គិតត្រឹមថ្ងៃនេះជាថ្ងៃទី៥ហើយដែលអ៊ីស្រាអែលនិងអ៊ីរ៉ង់ប្រយុទ្ធគ្នាដោយមានអាមេរិកចូលរួមជាមួយអ៊ីស្រាអែលធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់។ ថ្វីត្បិតតែកំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ីរ៉ងពិតមែនតែលោក Donald Trump បានរកឃើញផ្លូវបង្កើតចំណូលថ្មីមួយគឺការផ្ដល់សេវាធានារ៉ាប់រងដល់នាវាដឹកប្រេងនៅតំបន់មជ្ឈិមបូព៌ា។
បើយោងតាមការចុះផ្សាយរបស់ BBC លោកDonald Trump បានឲ្យដឹងថារដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនឹងផ្ដល់សេវាធានារ៉ាប់រងហានិភ័យដល់ក្រុមហ៊ុនដឹកជញ្ជូនជាពិសេសនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រដែលមានឈ្មោះថា” The Strait of Hormuz” ជាមួយនឹងសេវាបង់ថ្លៃធានារ៉ាប់រងដែលមានតម្លៃសមរម្យបំផុត។
លោក Donald Trump បានប្រកាសពីការផ្ដល់សេវាធានារ៉ាប់រងដល់ក្រុមហ៊ុនដឹកជញ្ជូនក៏ដូចជានាវាដឹកប្រេង បន្ទាប់ពីប្រទេសអ៊ីរ៉ង់ប្រកាសថាអាចនឹងបិទច្រក Hormuz ដែលជាច្រកដ៏សំខាន់សម្រាប់ប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ានាំចេញប្រេងទៅកាន់ពិភពលោក ហើយអ៊ីរ៉ង់ព្រមានវាយប្រហារលើនាវាណាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នេះ។
អំឡុងពេលសង្រ្គាមរយៈពេល៥ថ្ងៃរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នេះ នាវាដឹកប្រេងនិងក្រុមហ៊ុនដឹកជញ្ជូនព្យាយាមធ្វើដំណើរចៀសពីច្រកHormuz ហើយក៏ធ្វើដំណើរទាំងប្រថុយប្រថានិងមានភាពភ័យខ្លាចខណៈច្រកនេះគឺនៅជាប់ប្រទេសអ៊ីរ៉ង់តែម្ដង។
ដូច្នេះហើយទើបលោក Donald Trump ប្រកាសផ្ដល់សេវាធានារ៉ាប់រងហានិភ័យដល់ក្រុមហ៊ុនដឹងជញ្ជូននិងនាវាដឹកប្រេងដើម្បីឲ្យនាវានិងក្រុមហ៊ុនទាំងនោះអាចអ្វើដំណើរដឹកប្រេងឆ្លងកាត់ច្រក Hormuz ដោយសេរីដើម្បីយកប្រេងទៅផ្គត់ផ្គង់ទីផ្សារសកល។ ត្រង់នេះដែរលោក Trump អះអាងថាសហរដ្ឋអាមេរិកនឹងប្រើប្រាស់នាវាចម្បាំងដើម្បីការពារនាវាទាំងឡាយណាធ្វើដំណើរឆ្លងកាត់ច្រក Hormuzនេះ៕


