កំុរអ៊ូថាគ្មានពេល! ចង់អោយកូនស្តាប់បង្គាប់ និង មានសីលធម៌ ឪពុកម្តាយគួរចំណាយពេលធ្វើរឿងទាំង៤ នេះជាប្រចាំ
Pen SodalenAUGUST 20 2026427 views

 

ប៉ាម៉ាក់សម័យបច្ចុប្បន្នជាច្រើនតែងប្រើពាក្យថា  ខ្ញុំរវល់ធ្វើការគ្មានពេលមើលកូន និង  អប់រំពួកគេទេ ប៉ុន្តែតាមពិតទៅ កូនៗមិនបានទារពេលវេលាច្រើនពេញមួយថ្ងៃពីយើងនោះទេ។ ការដែលអប់រំកូនឱ្យក្លាយជាក្មេងមានសីលធម៌ ចេះក្រែងចិត្ត និងស្តាប់បង្គាប់ មិនមែនកើតឡើងតាមរយៈការស្រែកជេរ ឬការវាយប្រដៅពេលកូនធ្វើខុសនោះឡើយ។ អ្វីដែលកូនត្រូវការបំផុត គឺ ពេលវេលាដែលឪពុកម្តាយផ្តល់ឱ្យដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។

 

ប្រសិនបើអ្នកចង់ឱ្យកូនធំឡើងជាក្មេងល្អ និងងាយស្រួលប្រដៅ សូមចំណាយពេលធ្វើសកម្មភាព ៤ យ៉ាងនេះជាមួយកូនជាប្រចាំ៖

 

១. ចំណាយពេល ១៥ ទៅ ៣០ នាទី អង្គុយស្តាប់កូនពេលកូនមានរឿងក្នុងចិត្ត

 

មុននឹងរំពឹងឱ្យកូនស្តាប់ការបញ្ជារបស់យើង យើងត្រូវរៀនធ្វើជាអ្នកស្តាប់កូនឱ្យបានល្អជាមុនសិន។ ជារៀងរាល់ថ្ងៃ មិនថាអ្នកហត់នឿយយ៉ាងណានោះទេ សូមបម្រុងពេលយ៉ាងហោចណាស់ ១៥ ទៅ ៣០ នាទី អាចជាពេលបាយល្ងាច ឬមុនពេលគេង  ដោយទុកទូរស័ព្ទដៃនៅមួយឡែក មកជាសើចសប្បាយ និងសួរនាំកូនពីរឿងរ៉ាវនៅសាលា មិត្តភក្តិ ឬអារម្មណ៍របស់គេក្នុងថ្ងៃនេះវិញ។ ពេលកូននិយាយ កុំប្រញាប់កាត់ចង្វាក់ ស្រែកបន្ទោស ឬប្រដៅកូនភ្លាមៗ។ ការធ្វើបែបនេះ នឹងធ្វើឱ្យកូនមានអារម្មណ៍ថា ឪពុកម្តាយជាកន្លែងសុវត្ថិភាពដែលចាំស្តាប់ និងយល់ចិត្តគេ ធ្វើឱ្យគេមានទំនុកចិត្តលើអ្នក ហើយដល់ពេលអ្នកប្រដៅតម្រង់ផ្លូវ ពួកគេនឹងរីករាយស្តាប់តាមយើងដោយរីករាយ និងមិនរឹងរូសឡើយ។

 

២. ចំណាយពេលនិទានរឿង ឬអានសៀវភៅជាមួយកូនមុនពេលគេង

 

ក្មេងៗភាគច្រើនប្រឆាំងនឹងការប្រដៅបែបតឹងរ៉ឹង ឬការនិយាយទ្រឹស្តីវែងឆ្ងាយពីប៉ាម៉ាក់ ប៉ុន្តែចិត្តរបស់ក្មេងគឺងាយស្រូបក្នុងការទទួលយកមេរៀនជីវិត និងចរិតលក្ខណៈល្អៗតាមរយៈសាច់រឿងជាង។ អ្នកគួរជ្រើសរើសសៀវភៅរឿង ឬរឿងនិទានប្រៀបប្រដៅបែបខ្លីៗដែលនិយាយពីភាពស្មោះត្រង់ ការចែករំលែក ការអត់ឱន និងការដឹងគុណ រួចចោទជាសំណួរងាយៗឱ្យកូនឆ្លើយពេលនិទានរឿងចប់ ដូចជា "បើកូនជាតួអង្គហ្នឹង តើកូនធ្វើបែបហ្នឹងទេ?" "តើតួអង្គហ្នឹងធ្វើត្រូវ ឬក៏ខុស?"។ ការធ្វើបែបនេះ មិនត្រឹមតែជួយបណ្តុះទម្លាប់ការស្រឡាញ់ការអាន និងពង្រីកការគិតរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបញ្ជ្រាបសីលធម៌ចូលក្នុងខួរក្បាលកូនដោយមិនបាច់បង្ខំ និង ប្រើការសឡុតកូនឡើយ។

 

៣. ចំណាយពេលឱ្យកូនចូលរួមធ្វើការងារផ្ទះ

 

សីលធម៌ ការចេះក្រែងចិត្ត និងការទទួលខុសត្រូវ មិនអាចរៀនតែតាមមាត់និយាយនោះទេ គឺត្រូវរៀនតាមរយៈការអនុវត្តជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។ អ្នកចេះបង្រៀនឱ្យកូនជួយធ្វើការងារផ្ទះតាមវ័យរបស់គេ ដូចជា រៀបចំប្រដាប់ប្រដារលេងទុកដាក់ឱ្យមានរបៀប បត់ខោអាវខ្លួនឯង ជួយស្រោចទឹកផ្កា ឬរៀបចំចាននៅលើតុបាយ រួចពោលពាក្យសរសើរពួកគេពេលពួកគេធ្វើបានល្អ។ សកម្មភាពទាំងនេះ នឹងបង្រៀនឱ្យកូនចេះជួយខ្លួនឯង ចេះយល់ពីការហត់នឿយរបស់ឪពុកម្តាយ ដឹងគុណចំពោះអ្វីដែលគេមាន ហើយថែមទាំងធ្វើឱ្យគេមានមោទនភាពលើខ្លួនឯង និងចង់ធ្វើអំពើល្អបន្តទៀត។

 

៤. ចំណាយពេលធ្វើជាគំរូល្អឱ្យកូនឃើញជាប្រចាំ

 

កូនៗរៀនសូត្រពីទង្វើដែលគេបានឃើញឪពុកម្តាយធ្វើ ច្រើនជាងពាក្យប្រដៅដែលគេបានឮដដែលៗ។ ប្រសិនបើអ្នកចង់ឱ្យកូនក្លាយជាមនុស្សបែបណា អ្នកត្រូវតែបង្ហាញទម្លាប់បែបនោះឱ្យកូនឃើញជាមុនសិន ដោយប្រើប្រាស់ពាក្យសម្តីពិរោះពិសា និយាយពាក្យ "អរគុណ" ពេលមានគេជួយ និងពាក្យ "សុំទោស" ពេលធ្វើខុសឱ្យកូនឮជាប្រចាំ ព្រមទាំងបង្ហាញពីការគោរពចាស់ទុំ និងការចេះអត់ធ្មត់ ព្រមទាំងមិនប្រើហិង្សានៅចំពោះមុខកូន។ ដោយសារក្មេងប្រៀបដូចជាក្រដាសសអញ្ជឹង ការឃើញឪពុកម្តាយប្រព្រឹត្តអំពើល្អ មានសីលធម៌ និងមានចិត្តត្រជាក់ជារៀងរាល់ថ្ងៃ គឺជាមេរៀនដ៏មានឥទ្ធិពលបំផុតដែលជ្រាបចូលក្នុងផ្លូវចិត្តរបស់កូន ហើយគេនឹងធ្វើតាមដោយស្វ័យប្រវត្តិ។


កូនៗមិនបានត្រូវការផ្ទះធំស្កឹមស្កៃ ឬរបស់លេងថ្លៃៗ ស្មើនឹងការមានវត្តមាន និងស្នាមញញឹមពីឪពុកម្តាយនោះទេ។ ពេលវេលាដែលអ្នកវិនិយោគលើការអប់រំ និងការយកចិត្តទុកដាក់ចំពោះកូន គឺជាគ្រឹះដ៏រឹងមាំក្នុងការបង្កើតអនាគត និងបុគ្គលិកលក្ខណៈដ៏ថ្លៃថ្នូររបស់ពួកគេនៅថ្ងៃអនាគត!

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia