ប្រជាពលរដ្ឋ និងម្ចាស់អចលនវត្ថុទាំងអស់ ដែលកំពុងកាន់កាប់បណ្ណសម្គាល់សិទ្ធិ ឬប្លង់ដី ដែលមានបញ្ហា ឬស្ថិតក្នុងលក្ខខណ្ឌមួយចំនួន ឥឡូវនេះអាចដាក់ពាក្យស្នើសុំប្តូរយកបណ្ណកម្មសិទ្ធិថ្មីបានហើយ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ និងសម្រួលដល់ការចាត់ចែងអចលនវត្ថុនៅពេលអនាគត។
យោងតាមការបញ្ជាក់ព័ត៌មានពីសមាគអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បណ្ណកម្មសិទ្ធិដីធ្លីចំនួន ៥ ប្រភេទ ដែលត្រូវអនុញ្ញាតឱ្យម្ចាស់ដីស្នើសុំប្តូរបណ្ណថ្មី រួមមាន៖
១. បណ្ណកម្មសិទ្ធិដែលមិនមាន QR Code អាចស្នើសុំប្តូរជាបណ្ណថ្មីបាន។
២. បណ្ណកម្មសិទ្ធិដែលមាន QR Code ប៉ុន្តែមិនអាចស្កេនបាន ក៏អាចស្នើសុំប្តូរបានដែរ។
៣. បណ្ណកម្មសិទ្ធិដែលមានលេខកូដមិនត្រឹមត្រូវ ដោយសារការកែប្រែព្រំប្រទល់រដ្ឋបាលតាមប្រព័ន្ធ CIS អាចស្នើសុំប្តូរបាន។
៤. ក្នុងករណីបណ្ណកម្មសិទ្ធិមានកំហុសដូចជា ឈ្មោះ អក្ខរាវិរុទ្ធ ឆ្នាំកំណើត ប្រភេទអចលនវត្ថុ ឬព័ត៌មានផ្សេងៗ មន្ទីរនឹងចេញបណ្ណកម្មសិទ្ធិថ្មីជំនួស ដើម្បីជៀសវាងការកែតម្រូវដោយទឹកក្រហម ដែលអាចប៉ះពាល់ដល់ការប្រើប្រាស់ និងការចាត់ចែងអចលនវត្ថុនាពេលអនាគត។
៥. អ្នកកាន់បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (បណ្ណភោគៈ) អាចស្នើសុំប្តូរមកជាបណ្ណកម្មសិទ្ធិ (LMAP) បាន ដោយត្រូវបង់កម្រៃសេវាចំនួន ៦០០,០០០ រៀល ស្របតាមប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីចុះបញ្ជីបំពេញបន្ថែម។
អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបណ្ណដីធ្លីស្ថិតក្នុងលក្ខខណ្ឌទាំង ៥ ខាងលើ អញ្ជើញទៅទំនាក់ទំនងនៅមន្ទីរ ឬការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ដែលនៅជិតលោកអ្នក ដើម្បីរៀបចំឯកសារស្នើសុំប្តូរបណ្ណឱ្យបានត្រឹមត្រូវតាមច្បាប់៕



