នាយកសាលា ឈឹងស៊ីន៖ ហ៊ានឈប់ធ្វើការចេញរកស៊ី ព្រោះតែសម្តីចាក់ដោតមិត្តរួមការងារ១ឃ្លានេះ
Kan DaraMARCH 6 20231.7 K views

«ច្នៃការឈឺចាប់ធ្វើជាគ្រូ យកការតស៊ូធ្វើជាអាវុធ ឆ្កឹះបទពិសោធន៍ជូរចត់ដុតចំហេះក្តីស្រមៃ» គ្មានភាពជោគជ័យធំធេងណាកើតឡើងដោយចៃដន្យទេ។ ជាក់ស្តែង លោក ទួត កាលីន បានវិវត្តន៍ខ្លួនពីបុគ្គលិកធម្មតា ក្លាយជានាយកសាលាធំមួយលើទឹកដីរាជធានីភ្នំពេញត្រឹមវ័យ២៦ឆ្នាំ ព្រោះតែសម្តីមិត្តរួមការងារមួយឃ្លាប៉ុណ្ណោះ។

Img 0343

យុវជន ទួត កាលីន ដែលបច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកសាលា ឈឹងស៊ីន 诚信学校 មានស្រុកកំណើតក្នុងខេត្តកណ្តាល។ ដំណើរជីវិតរបស់លោកហាក់ពុំខុសប្លែកពីយុវជនកម្ពុជាភាគច្រើននោះទេ ដោយត្រូវប្រឹងធ្វើការបណ្តើររៀនបណ្តើរដើម្បីផ្គត់ផ្គង់ការរស់នៅ រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រចិន នៅវិទ្យាស្ថាន IFL។ លុះក្រោយបញ្ចប់ការសិក្សា លោកក៏បានចូលខ្លួនធ្វើការក្នុងក្រុមហ៊ុនមួយចំនួនក្នុងនាមជាជំនួយការអ្នកគ្រប់គ្រង អ្នកបកប្រែឯកសារ បកប្រែផ្ទាល់មាត់ កុងត្រាផ្សេងៗ និងធ្វើជារដ្ឋបាលជាដើម ដោយផ្តោតលើប្រាក់ខែសម្រាប់តែមួយរស់ៗប៉ុណ្ណោះ។

ក្នុងដំណើរលើដងផ្លូវនៃអាជីពការងារ នាថ្ងៃមួយលោកក៏បានជួបមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ជាងខ្លួន។ បើទោះបីអ្នកទាំងពីរមានតួនាទីប្រហាក់ប្រហែលគ្នាក្តី តែបុរសម្នាក់នោះគាត់មានវ័យច្រើនជាងបន្តិច ហើយក៏អាចចាត់ទុកថាជារៀមច្បងម្នាក់ក្នុងវិស័យការងារផងដែរ។ នាគ្រាមួយ បុរសម្នាក់នោះបានសួរសំណួរចាក់ដោតមួយទៅកាន់យុវជន ទួត កាលីន ហើយវាក៏ធ្វើឲ្យជីវិតរបស់លោកផ្លាស់ប្តូរ ១៨០ដឺក្រេផងដែរ។ បុរសម្នាក់នោះបានចោទសួរយ៉ាងដូច្នេះថា៖ «កាលីន! តើអនាគតចង់បានប្រាក់ខែប៉ុន្មាន ឬចំណូលប៉ុន្មាន?»។ ចម្លើយតប៖ «ខ្ញុំអត់ដែលគិតទេ!» (លួចគិតក្នុងចិត្ត ប្រាក់ខែ១៥០០$ ឬ២០០០$ គឺអាចរស់បានហើយ ប៉ុន្តែអត់ហ៊ាននិយាយ ព្រោះតិចពេកខ្លាចខ្មាសគេ សុខចិត្តអត់ប្រាប់)។ លោក កាលីន ក៏បានសួរសំណួរនេះត្រឡប់ទៅវិញ បុរសម្នាក់នោះតបថា៖ «បងចង់បានចំណូលរាប់ម៉ឺនដុល្លារ ហើយបើកអាជីវកម្មខ្លួនឯង។ ធ្លាប់ធ្វើការនៅរោងចក្រ បងចង់បើករោងចក្រ ហើយអាចយកសាច់ក្រណាត់ដែលគេមិនត្រូវការទៅលក់ក៏បានលុយច្រើនដែរ អាចទូទាត់ថ្លៃជួររោងចក្រ ថ្លៃទឹកភ្លើងបាន»

គ្រាន់តែឮចំណូលរាប់ម៉ឺនដុល្លារ លោកក៏មានអារម្មណ៍ភ្លាម ហេតុអ្វីចំណេះដឹងប្រហាក់ប្រហែលគ្នា ប៉ុន្តែគាត់មានមហិច្ឆតារាប់ម៉ឺនដុល្លារ ហេតុអី្វលោកមានមហិច្ឆតាត្រឹម១០០០ដុល្លារ។ លោកបានលើកឡើងថា៖ «ដំបូងពុំបានគិតដល់រឿងក្តីស្រមៃទេគឺយើងគិតរឿងលុយ ត្បិតវាជាបញ្ហាជាក់ស្តែងសម្រាប់មនុស្សទូទៅ។ ប៉ុន្តែបើយើងគិតឲ្យដល់ លុយជារបស់បន្ទាប់ទេ តែដោយយើងមិនទាន់យល់ អីចឹងដំបូងយើងគិតអាហ្នឹងមុនគេហើយ»

Img 6246

ក្រោយមកទៀតលោកបានអូសហ្វេសបុកឃើញគ្រូល្បីជនជាតិចិនម្នាក់ គាត់មានផ្នត់គំនិតល្អៗមែនទែនដែលបង្រៀនពីក្តីស្រមៃ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ចំណាប់អារម្មណ៍ផ្អោបនឹងសំណួរងំក្នុងចិត្ត លោកក៏បានសិក្សាពីគ្រូថ្មីតាមបណ្តាញសង្គមអស់រយៈពេល ៣-៤ខែ ដោយចំណាយពេលជាង ១ម៉ោងរាល់ថ្ងៃដើម្បីស្តាប់គាត់ និងពង្រឹងភាសាចិនបន្ថែម ក្រោយចេញពីធ្វើការនាម៉ោង៦ល្ងាច។ ក្នុងចំណោមចំណេះដឹងជាច្រើនដែល យុវជន កាលីន បានរៀននាគ្រានោះ គឺពាក់ព័ន្ធជាមួយក្តីស្រមៃ និងបានស្គាល់ច្បាស់ពីអត្តសញ្ញានៃគោលបំណងជាក់លាក់បំផុតក្នុងជីវិតរបស់ខ្លួនគឺចង់ក្លាយជានាយកសាលាម្នាក់ ត្បិតលោកបានសិក្សាភាសាចិនអស់រយៈពេលជាង១០ឆ្នាំ និងមានបទពិសោធន៍បង្រៀនជិត៧ឆ្នាំមកហើយ វាបានបង្កើតអកម៉ូនរីករាយសម្រាប់លោក។

មើលឃើញអនាគតច្បាស់ លោកក៏ឆ្លៀតបើកសាលាបង្រៀនភាសាចិនតាមអនឡាញដំបូងឈ្មោះ ឈឹងស៊ីន 诚信学校 នាដើមខែមិនា ឆ្នាំ២០២១ ជាមួយដើមទុន៧០០ដុល្លារ ទាំងមិនចេះអ្វីទាំងអស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងឆ្លៀតធ្វើការបណ្តើរ។ បន្ទាប់មកយុវជនចិត្តសឿងរូបនេះ ក៏បានសម្រេចចិត្តឈប់ពីការងារដើម្បីផ្តោតលើសាលាសុទ្ធ ទោះក្នុងគ្រាពិភពលោកមិនទាន់ធូរស្បើយពីវិបត្តិកូវីដ-១៩ក្តី។ រហូតមកទល់នឹងពេលនេះ សាលាអនឡានបានប្រែក្លាយខ្លួនជាអគារខ្ពស់ស្ថិតក្នុងខណ្ឌច្បារអំពៅ ដោយមានសិស្សកំពុងសិក្សាផ្ទាល់រាប់រយនាក់។

១១១

ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia នាយកសាលា ឈឹងស៊ីន 诚信学校 លោក ទួត កាលីន បានលើកឡើងយ៉ាងដូច្នេះថា៖ «ដំបូងបំផុត អ្នកត្រូវមានក្តីស្រមៃ ហើយចាប់វាឲ្យបាន។ ពេលមានក្តីស្រមៃ គួរបង្កើតអាជីវកម្មមួយជារបស់ខ្លួនឯង ពីព្រោះប្រទេសមួយខ្លាំងវាផ្តោតលើសេដ្ឋកិច្ចខ្លាំង សេដ្ឋកិច្ចខ្លាំងផ្តោតលើសហគ្រាសខ្លាំង ទាល់តែប្រទេសសម្បូរសហគ្រិន សម្បូរអ្នករកស៊ី សម្បូរអ្នកធ្វើអាជីវកម្ម»។ លោកបានបន្តទៀតថា៖ «តាមពិតទៅកត្តាជោគជ័យរបស់មនុស្សម្នាក់ ឬសហគ្រាសមួយវាផ្តោតទៅលើ៣យ៉ាងធំៗ ទីមួយការស្រលាញ់ ទីពីរអ្វីដែលយើងចេះយើងពូកែ និងទីបីបរិបទសង្គមមួយហ្នឹងត្រូវការរបស់មួយហ្នឹងឬអត់»

ោោោផ

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia