យោងតាមការសិក្សារបស់ World Population Review សម្រាប់ឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២បានឱ្យដឹងថាប្រទេសចំនួន៣នេះនៅតំបន់អាស៊ីគឺមានប្រជាជនមានទម្លាប់អានសៀវភៅច្រើនបំផុត ដោយក្នុងនោះមានរាប់បញ្ចូលទាំងការអានតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ៖
+ចំណាត់ថ្នាក់លេខ៣: ប្រទេសចិន មានទម្លាប់អាន៨ម៉ោង/ ១សប្តាហ៍
ប្រទេសចិនស្ថិតនៅលំដាប់ថ្នាក់លេខ៣ដែលប្រជាជនមានទម្លាប់អានរយៈពេលជាមធ្យម៨ម៉ោងក្នុងមួយសប្តាហ៍។ ទិន្ន័យដែលបានសិក្សានៅក្នុងឆ្នាំ ២០០៩ ត្រូវបានគេរកឃើញថាមនុស្សជាង៧០% មានទម្លាប់អាននៅក្នុងប្រទេសចិន។ដោយនៅក្នុងការសិក្សាស្រាវជ្រាវនៅឆ្នាំ២០១០ បានឱ្យដឹងថាប្រជាជន៦៩% នៃប្រទេសនេះដែលមានអាយុចន្លោះពី១៩-២៩ឆ្នាំ ជឿថាការអានមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ជីវិតនិងការរស់នៅរបស់ពួកគេ។
+ចំណាត់ថ្នាក់លេខ២: ប្រទេសថៃ មានទម្លាប់អាន៩ម៉ោង ២៤នាទី/ ១សប្តាហ៍
ប្រទេសថៃស្ថិតនៅលំដាប់ទី២ ដែលប្រជាជនមានទម្លាប់អានជាមធ្យម៩ម៉ោងនិង២៤នាទីក្នុងមួយសប្តាហ៍។ តាមប្រភពទិន្ន័យពី Statista បានឱ្យដឹងថាទម្លាប់នៃការអាននៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងការចូលរួមចំណែកពីពិព័ណ៌សៀវភៅថ្នាក់ជាតិ ព្រឹត្តិការណ៍អក្សរសាស្ត្រ ស្នាដៃបកប្រែ និងអត្ថបទតាមអនឡាញជាច្រើនប្រភេទ។
+ ចំណាត់ថ្នាក់លេខ១: ប្រទេសឥណ្ឌា មានទម្លាប់អាន១០ម៉ោង ៤២នាទី/ ១សប្តាហ៍
ជាមួយនឹងពលរដ្ឋដែលមានទម្លាប់អាន១០ម៉ោង និង ៤២នាទីក្នុងមួយសប្តាហ៍ជាមធ្យម ប្រទេសឥណ្ឌាស្ថិតនៅលើលំដាប់ទី១នៅរបស់ Statista ដែលមានប្រជាជនអានច្រើនបំផុតមួយនៅអាស៊ី។
ការអាននៅក្នុងប្រទេសនេះត្រូវបានគេគិតថាមកពីការកើនឡើងនៃទូរទស្សន៍ ទូរស័ព្ទដៃ និងអ៊ីនធឺណិត ដោយ មនុស្សចង់កម្សាន្តដោយប្រើសម្ភារៈដែលងាយស្រួលមានតម្លៃថោក ខណៈការអានសៀវភៅរឿងបែបប្រឌិតដែលមិនមែនជាអក្សរសិល្ប៍ហាក់មានប្រជាប្រិយភាពក្នុងប្រទេសនេះ។
ឥណ្ឌាមានមហោស្រពសៀវភៅជាទៀងទាត់ រួមទាំងមហោស្រពអក្សរសិល្ប៍ប្រចាំឆ្នាំ ដែលជាកម្មវិធីដ៏ធំបំផុតរបស់ពិភពលោក ហើយសាលារៀននានាតែងប្រារព្ធកម្មវិធី សៀវភៅសប្តាហ៍ដើម្បីរំលឹកដល់ការអានចំពោះកុមារនិងយុវជនផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង