ចំណូលខ្ទង់ពាន់$! មកដឹងវិធីទាញលុយពីបណ្ដាញសង្គមធំៗទាំង៤ កំពុងពេញនិយមនៅស្រុកខ្មែរ
SOKLY SOJULY 10 20232.6 K views

ចំណូលបន្ថែមខ្ទង់ពាន់ដុល្លារ អាចរកបានគ្រាន់តែប្រើទូរស័ព្ទដៃមួយគ្រឿងដែលអ្នកមាន ធ្វើការនៅកន្លែងណាក៏បាន ស្តាប់ទៅហាក់មិនគួរឱ្យជឿតែវាជាការពិត។ ខាងក្រោមនេះគឺជារបៀបទាញលុយក្នុងយុគសម័យត្រចៀកទិព្វភ្នែកទិព្វពី App ធំៗ៤ កំពុងផ្ទុះការពេញនិយមបំផុតលើពិភពលោករួមទាំងកម្ពុជា ដោយគ្រាន់តែប្រើទូរស័ព្ទដៃប៉ុណ្ណោះ៖

១. Facebook

Nn

សម្រាប់បណ្តាញសង្គមមួយនេះអ្នកប្រើប្រាស់អាចមានច្រើនច្រកក្នុងការបង្កើតចំណូលពីវា។ ទីមួយ Ads Break ជាការផលិតវីឌីអូដែលមានអ្នកមើលច្រើន យើងអាចបើករកលុយពី Facebook បានតាមរយៈការដាក់ពាណិជ្ជកម្មនៅលើវីឌីអូទាំងនោះ។ ទីពីរ Instant Articles ជាការសរសេរអត្ថបទដោយយក Ads ពី Facebook។ ទីបី Streamer/Gamer ជាការរកលុយពី Facebook ដោយ Live game ហើយអ្នកចូលចិត្តគេនឹងផ្ញើ Star មកឲ្យយើង ហើយយើងអាចយក Star នោះទៅដូរយកលុយ និងអាចមានច្រកផ្សេងៗទៀត ប៉ុន្តែច្រកទាំងបីនេះមានការពេញនិយមខ្លាំងសម្រាប់អ្នកនិយមចូលចិត្តរកលុយតាម Facebook នៅប្រទេសកម្ពុជាយើង។

យ៉ាងណាមិញ ដើម្បីអាចរកលុយពី Facebook បានអ្នកត្រូវបំពេញតាមលក្ខខណ្ឌចំនួន៤គឺ (១)ត្រូវមានហ្វេសប៊ុកផេក និងផុសវីដេអូឱ្យបានទៀតទាត់ (២)ត្រូវមានអ្នក Followers ចាប់ពី ១០,០០០ ឡើងទៅ (៣)មានអ្នកមើលវីដេអូរយៈពេល ៦០០,០០០ (៦០ម៉ឺន)នាទី ក្នុងរយៈពេល៦០ថ្ងៃ និង(៤)ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Facebook បាន។ ក្នុងនោះយោងតាមគេហទំព័រ GAMESPEC ដែលដកស្រង់ពីរបាយការណ៍អ្នកត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងថា ​អ្នកផលិតវីឌេអូនៅអាស៊ីអាចរកចំណូលបានជាមធ្យម ៥ដុល្លារ ខណៈនៅអឺរ៉ុប អ្នកបង្កើតមាតិកាអាចរកបានចន្លោះពី ៣-៩ដុល្លារ ក្នុង 1K VIEWS។

២. YouTube

N1

មានមនុស្សមិនក្រោមលាននាក់ទេដែលចូលមើលវីឌីអូក្នុង Youtube មួយថ្ងៃៗ ហើយក្នុងចំណោមមនុស្សទាំងអស់នោះអាចនឹងមានអ្នកម្នាក់ផងដែរ។ ប្រសិនបើចង់ធ្វើការទាញចំណូលពីវា អ្នកអាចចាប់ផ្តើមផលិតប្រភេទវីឌីអូដែលខ្លួនចូលចិត្ត ទៅតាមទេពកោសល្យ និងជំនាញរបស់អ្នក បន្ទាប់មកអ្នកអាចធ្វើការ​ Upload វីឌីអូទាំងនោះនៅក្នុង Youtube។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Business Insider បានឱ្យបង្ហាញថា ប្រាក់ចំណូលដែលរកបានពី Youtube ជាទូទៅបានតាមរយៈ ការឧបត្ថម ការលក់ទំនិញ និងមួយផ្នែកធំបានពីស្ពតពាណិជ្ជកម្មដែលដាក់ដោយ Google។ រីឯលក្ខខណ្ឌដែលអាចរកលុយបានគឺ មានចំនួន Subscribers ១ពាន់នាក់ និងចំនួនមើលមាន ៤ពាន់ម៉ោងក្នុង១ឆ្នាំទើបចាប់ផ្តើមអាចរកលុយបាន។

៣. TikTok

N2

បើតាមគណនីហ្វេសប៊ុក Austin Armstrong ដែលរស់នៅក្នុងប្រទេសអូស្រ្ដាលី បានចែករំលែកបទពិសោធន៍ថា តាមរយៈកម្មវិធី «Creativity Program Beta» លោកអាចរកលុយពី TikTok បាន ០.៩៩ដុល្លារ រាល់ពេលដែលមានអ្នកមើលវីឌីអូរបស់លោក ១,០០០ដង។ ក្នុងនោះដើម្បីអាចរកចំណូលវីឌីអូនៅលើ TikTok តាមរយៈកម្មវិធី Creativity Program Beta បាន គឺត្រូវមានគណនី TikTok ដែលមានអ្នកតាមដាន ១០,០០០ Followers និងមានយ៉ាងតិច ១០០,០០០views ក្នុងអំឡុងពេល៣០ថ្ងៃ។ ហើយម្ចាស់គណនីត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

៤. Telegram

N3

Telegram ជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយ ដែលមនុស្សជាទូទៅប្រើវាសម្រាប់ជាមធ្យោបាយធ្វើទំនាក់ទង មិនថាផ្ទាល់ខ្លួន ការងារ ឬការរកស៊ីជាដើម។ អ្វីដែលរឹងតែពិសេសលើសពីនោះគឺ គេក៏អាចទាញចំណូលបានរាប់ពាន់ដុល្លារពីការប្រើប្រាស់កម្មវិធីមួយនេះថែមទៀតផង។ ក្នុងនោះម្ចាស់ Channel YouTube ឈ្មោះ Luke Mead Marketing លោក Luke Mead បានបង្ហាញផ្លូវចំនួន៣ ដែលអាចស្រូបយកលុយពីការប្រើប្រាស់កម្មវិធី Telegram បាន។

  1. លក់ការផ្សាយពាណិជ្ជកម្មលើ Channel Telegram៖ ដើម្បីអាចលក់ពាណិជ្ជកម្មបាន គឺតម្រូវឱ្យអ្នកចុះឈ្មោះ Channel Telegram របស់អ្នកទៅក្នុង ការទិញដូរពាណិជ្ជកម្ម។ គាត់ក៏បានណែនាំ Telega.io ដែលជាកន្លែងអ្នកអាចលក់ពាណិជ្ជកម្មបានយ៉ាងងាយស្រួល។
    ន
  2. លក់វគ្គសិក្សាអនឡាញ៖ វិធីសាស្រ្តនេះមានអ្នកធ្វើបានផលច្រើន ព្រោះវាមានភាពងាយស្រួលជាងគេ ដោយលោកអ្នក គ្រាន់តែបង្កើតវគ្គសិក្សា ឬកម្មវិធីចែករំលែក រួចហើយដាក់បញ្ចូលទៅក្នុង Channel Telegram របស់អ្នក នឹងអនុញ្ញាតឱ្យអ្នកដទៃបង់សេវា ដើម្បីបានក្លាយជាសមាជិក។
    ន១
  3. ផ្សព្វផ្សាយ Link ផលិតផល៖ ផ្លូវមួយនេះមានគេធ្វើច្រើន នៅប៉ែកអឺរ៉ុប ព្រោះថាជាទូទៅគេដាក់លក់ផលិតផលនៅលើ Website ហេតុនេះលោកអ្នកគ្រាន់តែ យក Link ផលិតផលនោះ មកដាក់ផ្សព្វផ្សាយលើ Channel Telegram របស់អ្នក ហើយពេលដែលមានអ្នកណាចុចទិញតាម Link នោះ អ្នកនឹងទទួលបានភាគរយទៅតាមចំនួនកំណត់៕
    ន៣

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia