ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលធ្វើឱ្យការបញ្ឈប់បុគ្គលិកក្នុងជួររាជការរដ្ឋាភិបាលដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតចំនួន ៨,០០០ នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Straits Time។
ប្រភពខាងលើបានឱ្យដឹងបន្តទៀតថា បទបញ្ជានេះត្រូវបានចេញផ្សាយដោយសេតវិមាន និងការិយាល័យគ្រប់គ្រងបុគ្គលិកបានដកហូតការការពារការងារពីក្រុមមន្ត្រីសហព័ន្ធជាន់ខ្ពស់ភាគច្រើន ដែលរកចំណូលបានរហូតដល់ជិត ២០០,០០០ ដុល្លារក្នុងមួយឆ្នាំ ហើយដែលត្រូវបានចាត់ទុកថាជាអ្នកមានឥទ្ធិពលលើគោលនយោបាយរដ្ឋាភិបាល។

លោក Scott Kupor ដែលជានាយកការិយាល័យគ្រប់គ្រងបុគ្គលិក ដែលគ្រប់គ្រងលើគោលនយោបាយធនធានមនុស្សរបស់រដ្ឋាភិបាល បានមានប្រសាសន៍ថា រដ្ឋបាលត្រូវការជួលមនុស្សដែលមានឆន្ទៈនិងសមត្ថភាពក្នុងការអនុវត្តតាមបទបញ្ជា ដើម្បីសម្រេចបាននូវអាទិភាពគោលនយោបាយរបស់រដ្ឋបាលហើយការបញ្ឈប់នេះគឺដើម្បីកាត់បន្ថយការចំណាយ និងចំនួនបុគ្គលិករដ្ឋាភិបាល។

គួរជម្រាបថា កាលពីកន្លងទៅប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ធ្លាប់បានបញ្ឈប់បុគ្គលិករដ្ឋាភិបាលរាប់សែននាក់ផងដែរ ខណៈសហជីពកម្មករសហព័ន្ធ និងសម្ព័ន្ធមិត្តរបស់ពួកគេបានដាក់ពាក្យបណ្តឹងកាលពីខែមករា ដើម្បីបញ្ឈប់គោលនយោបាយនេះ មុនពេលវាត្រូវបានបង្កើតឡើងពេញលេញប៉ុន្តែចៅក្រមសហព័ន្ធបានផ្អាកការប្តឹងផ្តល់ជាបណ្តោះអាសន្ន៕


