លក់ដូរយូរៗបាត់ម៉ូយអស់? សាកតាមតិចនិកទាំងនេះ បើចង់រក្សាម៉ូយចាស់ ទាក់ទាញម៉ូយថ្មី
Chan SophonAUGUST 10 202693 views

ការរក្សាម៉ូយចាស់ និងទាក់ទាញម៉ូយថ្មី គឺជាបេះដូងនៃភាពជោគជ័យសម្រាប់អាជីវកម្មគ្រប់ប្រភេទ ជាពិសេសវាពិតជាសំខាន់ខ្លាំង សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមអាជីវកម្មលក់ដូរជាលើកដំបូង ឬក៏អ្នកដែលលក់ដូរយូរឆ្នាំហើយ។ ប្រសិនបើកង្វះអ្នកទិញ (បាត់ម៉ូយ) ដោយសារមូលហេតុណាមួយរបស់យើងផ្ទាល់ នោះការរកស៊ីច្បាស់ជាខាតបះដៃបះជើងមិនខាន។

ខាងក្រោមនេះជាយុទ្ធសាស្ត្រនិងគន្លឹះខ្លះៗ ដែលអាចមានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកអាចយកទៅអនុវត្តបាន៖

១.យុទ្ធសាស្ត្ររក្សាម៉ូយចាស់

ម៉ូយចាស់ជាប្រភពចំណូលទៀងទាត់ ហើយការរក្សាម៉ូយចាស់ វាចំណាយដើមទុនតិចជាងការស្វែងរកម៉ូយថ្មី។ វាអាចទៅរួចបាន ដោយសារ៖

-ការផ្តល់សេវាកម្ម ឬផលិតផលដែលមានគុណភាព និងស្ថិរភាពនៃផលិតផលឲ្យនៅល្អដដែល កុំឲ្យម៉ូយមានអារម្មណ៍ថា ទិញដំបូងល្អ ក្រោយមកធ្លាក់ដៃ។

-បង្កើតកម្មវិធីសមាជិក ឬកាតសន្សំពិន្ទុ៖ ប្រើប្រព័ន្ធសន្សំពិន្ទុ ឬកាតសមាជិក ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ឬកាដូថ្ងៃខួបកំណើត និងការថែមជូនផ្សេងៗ។

-បង្កើតភាពស្និទ្ធស្នាល៖ ត្រូវចំណាំចំណង់ចំណូលចិត្ត ឬឈ្មោះរបស់ម៉ូយចាស់ៗ។ ការសាកសួរ និងយកចិត្តទុកដាក់តូចតាច ធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនសំខាន់។

-ស្តាប់ Feedback និងដោះស្រាយបញ្ហាភ្លាមៗ៖ នៅពេលម៉ូយរអ៊ូរទាំ ឬរិះគន់ ត្រូវទទួលយកដោយស្នាមញញឹម និងប្រញាប់កែប្រែ។ អតិថិជនដែលឃើញយើងកែប្រែតាមការសំណូមពរ នឹងកាន់តែមានទំនុកចិត្តលើអាជីវកម្មយើង។

-រក្សាទំនាក់ទំនងជាប្រចាំ៖ ផ្ញើសារជូនពរក្នុងឱកាសបុណ្យទាន ឬផ្ញើព័ត៌មានអំពីផលិតផលថ្មីៗមុនគេ តែត្រូវប្រយ័ត្នកុំឲ្យក្លាយជាការរំខាន។

 

២.យុទ្ធសាស្ត្រទាក់ទាញម៉ូយថ្មី

ជាការពិត ម៉ូយថ្មីអាចជួយឲ្យអាជីវកម្មរីកចម្រើន និងពង្រីកទីផ្សារបានកាន់តែធំ។ ទាញប្រយោជន៍ពីការផ្សព្វផ្សាយបែបពីមាត់មួយទៅមាត់មួយ។ បង្កើតកម្មវិធីណែនាំមិត្តភក្តិដោយផ្តល់ការបញ្ចុះតម្លៃទាំងអ្នកណែនាំ (ម៉ូយចាស់) និងអ្នកមកថ្មី (ម៉ូយថ្មី)។

-ប្រើប្រាស់បណ្តាញសង្គមឲ្យមានប្រសិទ្ធភាព៖ បង្កើតមាតិកា (Content) វីដេអូខ្លីៗ ឬរូបភាពស្អាតៗដែលបង្ហាញពីអត្ថប្រយោជន៍នៃផលិតផល ឬសេវាកម្ម (នៅលើ TikTok, Facebook, Telegram, Instagram)

-ផ្តល់ជូនការសាកប្រើដោយឥតគិតថ្លៃ ឬការបញ្ចុះតម្លៃពិសេស៖ ផ្តល់កាតភាគរយចុះថ្លៃសម្រាប់ការទិញលើកដំបូង ឬមានកញ្ចប់សម្រាប់តេស្ត ដើម្បីកាត់បន្ថយភាពច្របូកច្របល់របស់អតិថិជនថ្មីក្នុងការសម្រេចចិត្ត។

-ឆ្លើយតបរហ័ស និងមានភាពរួសរាយរាក់ទាក់៖ អ្នកទិញថ្មីៗច្រើនតែសួរច្រើនពីផលិតផលនីមួយៗ។ បើយើងឆ្លើយតបរហ័ស និងពន្យល់បានច្បាស់លាស់បានលឿន និងមានសម្ដីផ្អែមល្ហែម ភ្ញៀវច្បាស់ជាពេញចិត្ត លើកក្រោយមកទិញទៀត។ មួយវិញទៀត ត្រូវបង្កើតភាពលេចធ្លោ និងចំណុចខុសប្លែក បង្ហាញឲ្យភ្ញៀវឃើញច្បាស់ថា តើផលិតផល ឬសេវាកម្មរបស់អ្នកមានអ្វីពិសេសជាងគូប្រជែងលើទីផ្សារ?

គួរបន្ថែមផងដែរថា ទោះជាម៉ូយថ្មី ឬក៏ម៉ូយចាស់ក៏ដោយ សុទ្ធតែត្រូវការគុណភាពផលិតផលល្អ សេវាកម្មយកចិត្តទុកដាក់ ដូច្នេះក្នុងនាមជាអ្នកលក់ ត្រូវតែពិនិត្យមើលចំណុចខ្វះខាតរបស់ខ្លួន ដើម្បីរក្សាបានទំនុកចិត្ត និងការពេញចិត្តពីអតិថិជន ឲ្យនៅតែមកជួយទិញ មិនងាយបែកចិត្តទៅទិញគេផ្សេង។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia