មិនមែនចេះតែធ្វើ! ចង់ក្លាយជាអ្នកផលិតមាតិកា ប្រើគន្លឹះ ៣ នេះជួយឲ្យវីឌីអូឆាប់ផ្ទុះលឿន
Kan DaraFEBRUARY 23 202622 views

តើនរណាខ្លះមានក្ដីស្រមៃចង់ក្លាយជាអ្នកផលិតមាតិកា? ខណៈខាងក្រោមនេះជាគន្លឹះមានប្រសិទ្ធភាពធំៗ ទាំង៣ ដែលណែនាំដោយ កញ្ញា Lengឡេង ស្ថាបនិក Brand ខោ Double L និងជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំលើការផលិតវីដេអូ៖

ទី១-មានភាពជាខ្លួនឯង៖ ប្រកបដោយគុណតម្លៃ មិនចាំបាច់ចម្លងស្តាយ៍របស់អ្នកណា បង្ហាញទៅកាន់អ្នកទស្សនានៅអត្តចរិតពិតប្រាកដ មិនចាំបាច់រៀបឫកពារជ្រុលពេកឡលយ។ ប៉ុន្តែសូមចងចាំថា អ្វីដែលយើងបញ្ចេញទៅគួរតែជារឿងវិជ្ជមាន ព្រោះវីដេអូរបស់យើងអាចជាចំណែកនៃការបណ្ដុះផ្នត់គំនិតទៅកាន់អ្នកទស្សនា។

 

ទី២-មានគោលដៅច្បាស់លាស់៖ កំណត់គោលដៅច្បាស់មុននឹងចេញផលិតវីដេអូ ហើយត្រូវប្រាកដថាគោលដៅនោះរឹងមាំ ដូចជាការ ចង់កសាង Personal Branding , ជួយបង្កើនការលក់ក្នុងអាជីវកម្ម ឬដើម្បីរកទីផ្សារទុកជាមុនសម្រាប់អាជីវកម្មដែលអ្នកមានបំណងចង់បង្កើតជាដើម។ ត្បិតថាបណ្ដាញសង្គមពិតជាមានឥទ្ធិពលខ្លាំងសម្រាប់ការរកស៊ី ជាពិសេសវាអាចជួយសម្រួលទៅលើការចំណាយក្នុងការធ្វើទីផ្សារបានច្រើនពេលចាប់ផ្ដើមចេញរកស៊ីដំបូង។ ការកំណត់គោលដៅច្បាស់ ជួយឱ្យយើងអាចជំនះឧបសគ្គអំឡុងពេលផលិតវីដេអូ ព្រោះថាគ្មានផ្លូវណាដែលរលូនរហូតឡើយ។

 

ទី៣-មានគ្រឹះត្រឹមត្រូវ៖ មិនថាអ្នកចែករំលែកអំពីប្រធានបទអ្វីឡើយ គួរណាតែមានចំណេះដឹងមូលដ្ឋានគ្រឹះ បទពិសោធន៍ ឬប្រភពច្បាស់លាស់ នោះវីដេអូដែលអ្នកផ្សព្វផ្សាយចេញទៅនឹងកាន់តែមានគុណតម្លៃ។ ជាក់ស្ដែងកញ្ញា Lengឡេង ផ្ទាល់ គាត់បានទៅរៀនទាក់ទងនឹងការថតរូបរហូតដល់ប្រទេសចិន និងបានបញ្ចប់ការសិក្សាផ្នែកច្នៃម៉ូដ ដែលជាគ្រឹះនៅពីក្រោយការផលិតវីដេអូផ្ដោតសំខាន់លើការរៀបចំខ្លួន និងការថតរូប ដូចដែលលោកអ្នកបានឃើញកន្លងមក។

 

កញ្ញា Lengឡេង ក៏បានគូសបញ្ជាក់ផងដែរថា «មិនមានវិថីណារលូនរហូតឡើយ អ្នកផលិតវីដេអូមុខជាអាចប្រឈមនឹងបញ្ហាធ្វើមិនឡើង នាំឱ្យបាក់ទឹកចិត្ត ប៉ុន្តែបើសិនជាយើងមានគោលដៅច្បាស់លាស់ យើងប្រាកដជាអាចបង្កើតផ្លូវថ្មី (អាចជាការប្ដូរស្ដាយ៍ថត ឬកែតម្រូវប្រធានបទ) ដើម្បីបន្តដំណើរឆ្ពោះទៅកាន់គោលដៅតែមួយដែលយើងបានកំណត់ទុកជាមិនខាន»

 

១

២

៣

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia