កាលពីថ្ងៃទី ២៤ ខែ មករា កន្លងទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមនឹងដាក់ពន្ធ ១០០% លើទំនិញទាំងអស់របស់ប្រទេស កាណាដា ដែលនាំចូលទៅ អាមេរិក ប្រសិនបើ កាណាដា ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។
នេះបើតាមការបង្ហោះរបស់លោក ត្រាំ នៅលើ Truth Social បានសរសេរថា៖ «ប្រសិនបើ កាណាដា ធ្វើកិច្ចព្រមព្រៀងជាមួយចិន ប្រទេសនេះនឹងត្រូវវាយបកវិញភ្លាមៗជាមួយនឹងពន្ធ ១០០% លើទំនិញ និងផលិតផល កាណាដា ទាំងអស់ដែលចូលទៅសហរដ្ឋអាមេរិក»។ លោកក៏បានលើកឡើងដែរថា ប្រទេសចិនអាចនឹងព្យាយាមប្រើ កាណាដា ជាផ្លូវឆ្លង ដើម្បីជៀសវាងពន្ធគយរបស់ សហរដ្ឋអាមេរិក។ លោក ត្រាំ បញ្ជាក់ថា៖ «ប្រសិនបើលោក Mark Carney គិតថាគាត់អាចធ្វើឱ្យ កាណាដា ក្លាយជាចំណុច ‘ទម្លាក់ទំនិញ’ សម្រាប់ចិន ដើម្បីបញ្ជូនទំនិញបន្តចូលទៅអាមេរិក នោះគាត់គិតខុសយ៉ាងខ្លាំង»។
កាលពីដើមខែ មករា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសថា កាណាដា និងចិនបានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីដកចេញឧបសគ្គពាណិជ្ជកម្ម និងបន្ថយពន្ធគយ។ ក្រោមកិច្ចព្រមព្រៀងបណ្តោះអាសន្ននេះ ចិនបានកាត់បន្ថយពន្ធលើផលិតផលកសិកម្មមួយចំនួនរបស់កាណាដា ខណៈដែលអូតាវ៉ាបានបង្កើនកូតានាំចូលយានយន្តអគ្គិសនីពីចិន ដោយអនុវត្តអត្រាពន្ធចំនួន ៦.១%។
យ៉ាងណាក៏ដោយ លោក Matthew Holmes អនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកនយោបាយសាធារណៈនៃសភាពាណិជ្ជកម្មកាណាដា បានថ្លែងក្នុងសេចក្តីប្រកាសថា៖ «រដ្ឋាភិបាល កាណាដា បានបង្ហាញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងជាមួយចិននេះ គឺផ្តោតតែលើអតិថិជន និងអាជីវកម្មក្នុងប្រទេស កាណាដា និងចិន មិនមែនជាគម្រោងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារផ្សេងនោះទេ»។ ហើយលោកក៏បានបញ្ជាក់ដែរថា ការដែល កាណាដា បង្កើតឱ្យមានរចនាសម្ព័ន្ធ និងស្ថិរភាពជាមួយប្រទេសចិន ឬក៏ប្រទេសណាមួយផ្សេងទៀត នោះមិនមែនជាការបង្កើតឡើងដើម្បីជំនួសទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយ អាមេរិក នោះទេ។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ ២០២៥ លោក ត្រាំ បានដាក់ពន្ធលើទំនិញ កាណាដា ឡើងដល់ ៣៥%។ ហើយការគំរាមដាក់ពន្ធថ្មីនេះ កើតឡើងត្រឹមមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានដកការអញ្ជើញប្រទេស កាណាដា ក្នុងការចូលរួមជាមួយ “ក្រុមប្រឹក្សាសន្តិភាព” របស់គាត់ បន្ទាប់ពីសុន្ទរកថារបស់លោក Carney នៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅ Davos ដោយបានថ្លែងថ្កោលទោសយ៉ាងបើកចំហ ចំពោះប្រទេសមហាអំណាច ដែលប្រើប្រាស់សមាហរណកម្មសេដ្ឋកិច្ចជាអាវុធ និងពន្ធគយជាឥទ្ធិពល៕


