ចេះច្បាស់ ចំណូលខ្ពស់! ជំនាញទន់កំពូលៗ៥ ទីផ្សារការងារកំពុងត្រូវការខ្លាំងបំផុតក្នុងឆ្នាំ២០២៣
Kan DaraDECEMBER 2 2022690 views

ពិភពលោកចេះតែមានការវិវត្តន៍ពីមួយសម័យកាលទៅមួយសម័យកាលដែលបង្កឲ្យមានបំប្រែបំប្រួលជាបន្តបន្ទាប់នៃសង្វាក់ការងារ និងរបត់នៃការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ហើយក្នុងនោះជំនាញមួយចំនួនក៏បានរំលេចខ្លួនឡើងដែលជាតម្រូវការខ្លាំងបំផុតនៅក្នុងសតវត្សទី២១នេះ និងបន្តនៅថ្ងៃអនាគតថែមទៀតផង។​ ដូច្នេះប្រសិនបើចង់ឲ្យជីវិតល្អប្រសើរអ្នកត្រូវរត់ឲ្យទាន់ និងអភិវឌ្ឍខ្លួនឲ្យសមស្របនឹងភាពបត់បែនមួយនេះ។

ពាក់ព័ន្ធនឹងរឿងនេះ Business Cambodia សូមលើកបង្ហាញពីជំនាញទន់សំខាន់ៗទាំង ៥ ដែលទីផ្សារការងារកំពុងមានសន្ទុះត្រូវការខ្លាំងបំផុត៖

/. ជំនាញក្នុងការដោះស្រាយបញ្ហា

ប្រព័ន្ធអប់រំជាច្រើនមិនបានបង្រៀនជំនាញទាំងនេះទេ ខណៈពេលដែលពួកគេបានជ្រើសរើសផ្តោតលើការរៀនសូត្រទៅលើមុខវិជ្ជាឯកទេស ឬជំនាញវិជ្ជាជីវតែប៉ុណ្ណោះ។ មនុស្សវ័យជំទង់ និងពេញវ័យត្រូវការការអនុវត្តន៍ច្រើនដើម្បីទទួលបាននូវបទពិសោធន៍ជាក់ស្តែង និងចំណេះដឹងទូលំទូលាយក្នុងការដោះស្រាយបញ្ហា។ ជាមួយគ្នាដែរ ជំនាញត្រិះរិះពិចារណាឬដោះស្រាយបញ្ហា គឺជាកត្តាចាំបាច់បំផុតដែលអ្នកត្រូវមានហើយវាគឺជាជំនាញមួយក្នុងចំណោមជំនាញធំៗដែលអាចរកទ្រព្យសម្បត្តិបានច្រើនសន្ធឹកសន្ធាប់។ រូបវិទូ Albert Einstein បាននិយាយថា៖ «ប្រសិនបើខ្ញុំមានពេលវេលា១ម៉ោង ដើម្បីដោះស្រាយបញ្ហា ខ្ញុំនឹងចំណាយពេល៥៥នាទី លើការគិតពីឬសគល់នៃបញ្ហា និងប្រើត្រឹម៥នាទីប៉ុណ្ណោះដើម្បីគិតពីដំណោះស្រាយ»

/. ជំនាញច្នៃប្រឌិត

ម៉ាស៊ីនជួយឱ្យការងារដំណើរការបានលឿនប៉ុន្តែវាមិនអាចច្នៃប្រឌិតបាននោះទេ។ វាគឺជាការច្នៃប្រឌិតរបស់មនុស្សដែលបង្កើតម៉ាស៊ីន។ សាជីវកម្ម និងស្ថាប័នគ្រប់ទម្រង់ជួលបុគ្គលិកដែលមានគំនិតច្នៃប្រឌិតនិងការបង្កើតថ្មី។ ពួកគេចង់ឱ្យបុគ្គលិករបស់ខ្លួនអនុវត្តគំនិតថ្មីហើយគិតនៅខាងក្រៅពីរង្វង់នៃភាពធម្មតា។ អ្នកត្រូវមានគំនិតច្នៃប្រឌិតក្នុងការបំលែងទិន្នន័យទៅការបង្កើតថ្មី។ ទុកពេលឱ្យខ្លួនអ្នកគិតហើយសង្កេតរឿងមុនពេលអ្នកអាចកែលម្អវាបាន។ ចិត្តវិទូ Edward Charles បានលើកឡើងយ៉ាងដូច្នេះថា៖ «គ្មានការសង្ស័យទេថា ការច្នៃប្រឌិតគឺជាធនធានដ៏សំខាន់បំផុតក្នុងស្ថិតក្នុងខ្លួនរបស់មនុស្សម្នាក់ៗ។ បើ​គ្មាន​ការ​ច្នៃ​ប្រឌិត​ទេ វា​នឹង​ពុំមាន​ការ​រីក​ចម្រើន​ឡើយ ហើយ​យើង​នឹង​ធ្វើ​ដដែលៗ​ជា​រៀង​រហូត»

/. ជំនាញគ្រប់គ្រងមនុស្ស

ការគ្រប់គ្រងមនុស្សគឺជាជំនាញសំខាន់បំផុតមួយដែលមនុស្សម្នាក់គួរតែរៀនដើម្បីទទួលបានជោគជ័យយូរអង្វែង។ ដូចជាមេដឹកនាំគ្រប់រូបត្រូវការក្រុមការងារដើម្បីសម្រេចគោលដៅរបស់ខ្លួន ឬគោលដៅធំរួម។ វាអាចទៅរួចលុះត្រាតែមេដឹកនាំមានជំនាញគ្រប់គ្រងមនុស្ស។ មិនថាការងារ ឬអាជីពរបស់អ្នកជាអ្វីនោះទេ អ្នកត្រូវការជំនាញនេះជាចាំបាច់ពីព្រោះកិច្ចការធំមិនអាចធ្វើតែម្នាក់ឯងបានឡើយ។ កំពូលអ្នកលើកទឹកចិត្ត និងជាគ្រូបង្វឹកផ្នែកភាពជាអ្នកដឹកនាំ Jim Rohn បានលើកឡើងថា៖ «គោល​បំណង​​នៃ​ការ​ដឹក​នាំ​គឺ ​ជួយ​អ្នកខ្សោយ​ឲ្យ​ធ្វើ​បាន​ល្អ និង​ជួយ​អ្នក​ដែល​ធ្វើ​ល្អ​ឲ្យ​កាន់​តែ​ល្អ»

/. ជំនាញវ័យឆ្លាតក្នុងការគ្រប់គ្រងអារម្មណ៍

ភាពវៃឆ្លាតផ្នែកអារម្មណ៍សំដៅទៅលើសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍និងសមត្ថភាពផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នកដទៃផងដែរ។ ភាពជោគជ័យអាចកើតមានឡើងបានទាមទារអោយមានការគ្រប់គ្រងលើគំនិតផ្ទាល់ខ្លួន។ ការស្ទាត់ជំនាញទៅលើជំនាញនេះមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក។ មុនពេលគ្រប់គ្រងអារម្មណ៍របស់អ្នកដទៃអ្នកត្រូវមានការគ្រប់គ្រងលើអារម្មណ៍របស់ខ្លួនឯងជាមុនសិន។ មានតែពេលនោះទេដែលអ្នកអាចមានឥទ្ធិពលលើអ្នកដទៃ និងជាជំនាញសំខាន់ណាស់ក្នុងការដឹកនាំ។ អ្នកនិពន្ធជនជាតិអាមេរិក Warren G. Bennis បាននិយាយយ៉ាងដូច្នេះថា៖ «ភាពវៃឆ្លាតនៃអារម្មណ៍ មានសារសំខាន់ខ្ពស់ជាងកត្តាផ្សេងៗទៀត ច្រើនជាង IQ ឬជំនាញ ៨៥% ទៅ ៩០% នៃភាពជោគជ័យនៅកន្លែងធ្វើការ...។ អ្នកត្រូវការ IQ ឬជំនាញ  ប៉ុន្តែវាមិនធ្វើឱ្យអ្នកលេចធ្លោខ្លាំងទេ ចំណែកភាពវៃឆ្លាតនៃអារម្មណ៍អាច»

/. ជំនាញចរចា

ឈានដល់កិច្ចព្រមព្រៀងដែលចង់បានដោយគ្មានការឈ្លោះប្រកែកឬជម្លោះគឺជាធាតុសំខាន់នៃជំនាញចរចា។ មនុស្សភាគច្រើនតែងតែបរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀងដែលពួកគេចង់បានពីព្រោះពួកគេខ្វះជំនាញក្នុងការចរចា។ ការស្ទាត់ជំនាញលើជំនាញនេះតម្រូវឱ្យមានភាពច្បាស់លាស់នៃគោលដៅនិងការបង្ហាញឱ្យបានត្រឹមត្រូវនិងការពិភាក្សាអំពីគំនិត។ វារីកចម្រើនជាមួយនឹងបទពិសោធន៍ជាក់ស្តែង ការប្រជុំ និងការសន្ទនាជាមួយមនុស្សដែលនៅខាងលើកំរិតរបស់អ្នក។ អ្នកនិពន្ធ Chester Karrass បាននិយាយថា៖ «ក្នុងអាជីវកម្មដូចក្នុងជីវិត អ្នកមិនទទួលបានអ្វីដែលអ្នកសមនឹងទទួលបានទេ អ្នកទទួលបានអ្វីដែលអ្នកចរចា»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ៖ ច្រវាក់ប្រាក់ខែ
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia