«ចង់ធូរធារ ត្រសៀលក្បែរមាន ត្រូវបណ្តុះលំហូរលុយចាប់ពីពីរច្រកឡើងទៅ» ចំណូលបន្ថែមខ្ទង់ពាន់ដុល្លារ អាចរកបានគ្រាន់តែធ្វើការពីផ្ទះ ដោយមិនចាំបាច់ឈប់ពីការងារពេញម៉ោង ស្តាប់ទៅហាក់មិនគួរឲ្យជឿតែវាជាការពិត។ អ្វីដែលអ្នកត្រូវការបំផុតត្រឹមមានអ៊ីនធឺណេតគ្រប់គ្រាន់ និងជំនាញច្បាស់លាស់មួយប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជារបរក្រៅម៉ោងខ្លឹមទាំង៤ ដែលអ្នកគួរសម្លឹងមើល បន្ទាប់ពីប្រាក់ខែគោលក្នុងក្រុមហ៊ុន៖
១/. ការងារទាក់ទងបច្ចេកវិទ្យា
អ្នកដែលមានជំនាញបច្ចេកវិទ្យាក៏អាចឆ្លៀតពេលរកចំណូលចេញពីជំនាញរបស់ខ្លួនបន្ទាប់ពីការងារពេញម៉ោងបានដែរ ដូចជាជំនាញ Design, web developer សុទ្ធតែអាចប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការបង្កើនចំណូលបន្ថែមបាន។ មិនតែប៉ុណ្ណោះការងារទាំងនេះអ្នកធ្វើបានទាំងការងារក្នុងស្រុកនិងក្រៅស្រុកទៀតផង។
២/. បង្រៀនភាសា
បច្ចុប្បន្នអ្នកចេះភាសាងាយស្រួលក្នុងការរកការងារធ្វើ មិនថាការងារពេញម៉ោងឬក្រៅម៉ោងនោះទេ។ ដូច្នេះបើអ្នកចេះភាសា ហើយចង់បង្កើនចំណូល អ្នកមិនគួរទុកចំណេះដឹងផ្នែកភាសារបស់អ្នកឲ្យទំនេរចោលឡើយ។ បើអ្នកចេះភាសា មិនថាភាសាអង់គ្លេស ចិន ជប៉ុន ឬកូរ៉េ អ្នកអាចឆ្លៀតបង្រៀនក្រៅម៉ោងនៅតាមសាលាឯកជន ឬវិទ្យាស្ថានសាភាដើម្បីបង្កើនចំណូល ហើយថែមទាំងអាចបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងផងដែរ។
៣/. លក់គំនិត និងជំនាញ
អ្នកស្រី Thursday Bram ស្ថាបនិក Hyper Modern បាននិយាយថា៖ «ប្រសិនបើអ្នកមានជំនាញនៅក្នុងទីផ្សារពិសេសមួយ អ្នកអាចបង្កើតផលិតផល ដូចជាសៀវភៅអេឡិចត្រូនិច ឬបង្កើតវគ្គសិក្សាដាក់លក់លើអ៊ីនធឺណេត ដោយចំណាយសាច់ប្រាក់ក្នុងការផលិតតិចបំផុត»។ ជាក់ស្តែងក្នុងឆ្នាំ២០១០ លោក Graham Cochrane បានបង្កើតនិងលក់វគ្គសិក្សាតាមអនឡាញដំបូង ដែលបង្រៀនអតិថិជនពីរបៀបប្រើកម្មវិធីថតសំឡេងដ៏ពេញនិយម Pro Tools ក្នុងតម្លៃ ៤៥ដុល្លារ។ Graham បានលើកឡើងថា៖ «មុនពេលថត ខ្ញុំបានសរសេរគ្រោងជាមូលដ្ឋាននៃផ្នែកណាមួយនៃកម្មវិធីដែលខ្ញុំចង់ចែករំលែក និងតាមលំដាប់លំដោយ បន្ទាប់មកចំណាយពេលពី ៣-៤ម៉ោងក្នុងការថត និងកែសម្រួលខ្លឹមសារ»។
៤/. ចាប់លុយលើមេឃ
ត្រឹមរយៈពេល៥ឆ្នាំ យុវជន Ghiorghiu អាចរកចំណូលបានខ្ទង់ ២០ម៉ឺនដុល្លារ ចេញពីគណនី Youtube ផ្ទាល់ខ្លួនរបស់លោកដោយការផុសវីឌីអូផ្តោតលើអាជីវកម្មអនឡាញ សម្រាប់អ្នកដែលចង់បង្កើតឱកាសរកចំណូលផ្សេងៗលើអ៊ីនធឺណេតដូចជា YouTube, Drop Shipping, Ebay, Shopify និងប្រភេទអាជីវកម្មផ្សេងទៀត។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នលោកបានក្លាយជាសហគ្រិនឌីជីថល ស្ថាបនិក និងជានាយកប្រតិបត្តិនៃទីភ្នាក់ងារទីផ្សារផ្សាយពាណិជ្ជកម្មរបស់ Google ថែមទៀតផង។
៥/. លក់ផ្ទះនិងជួលអចលនទ្រព្យ
បុរសវ័យ២៤ឆ្នាំ Sebastian Ghiorghiu ដែលមានអ្នកតាមដាន ៨៣៥,០០០នាក់ លើបណ្តាញសង្គម YouTube មិនទុកហ្វេនទំនេរចោលឡើយ។ ក្រៅពីការចែករំលែក លោកបានច្នៃហ្វេនឲ្យក្លាយទៅជាអតិថិជន ដោយដាក់លក់ផ្ទះ និងជួលអចលនទ្រព្យផ្សេងៗ។ របរក្រៅម៉ោងនេះ គឺជាប្រភពចំណូលអកម្មដ៏ធំមួយជួយឲ្យ Ghiorghiu ក្លាយជាសេដ្ឋីទាំងនៅវ័យក្មេងល្ហក់។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់មានសេរីភាពធ្វើអ្វីដែលខ្ញុំចង់បាន ហើយក្លាយជាអ្នកមាន»។
យ៉ាងណាមិញ ចំពោះការងារក្រៅម៉ោងទាំងប្រាំខាងលើនេះ នៅក្នុងបរិបទកម្ពុជាយើងក៏អាចអនុវត្តបានដូចគ្នា។ ចូររៀនចាប់ឱកាសនៅក្នុងសម័យកាលឧស្សាហកម្ម ៤.០ ប្រឹងសម្រួចជំនាញទាញចំណូល រៀនបង្កើតលំហូរសាច់ប្រាក់ក្រៅពីប្រាក់ខែគោល និងចេះចាត់ចែងធនធានដែលអ្នករកបាន ទៅបង្កាត់កូនពូនជាចៅ នោះអនាគតអ្នកនឹងធូរធារក្នុងសម័យជឿនលឿនមិនខាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។
កក់តាម
https://t.me/hangchhengH24


