ចង់សល់ទ្រព្យលឿនកុំរំលង! ស្ត្រីវ័យ ៣៤ឆ្នាំម្នាក់អាចសល់លុយជិត ១លានដុល្លារ ដោយប្រើក្បួនសន្សំដ៏សាមញ្ញ ៥ នេះ
Pov SaruFEBRUARY 6 20261.3 K views

ធ្វើការរាល់ថ្ងៃគោលដៅមានតែមួយ គឺចង់ឃើញអនាគតខ្លួនឯងជោគជ័យមានជីវិតរស់នៅសុខសប្បាយ មានលុយចាយមិនចេះខ្វះ។ តែគោលដៅនេះទំនងជាមិនងាយសម្រេចទេប្រសិនបើអ្នកអង្គុយតែស្រមៃហើយមិនធ្វើអ្វីសោះ។ ចង់ឱ្យជីវិតឆាប់ធូរធារ សល់ទ្រព្យច្រើនពឹងតែលើសមត្ថភាពធ្វើការមួយមុខមិនគ្រប់គ្រាន់ទេ លុះត្រាតែអ្នកមានជំនាញខាងសន្សំទុកដាក់ដែរ។ ខាងក្រោមនេះជាក្បួនប្រើលុយចំនួន ៥ ដែលនារីម្នាក់បានអនុវត្ត និងអាចសន្សំទ្រព្យបានជិត ១ លានដុល្លារក្នុងវ័យត្រឹម ៣៤ឆ្នាំ៖ 
 

១. សន្សំ និងវិនិយោគក្នុងពេលតែមួយ៖ នារីខាងលើបានប្រាប់ទៅកាន់ CNBC ថាកាលពីនាងមានវ័យខ្ទង់ ២០ ដល់ ៣០ ឆ្នាំនាងបានផ្លាស់ប្ដូរការងារជាច្រើន តែនាងឆ្លាតក្នុងការបង្កើតយុទ្ធសាស្ត្រគ្រប់គ្រង់លុយដែលអាចជួយបង្កើនចំណូលបន្ថែម។ រហូតដល់នាងបានការងារជាក់លាក់មួយនាងចាប់ផ្ដើមចេះប្រើប្រាស់លុយ នាងមិនត្រឹមតែចេះទុកដាក់ តែក៏ចេះប្រើលុយឱ្យធ្វើការឱ្យនាងដែរ។  ដោយនៅរាល់ពេលបើកប្រាក់ខែ នាងបានដកប្រាក់ខែប្រមាណជា ១០% ដើម្បីទៅវិនិយោគក្នុងផែនការចូលនិវត្តន៍ ហើយ ១០% ទៀតដាក់ចូលក្នុងគណនីសន្សំដែលមានការប្រាក់ខ្ពស់។ វិធីនេះជួយបង្កើតទ្រព្យទាំងរយៈពេលខ្លី និងវែងក្នុងពេលតែមួយ។

 


២. កុំខ្លាចក្នុងការផ្លាស់ប្ដូរការងារ៖ បន្ថែមពីលើទម្លាប់សន្សំ និងវិនិយោគ ២០% នៃប្រាក់ចំណូល នាងបានផ្តោតលើការបង្កើនប្រាក់ខែ ដើម្បីអាចសន្សំ និងវិនិយោគបានកាន់តែច្រើន។ នាងណែនាំថា ចង់ឱ្យខ្លួនឯងរីកចម្រើនលឿនកុំខ្លាចនឹងស្វែងរកឱកាសថ្មីៗ ដើម្បីបង្កើនប្រាក់ខែ និងជំនាញ។ ប្រសិនបើអ្នកមានសមត្ថភាព ហើយការងារបច្ចុប្បន្នមិនអាចឱ្យអ្នករីកចម្រើនបាន អ្នកគួរផ្លាស់ប្ដូរវាអាចជាជំហានមួយល្អសម្រាប់អនាគត។ (យ៉ាងណាក៏ដោយ វាមិនមែនជាជម្រើសល្អសម្រាប់មនុស្សគ្រប់គ្នាទេ តែបើអ្នកមានចំណេះជំនាញច្បាស់គួរតែគិតគូរ)។ 

 

៣. ជៀសវាងការចំណាយបន្ថែមតាមរបៀបរស់នៅ៖ នេះមានន័យថា បើអ្នកពីមុនរស់នៅបែបសាមញ្ញគួរកុំផ្លាស់ប្ដូរវា មិនថាបច្ចុប្បន្នអ្នកបានឡើងតំណែងតួនាទី មានប្រាក់ខែខ្ពស់ជាងមុនក៏ដោយ។ សម្រាប់ស្ត្រីខាងលើនាងបានកំណត់ការចំណាយលើការជួលផ្ទះមិនលើសពី ៣០% នៃចំណូលប្រចាំខែទេ។ នេះមានន័យថាបើអ្នកធ្លាប់នៅរួមបន្ទប់ជាមួយមិត្តភក្កិ ឬបងប្អូនបានសុខហើយគួរតែបន្តវាព្រោះវានឹងជួយឱ្យអ្នកកាត់បន្ថយការចំណាយបានច្រើន។  

 

៤. ស្ថាបនាទំនាក់ទំនងនៅក្នុងអាជីពការងារ៖ តាមវិធីសាស្ត្ររបស់ស្ត្រីខាងលើ នាងជាមនុស្សមិនសូវចូលចិត្តសង្គម ឬមនុស្សអ៊ូអរច្រើនទេ តែនាងជាមនុស្សដែលពូកែខាងរក្សាទំនាក់ទំនង។ នេះមានន័យថា មិនថាអ្នកផ្លាស់ប្ដូរការងារច្រើនកន្លែងក៏ដោយ ត្រូវតែរក្សាទំនាក់ទំនងជាមួយមិត្តរួមការងារចាស់ៗកុំឱ្យដាច់ ម្ដងម្កាលគួរចំណាយខ្លះដើម្បីញុំាអាហារជុំគ្នាដើម្បីបង្កើនសម្ព័ន្ធភាពឱ្យកាន់តែជិតស្និត។ ធ្វើបែបនេះអាចបើកទ្វារឱ្យអ្នកសម្រាប់ឱកាសថ្មីៗច្រើនទាំងការងារ ឬព័ត៌មានវិនិយោគផ្សេងៗដែលអ្នកអាចបានមកពីអ្នកទាំងនោះ។ 


៥ មានវិន័យហិរញ្ញវត្ថុ និងដាក់គោលដៅច្បាស់លាស់៖ ចំណុចសំខាន់បំផុត គឺការមានវិន័យ។ នាងកំណត់គោលដៅហិរញ្ញវត្ថុច្បាស់ដូចជា ចំនួនលុយត្រូវសន្សំក្នុងមួយខែ ឬក្នុងមួយឆ្នាំ ហើយអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន។ ការធ្វើផែនការ តាមដានចំណូល-ចំណាយ និងមិនបោះបង់គោលដៅ ជួយឱ្យនាងសម្រេចបានលទ្ធផលធំត្រឹមវ័យ ២៤ឆ្នាំនាងអាចសល់លុយ ៤៥,០០០ ដុល្លារ និងបានកំណត់គោលថានឹងធ្វើឱ្យខ្លួនឯងសល់លុយ ១លានដុល្លារមុនឈានចូលវ័យ ៤០ឆ្នាំ។ 


សម្រាប់អ្នកកំពុងអានក៏អាចសាកល្បងបានដូចគ្នា ដើម្បីក្លាយជាអ្នកមានទ្រព្យច្រើនម្នាក់មិនមែនភ្លាមៗអាចសម្រេចបានទេ តែបើអ្នកចាប់ផ្ដើមពីជំហានតូចៗទាំងនេះ​ អនាគតហិរញ្ញវត្ថុរបស់អ្នកអាចនឹងមានស្ថិរភាព ហើយក្ដីស្រមៃនោះក៏ងាយនឹងសម្រេចបានដែរ៕  

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia