ប្រយ័ត្នរកចំណេញមិនឃើញ! ចេញរកស៊ី ត្រូវចេះ បែងចែករឿងទាំងនេះឲ្យដាច់ បើមិនចង់ខាតដើម បិទទ្វារវិញ
Chan SophonAUGUST 13 2026108 views

អាចនិយាយបានថា ការច្របូកច្របល់រវាងលុយផ្ទាល់ខ្លួន និងលុយអាជីវកម្ម គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយ សម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោង ដែលអាចនាំឲ្យមិនដឹងពីចំណេញ ឬខាតពិតប្រាកដ និងពិបាកគ្រប់គ្រងលំហូរនៃប្រាក់។ ដូច្នេះ ខាងក្រោមនេះជា វិធីសាស្ត្រ ៥ យ៉ាង ដើម្បីបែងចែកលុយទាំងពីរនេះឲ្យដាច់ពីគ្នា ដោយមានប្រសិទ្ធភាព៖


១.បើកគណនីធនាគារដាច់ដោយឡែក៖ ការបង្កើតគណនីអាជីវកម្ម ដោយបើកគណនីធនាគារថ្មីមួយទៀត (បើកគណនីដាក់ឈ្មោះហាង ឬអាជីវកម្ម) សម្រាប់តែ ប្រតិបត្តិការលុយអាជីវកម្មប៉ុណ្ណោះ។ រាល់ចំណូលទាំងអស់ពីការលក់ ត្រូវចូលគណនីអាជីវកម្ម ហើយរាល់ការចំណាយលើអាជីវកម្ម (ទិញទំនិញ ថ្លៃឈ្នួល ថ្លៃផ្សព្វផ្សាយ) ត្រូវទូទាត់ចេញពីគណនីនេះតែមួយគត់។ ចៀសវាងការប្រើប្រាស់កាត ឬ QR Code អាជីវកម្ម ទៅទិញអីវ៉ាន់ប្រើប្រាស់ផ្ទាល់ខ្លួន ឬទូទាត់ថ្លៃបាយម្ហូបផ្ទាល់ខ្លួន។


២. បើកប្រាក់ខែឲ្យខ្លួនឯង៖ កំណត់ប្រាក់ខែថេរមួយសម្រាប់ខ្លួនឯង ក្នុងនាមជាអ្នកគ្រប់គ្រងអាជីវកម្ម (ឧទាហរណ៍៖ $៣០០, $៥០០ ឬ $,០០០ ក្នុងមួយខែ អាស្រ័យលើសមត្ថភាពអាជីវកម្ម)។ វេរប្រាក់ខែនេះ ចេញពីគណនីអាជីវកម្ម ចូលទៅគណនីផ្ទាល់ខ្លួនតាមកាលបរិច្ឆេទទៀងទាត់ (ដូចជាថ្ងៃទី ១ ឬ ថ្ងៃទី១៥ ដើមខែ)។ រាល់ការចំណាយផ្ទាល់ខ្លួនទាំងអស់ (ថ្លៃផ្ទះ ម្ហូបអាហារ ការដើរលេង) ត្រូវប្រើប្រាស់តែប្រាក់ខែដែលដកចេញមកនេះប៉ុណ្ណោះ។


៣.កត់ត្រាបញ្ជីស្នាមឲ្យបានច្បាស់លាស់៖ ប្រើប្រាស់កម្មវិធី ឬសៀវភៅកត់ត្រា ដោយប្រើប្រាស់ Excel, Google Sheets, ឬកម្មវិធីធានាគារ។ ត្រូវរៀបចំវិក្កយបត្រ ដោយរក្សាទុករាល់វិក្កយបត្រទិញ-លក់របស់អាជីវកម្មដាច់ដោយឡែកពីវិក្កយបត្រផ្ទាល់ខ្លួន ដើម្បីងាយស្រួលផ្ទៀងផ្ទាត់នៅចុងខែ។


៤. រៀបចំយុទ្ធសាស្ត្រពេលមានអាសន្ន ឬបណ្ដាក់ទុនបន្ថែម៖ បង្កើតកញ្ចប់លុយបម្រុងអាជីវកម្មមួយ ទុកប្រាក់ចំណេញមួយផ្នែកក្នុងគណនីអាជីវកម្ម សម្រាប់ដោះស្រាយវិបត្តិ ឬចំណាយនឹកស្មានមិនដល់ ដើម្បីចៀសវាងការដកលុយផ្ទាល់ខ្លួនមកប៉ះប៉ូវ។ ប្រសិនបើអាជីវកម្មខ្វះខាត ហើយអ្នកត្រូវយកលុយផ្ទាល់ខ្លួនទៅជួយ ត្រូវកត់ត្រាវាជា កម្ចីពីម្ចាស់ ឬ ការវិនិយោគបន្ថែម ឲ្យបានច្បាស់លាស់ មិនមែនដាក់ចូលដោយគ្មានបញ្ជីស្នាមនោះទេ។


៥.ដើរតួជាបុគ្គលិករបស់អាជីវកម្មខ្លួនឯង៖ ត្រូវគិតថា អាជីវកម្ម និងរូបអ្នក គឺជាបុគ្គលពីរផ្សេងគ្នា។ ទោះបីអ្នក ជាម្ចាស់ ១០០% ក៏ដោយ អ្នកមិនអាចដកលុយចេញពីថតតុ ឬគណនីអាជីវកម្មតាមចិត្តចង់នៅពេលណាដែលអ្នកត្រូវការលុយផ្ទាល់ខ្លួននោះទេ។ 

 

គួរបន្ថែមដែរថា បើសិនអ្នកអាចធ្វើបាននូវរឿងទាំងប៉ុន្មានចំណុចខាងលើនេះ នោះលុយដែលរកបានមក ច្បាស់ជាមានខ្ទង់ត្រឹមត្រូវ ហើយមិនបាច់អង្គុយឆ្ងល់ថា បាត់លុយទៅណាខ្លះនោះឡើយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia