ប្រយ័ត្នគេសួរ ឆ្លើយអត់ចេញ! នេះជាសំណួរចាក់ដោតទាំង ៣ ដែលក្រុមហ៊ុនធំៗសួរទៅកាន់បេក្ខជនសម្ភាសន៍ការងារ
Kan DaraMAY 25 202616 views

នៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងខ្ពស់ ក្រុមហ៊ុនលំដាប់ពិភពលោកដូចជា Google, Apple, និង Amazon លែងផ្ដោតលើតែប្រវត្តិរូបសង្ខេប (CV) ដ៏ល្អឥតខ្ចោះទៀតហើយ តែពួកគេចង់ស្វែងយល់ពីសមត្ថភាពពិត ប្រាជ្ញាស្មារតី និងរបៀបដោះស្រាយបញ្ហាក្នុងស្ថានភាពជាក់ស្តែង តាមរយៈសំណួរចាក់ដោតទាំង ៣ ខាងក្រោមនេះ៖

 

១/. តើអ្នកធ្លាប់ឆ្លងកាត់ការបរាជ័យធំបំផុតអ្វីខ្លះ ហើយអ្នករៀនសូត្របានអ្វីពីវា? គេមិនចង់ដឹងពីភាពល្អឥតខ្ចោះរបស់អ្នកទេ តែគេចង់វាស់វែងពីភាពធន់នៃចិត្តគំនិត និងលទ្ធភាពនៃការរៀនសូត្រពីកំហុសរបស់អ្នក។

 

គន្លឹះឆ្លើយតប៖ កុំព្យាយាមលាក់បាំង ឬឆ្លើយថា “ខ្ញុំមិនដែលបរាជ័យទេ។ ផ្ទុយទៅវិញ ចូរលើកយកព្រឹត្តិការណ៍ពិតមួយដែលមិនល្អខ្លាំង ប៉ុន្តែបង្ហាញរឿងនោះជា ៣ ដំណាក់កាល៖ ១. បញ្ហាដែលបានកើតឡើង ២. របៀបដែលអ្នកដោះស្រាយ និង ៣. មេរៀនដ៏មានតម្លៃដែលអ្នកទទួលបាន និងកំពុងអនុវត្តវារហូតមកដល់បច្ចុប្បន្ន។

 

២/. បើអ្នក និងប្រធានក្រុមមានមតិខ្វែងគ្នាលើគម្រោងមួយ តើអ្នកនឹងដោះស្រាយវាយ៉ាងដូចម្តេច? សំណួរនេះចង់ដឹងពីជំនាញទំនាក់ទំនង និងជំនាញដោះស្រាយវិវាទរបស់អ្នក។ ក្រុមហ៊ុនធំៗមិនត្រូវការមនុស្សដែលហៃអើតាមចិត្តមេគ្រប់រឿង ហើយក៏មិនត្រូវការមនុស្សដែលរឹងរូសបង្កជម្លោះដែរ។

 

គន្លឹះឆ្លើយតប៖ ប្រើប្រាស់គោលការណ៍ស្តាប់ដើម្បីយល់ មិនមែនស្តាប់ដើម្បីតវ៉ា។ គួរឆ្លើយថា អ្នកនឹងណាត់ជួបប្រធានក្រុមដាច់ដោយឡែក ដោយយកទិន្នន័យ ឬហេតុផលច្បាស់លាស់ទៅបង្ហាញ ក្នុងគោលបំណងរក្សាផលប្រយោជន៍រួមរបស់ក្រុមហ៊ុនជាធំ ហើយប្រសិនបើការសម្រេចចិត្តចុងក្រោយនៅតែជាមតិរបស់ប្រធាន អ្នកនឹងគោរព និងធ្វើវាឲ្យល្អបំផុត។

 

៣/. ហេតុអ្វីបានជាយើងគួរជ្រើសរើសអ្នក ជំនួសឲ្យបេក្ខជនដទៃទៀតដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា? គេចង់ដឹងពីចំណុចខ្លាំងខុសពីគេរបស់អ្នក និងកម្រិតនៃការយល់ដឹងរបស់អ្នកចំពោះតម្រូវការរបស់ក្រុមហ៊ុន។

 

គន្លឹះឆ្លើយតប៖ កុំឆ្លើយត្រឹមតែ ព្រោះខ្ញុំជាមនុស្សព្យាយាម ឬរៀនឆាប់ចេះ ព្រោះអ្នកណាក៏អាចនិយាយបានដែរ។ ចូរឆ្លើយដោយផ្សារភ្ជាប់សមត្ថភាពពិសេស ឬបទពិសោធន៍ជាក់លាក់របស់អ្នក ទៅនឹងបញ្ហាដែលក្រុមហ៊ុនកំពុងជួបប្រទះ និងចង់ដោះស្រាយ។ បង្ហាញថាអ្នកជាធនធានកម្រដែលពួកគេកំពុងស្វែងរក។

 

យ៉ាងណាមិញ ការសម្ភាសន៍ការងារមិនមែនជា ការប្រឡងឆ្លើយសំណួរឲ្យត្រូវនោះទេ ប៉ុន្តែវាជាការសន្ទនាដើម្បីស្វែងរកដៃគូសហការដែលត្រូវចិត្តគ្នា។ ការរៀបចំខ្លួនទុកជាមុន ភាពស្មោះត្រង់ និងការជឿជាក់លើតម្លៃខ្លួនឯង គឺជាកូនសោរបើកទ្វារទៅកាន់ជោគជ័យនៃអាជីពការងាររបស់អ្នក៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia