្ចសហការជាមួយម៉ាកល្បីៗលំដាប់ពិភពលោក និងនាំមកនូវសេវាបដិសណ្ឋារកិច្ចតាមស្តង់ដារអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia