កាលពីឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានគម្រោងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានបំបែកកំណត់ត្រាឆ្នាំចាស់២០២៤ ពោលគឺទទួលបានសរុបជាង ៦០០ គម្រោង និងមានទុនសរុបប្រមាណ ១០ ពាន់លានដុល្លារឯណោះ។ អ្វីដែលចាប់អារម្មណ៍ក្នុងចំណោមគម្រោងវិនិយោគខាងលើ ឃើញថារាជធានី/ខេត្ដចំនួន ៤ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ។ ដោយក្នុងនោះរួមមាន៖
១. ខេត្ដកំពង់ស្ពឺ៖ ទទួលបានគម្រោងវិនិយោគសរុបចំនួន ១៤២ គម្រោង
២. ខេត្ដស្វាយរៀង៖ ទទួលបានគម្រោងវិនិយោគសរុបចំនួន ១៣៩ គម្រោង
៣. រាជធានីភ្នំពេញ៖ ទទួលបានគម្រោងវិនិយោគសរុបចំនួន ៧៦ គម្រោង
៤. ខេត្ដតាកែវ៖ ទទួលបានគម្រោងវិនិយោគសរុបចំនួន ៦៤ គម្រោង
យោងតាមរបាយការណ៍ CDC បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦៣០ មានទុនវិនិយោគសរុបប្រមាណ ១០ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងឯណោះ។ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៣ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ សមិទ្ធផលនេះ ការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ CDC បានបង្កើតកំណត់ថ្មីនៃការចុះបញ្ជីគម្រោងវិនិយោគម្ដងរួចមកហើយ៕



