មិនញញើតនឹងអំណាចតុលាការ! លោក ដូណាល់ ត្រាំ ធ្វើសកម្មភាពបែបនេះភ្លាមៗ បន្ទាប់ពីតុលាការលុបចោលការយកពន្ធគយរបស់លោក
Pov SaruFEBRUARY 22 2026186 views

កាលពីថ្ងៃទី ២០ ខែកុម្ភៈ តុលាការកំពូលអាមេរិក បានចេញសាលក្រមសម្រេចក្នុងសំឡេង ៦ ទល់នឹង៣ ដើម្បីលុបចោលការយកពន្ធគយរបស់លោក ត្រាំ និងចាត់ទុកថាជារឿងខុសច្បាប់។ ភ្លាមៗលោកប្រធានាធិបតីរូបនេះបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង និងបានហៅចៅក្រមទាំងនោះថា “ជាមនុស្សគ្មានសមត្ថភាព និងថា ពួកគេមិនបានគិតពីផលប្រយោជន៍ប្រទេសជាតិ”។

 

នេះបើតាមសារព័ត៌មាន Reuters លោក ត្រាំ បានថ្លែងថា៖ លោកមានអារម្មណ៍ខ្មាសអៀនចំពោះសមាជិកខ្លះនៃតុលាការ ដែលមិនមានភាពក្លាហានធ្វើអ្វីដែលលោកគិតថាត្រឹមត្រូវសម្រាប់ប្រទេស។ លោកក៏បានរិះគន់ចៅក្រមពីរនាក់ ដែលលោកធ្លាប់តែងតាំងដោយខ្លួនឯង ប៉ុន្តែបែរជាមកបោះឆ្នោតប្រឆាំងនឹងគោលនយោបាយរបស់លោកទៅវិញ។ 

 

ទោះជាយ៉ាងណា លោក ត្រាំ មិនបាននិយាយថា នឹងមិនគោរពសេចក្តីសម្រេចរបស់តុលាការទេ។ ប៉ុន្តែទង្វើររបស់លោកបែរជាបានប្រកាសពីការយកពន្ធគយ ១០ភាគរយជាសកលថ្មីមួយលើបណ្ដាប្រទេសទាំងអស់ នៅជុំវិញពិភពលោក ដែលត្រូវចូលជាធរមានភ្លាមៗ។ ដោយច្បាប់អាមេរិកបានអនុញ្ញាតឱ្យរូបលោកដំឡើងពន្ធគយក្នុងអត្រា ១៥ភាគរយ សម្រាប់រយៈពេល១៥០ថ្ងៃ ហើយបន្ទាប់ពីនោះ គឺលោកត្រូវស្នើសុំការអនុញ្ញាតពីសភា ខណៈការតតាំងតាមផ្លូវច្បាប់ក៏ត្រូវបានអនុញ្ញាតផងដែរ។

 

ជុំវិញរឿងនេះ អ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា អាកប្បកិរិយារបស់លោក ត្រាំ បង្ហាញពីការមិនគោរពអំណាចតុលាការ និងមិនគោរពគោលការណ៍បែងចែកអំណាចរវាងរដ្ឋាភិបាល និងតុលាការ។ ពួកគេព្រមានថា នេះអាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវច្បាប់ និងលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ហើយបានធ្វើឱ្យសង្គមអាមេរិកព្រួយបារម្ភអំពីការមិនគោរពច្បាប់ និងរដ្ឋធម្មនុញ្ញនៅពេលអនាគត៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia