តើនរណាខ្លះធ្លាប់ និងកំពុងរៀននៅថ្នាក់ឧត្តមសិក្សា? ក្នុងចំណោមគ្រឹះស្ថានអប់រំរាប់រយ មានសាកលវិទ្យាល័យ ៣ ដែលបានជាប់ចំណាប់ថ្នាក់ល្អដាច់គេនៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះបើយោងតាមស្ថាប័នវាយតម្លៃគ្រឹះស្ថានអប់រំដ៏ធំបំផុតមួយរបស់ពិភពលោក UNIRANKS៖
១/. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)៖ ឈរលើកំពូលតារាងលេខ ១ នៅកម្ពុជា និងជាប់ចំណាត់ថ្នាក់ទី ៤១០៦ ជុំវិញពិភពលោក ក្នុងពិន្ទុ ៥១.៨ ខណៈជាសាកលវិទ្យាល័យរដ្ឋដ៏ចំណាស់ជាងគេនៅទីក្រុងភ្នំពេញ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០។ សាកលវិទ្យានេះមានច្រើនជាង ៣០ដេប៉ាតឺម៉ង់ ដែលស្ថិតក្រោមមហាវិទ្យាល័យចំនួន៦ និងមានវិទ្យាស្ថានភាសាបរទេស IFL មាន ៧ដេប៉ាតឺម៉ង់បង្រៀនភាសាចំនួន៦ដូចជា ភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ ថៃ និងចិន។ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាសូមចូលទៅកាន់ហ្វេសបុកផេក RUPP - Royal University of Phnom Penh ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៣ ៦៤០។
២/. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)៖ ឈរលើកំពូលតារាងលេខ ២ នៅកម្ពុជា និងជាប់ចំណាត់ថ្នាក់ទី ៤៩២១ ជុំវិញពិភពលោក ក្នុងពិន្ទុ ៤៧.៥១។ វិទ្យាស្ថាននេះ គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលនិស្សិតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៦៤ មកម្ល៉េះ។ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាសូមចូលទៅកាន់ហ្វេសបុកផេក Institute of Technology of Cambodia - សាលាតិចណូ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៤០៧ ៩១០។
៣/. សាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា៖ ឈរលើកំពូលតារាងលេខ ៣ នៅកម្ពុជា និងជាប់ចំណាត់ថ្នាក់ទី ៥៦៣៣ ជុំវិញពិភពលោក ក្នុងពិន្ទុ ៤៤.៨១។ សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន ១០ និងសាលាចំនួន ០២ រួមមាន មហាវិទ្យាល័យសាស្ត្រកសិកម្ម, មហាវិទ្យាល័យសាស្ត្រសត្វ, មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ, មហាវិទ្យាល័យព្រៃឈើ, មហាវិទ្យាល័យជលផល និងវារីប្បកម្ម, មហាវិទ្យាល័យប្រព័ន្ធជីវកសិកម្ម, មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ, មហាវិទ្យាល័យកសិឧស្សហកម្ម, មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី, មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម, សាលាក្រោយបរិញ្ញាបត្រ និងសាលាបណ្តុះបណ្តាលទេពកោសល្យកសិកម្ម។ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាសូមចូលទៅកាន់ហ្វេសបុកផេក សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៧២៤ ៦៨៦។
យ៉ាងណាមិញក្រៅពីគ្រឹះស្ថានឧត្តមសិក្សាទាំង ៣ ខាងលើ សាកលវិទ្យាល័យដែលឈរលំដាប់លេខរៀងបន្ទាប់មានដូចជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជាប់ចំណាត់ថ្នាក់លេខ ៤, សាកលវិទ្យាល័យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៥, សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៦, សាកលវិទ្យាល័យអន្តរជាតិកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៧, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាប់ចំណាត់ថ្នាក់លេខ ៨, វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៩ និងសាកលវិទ្យាល័យបៀលប្រាយ ជាប់ចំណាត់ថ្នាក់លេខ ១០។
គួរជម្រាបផងដែរថា យោងតាមសៀវភៅ មគ្គុទេសក៏ សម្រាប់ការជ្រើសរើសគ្រឹះស្ថាន និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន ១៩៤គ្រឹះស្ថាន ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមានចំនួន៧៩ និងឯកជនចំនួន១១៥ ស្ថិតនៅក្រោមក្រសួង និងស្ថាប័នចំនួន១៧ បាននឹងកំពុងផ្តល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook