នៅក្នុងសន្និសីទស្ដីពីគម្រោង "លំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន - បង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង" (Build4People Project) កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ឯកឧត្តម សេង វណ្ណៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានរំលេចយ៉ាងច្បាស់អំពីតួនាទីដ៏សំខាន់របស់ក្រុមហ៊ុន TPMG ក្នុងនាមជាដៃគូអភិវឌ្ឍន៍វិស័យឯកជនឈានមុខគេ។
ក្រុមហ៊ុន TPMG ត្រូវបានទទួលស្គាល់ថាជាកម្លាំងចលករដែលបានសហការយ៉ាងស្អិតរមួតក្នុងដំណាក់កាលអនុវត្ត ដើម្បីប្រែក្លាយចក្ខុវិស័យទីក្រុងបៃតងឱ្យលេចចេញជារូបរាងជាក់ស្ដែង។ ការចូលរួមរបស់ TPMG ផ្ដោតសំខាន់លើសសរស្តម្ភគន្លឹះចំនួន ៣៖

១. ការជំរុញលំនៅដ្ឋានបៃតង និងចីរភាព៖ ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអភិវឌ្ឍន៍ និងផ្តល់សេវាកម្មបច្ចេកទេស TPMG ដើរតួជាអ្នកអនុវត្តផ្ទាល់នូវគម្រោង "Build4People"។ ក្រុមហ៊ុនមិនត្រឹមតែផ្ដោតលើការសាងសង់សំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែបានដាក់បញ្ចូលនូវបច្ចេកវិទ្យាសន្សំសំចៃថាមពល និងការរៀបចំលំនៅដ្ឋានដែលកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹង យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
២. ការគាំទ្រមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃ៖ TPMG គឺជាដៃគូបច្ចេកទេសដ៏សកម្មក្នុងការផ្ដល់នូវធាតុផ្សំសំខាន់ៗ ដើម្បីជំរុញការគ្រប់គ្រងទីក្រុងតាមប្រព័ន្ធឌីជីថល។ តាមរយៈកិច្ចសហការជាមួយដៃគូអន្តរជាតិមកពីប្រទេសអាល្លឺម៉ង់ TPMG បានចូលរួមរៀបចំ ឧបករណ៍វាយតម្លៃឌីជីថល ដែលជាយន្តការគន្លឹះក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងឆ្លាតវៃពិតប្រាកដ។
៣. ការអនុវត្តឧបករណ៍ផ្លាស់ប្តូរទីក្រុង៖ ភាពលេចធ្លោរបស់ TPMG គឺការយកសៀវភៅយុទ្ធសាស្ត្រ "Transformation Toolbox" មកអនុវត្តក្នុងគម្រោងជាក់ស្ដែង។ ការណ៍នេះមិនត្រឹមតែជួយឱ្យក្រុមហ៊ុនមានឧត្តមភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវការបង្កើតបុរី និងលំនៅដ្ឋានដែលមាន បរិស្ថានបៃតង សមធម៌ និងគុណភាពជីវិត ដែលជាកន្លែងផ្តល់ការរស់នៅដ៏មានផាសុកភាពសម្រាប់ប្រជាជនគ្រប់កម្រិត។

ក្នុងឱកាសនោះ លោក ឃុន សេងផេង នាយកប្រតិបត្តិនៃក្រុមហ៊ុន TP Moral Group បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាអ្នកអភិវឌ្ឍន៍ ការទទួលខុសត្រូវរបស់យើង គឺលើសពីការបញ្ចប់គម្រោងឱ្យបានជោគជ័យ។ យើងជឿជាក់យ៉ាងមុតមាំថា «ទីក្រុង គឺសាងសង់ឡើងសម្រាប់ប្រជាជន»។ កិច្ចសហការដូចជាគម្រោង Build4People នាពេលនេះ បានជួយពង្រឹងទស្សនវិស័យនេះ និងរំលឹកយើងអំពីសារៈសំខាន់នៃកិច្ចសហការរវាង គ្រឹះស្ថានសិក្សា ស្ថាប័នសាធារណៈ និងវិស័យឯកជន»។
លោកបានបន្តទៀតថា៖ «តាមរយៈភាពជាដៃគូជាមួយ Build4People យើងកាន់តែប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ជ្រាបនូវ ចីរភាព ការរស់នៅប្រកបដោយផាសុកភាព ការទទួលខុសត្រូវលើបរិស្ថាន និងការបង្កើតលំហសាធារណៈដែលមានគុណភាព ទៅក្នុងគម្រោងអភិវឌ្ឍន៍របស់យើង។ គោលការណ៍ទាំងនេះ គឺចាំបាច់បំផុតក្នុងការរៀបចំបរិស្ថានទីក្រុង ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាជនទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។
គួរជម្រាបផងដែរថា បច្ចុប្បន្នរាជធានីភ្នំពេញមានអគារខ្ពស់ៗជាង ២ពាន់អគារ ដែលបម្រើឱ្យការរស់នៅ និងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម។ លើសពីនេះទៅទៀត សំណង់លំនៅឋានតាមបែបសហគម និងបុរី បានរីកដុះដាលជាហូរហែ ដើម្បីបម្រើតម្រូវការនូវកំណើនប្រជាជន។ ក្នុងនោះបច្ចុប្បន្នភ្នំពេញក៏មានការអភិវឌ្ឍលំនៅឋានប្រមាណជាង ៣០០កន្លែង និងបានបន្តការអភិវឌ្ឍឥតឈប់ឈរ រួមទាំងបានក្លាយជាទីក្រុងដែលមានភាពទាក់ទាញ ពោរពេញដោយភាពសុខដុមរមនា ក្នុងប្រកបរបរការងារ និងការរស់នៅ៕



