ក្ដៅៗ! រដ្ឋបាលលោក ត្រាំ បើកការស៊ើបអង្កេតពន្ធគយលើប្រទេសចំនួន១៦ ខណៈប្រទេសនៅអាស៊ី ៤នេះអាចប្រឈមនឹងពន្ធគយថ្មី
Pov SaruMARCH 12 202613.3 K views

យោងតាមសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី១២ ខែមីនា នេះបានផ្សាយថារដ្ឋបាលលោក ដូណាល់ ត្រាំ ចាប់ផ្ដើមបើកការស៊ើបអង្កេតពន្ធគយឡើងវិញទៅលើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ១៦ ស្ដីពី «ការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌» ដើម្បីស្ដាសម្ពាធពន្ធគយឡើងវិញ បន្ទាប់ពីត្រូវបានតុលាការកំពូលចាត់ទុកការយកពន្ធគយដ៏ច្រើនលើសលុបរបស់លោក ត្រាំ ជាការខុសច្បាប់។ 

 

ការស៊ើបអង្កេតនេះកំពុងត្រូវបានធ្វើឡើងក្រោម «មាត្រា ៣០១» នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលផ្តល់អំណាចដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធគយ ឬវិធានការសងសឹកផ្សេងទៀតប្រឆាំងនឹងដៃគូពាណិជ្ជកម្មដែលត្រូវបានកំណត់ថាប្រើប្រាស់ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា ការស៊ើបអង្កេតនេះអាចនាំឱ្យមានការយកពន្ធថ្មីទៅលើប្រទេសចំនួន ៤ នៅអាស៊ីដែលមានដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងក្រៅពីនេះមានប្រទេស ម៉ិកស៊ិក និង សហភាពអឺរ៉ុប នៅរដូវក្តៅនេះ។

 

ដៃគូពាណិជ្ជកម្មផ្សេងទៀតដែលស្ថិតក្រោមការស៊ើបអង្កេតនេះរួមមាន តៃវ៉ាន់ វៀតណាម ថៃ ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ស្វីស និងន័រវែស។ ប្រទេសកាណាដា ដែល ជាដៃគូពាណិជ្ជកម្ម ធំទីពីរ របស់សហរដ្ឋអាមេរិក មិនត្រូវបានលើកឡើងថាជាគោលដៅនៃការស៊ើបអង្កេតនោះទេ។ 

 

លោក Greer បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ការស៊ើបអង្កេតនេះគឺដើម្បីស្វែងរកភស្តុតាងជុំវិញការអនុវត្តពាណិជ្ជកម្មដែល «មិនយុត្តិធម៌» និងដើម្បីត្រៀមដាក់ពន្ធគយឡើងវិញ។ ដោយ អាមរិក បានសង្ស័យថា ប្រទេសទាំងនោះមានការផលិតទំនិញច្រើនលើសលប់ខុសធម្មតា ឬមានអតិរេកពាណិជ្ជកម្ម (លក់ចេញទៅអាមេរិកច្រើនពេក) ដែលធ្វើឱ្យប៉ះពាល់ដល់តុល្យភាពសេដ្ឋកិច្ច ពោលគឺ ការស៊ើបអង្កេតនេះនឹងផ្ដោតខ្លាំងលើវិស័យផលិតកម្មណាដែលមានការផលិតលើសតម្រូវការជាក់ស្តែង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia