មានវិធីជាច្រើនដែលអាចជួយពន្លឿនការដោះបំណុលឱ្យឆាប់អស់ ប៉ុន្តែថ្ងៃនេះ Business Cambodia សូមលើកយកនូវទិចនិចពិសេសមួយដែលត្រូវបានគេឱ្យឈ្មោះថា ក្បួន១ដុល្លារ។ វាជាផ្លូវដែលងាយ ខណៈអ្នកមានចំណូលតិចឬច្រើនសុទ្ធតែអាចអនុវត្តន៍បាន ព្រោះថាមួយខែត្រូវការលុយតែ១ដុល្លារប៉ុណ្ណោះ។
តាមការចុះផ្សាយរបស់គេហទំព័រ The Ascent បានឱ្យដឹងថា ក្បួន១ដុល្លារនេះ ដំណើរការដោយការ ដាក់លុយបន្ថែមចំនួន ១ដុល្លារ ទៅលើការបង់ប្រចាំខែ នៅរៀងរាល់១ខែម្ដង។ មានន័យថា បើមួយខែអ្នកត្រូវបង់ ៥០០ដុល្លារ អ្នកអាចថែម ១ដុល្លារ ឱ្យបាន ៥០១ដុល្លារ ហើយនៅខែបន្តបន្ទាប់ អ្នកថែម១ដុល្លារទៀត ឱ្យវាកើនបាន ៥០២ដុល្លារ, ៥០៣ដុល្លារ កើនរាល់ៗខែ។
នៅពេលដែលអ្នកបន្តថែម១ដុល្លារជារៀងរាល់ខែ វានឹងធ្វើឱ្យពេលវេលានៃការរំលស់ថយចុះមកសល់តិចជាងមុន។ ទន្ទឹមនឹងនោះអ្នកត្រូវប្រាកដដែរថា រាល់ប្រាក់បន្ថែមដែលអ្នកបានដាក់ជារៀងរាល់ខែ គឺត្រូវទូទាត់ជាប្រាក់ដើមកម្ចី បែបនេះទើបអ្នកចំណេញការប្រាក់ និងពេលវេលា។ ដើម្បីឱ្យក្បួននេះដំណើរការទៅបាន គឺទាមទារឱ្យអ្នកធ្វើការចរចាច្បាស់លាស់ជាមួយនឹងម្ចាស់បំណុល ឬធនាគារ ដូច្នេះគ្រប់យ៉ាងគឺអាស្រ័យលើវិធីនៃការចរចារបស់អ្នក និងលក្ខខណ្ឌដែលម្ចាស់បំណុលអាចផ្ដល់ឱ្យអ្នក។
ដោយឡែក បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Forbes បានបញ្ជាក់ថា មិនថាអ្នកប្រើវិធីសាស្រ្តអ្វីដើម្បីពន្លឿនការដោះបំណុលឱ្យឆាប់អស់នោះទេ ដាច់ខាតអ្នកត្រូវឆ្លើយតបនូវសំណួរ ៣សំខាន់ៗ ខាងក្រោមជាមុនសិន៖
ទី១. តើអ្នកមានកញ្ចប់លុយសម្រាប់រ៉ាប់រងការចំណាយ ចន្លោះពី ៣ខែទៅ៦ខែហើយឬនៅ? បើមិនទាន់មាន ចូរសន្សំឱ្យបានប៉ុណ្ណឹងសិន ចាំគិតគូររឿងពន្លឿនការសងបំណុល។
ទី២. តើអ្នកកំពុងសន្សំលុយសម្រាប់ចូលនិវត្តន៍ ឬមានគោលដៅហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀតដែរឬទេ? បើមានគឺជាការល្អហើយ ប៉ុន្តែត្រូវប្រាកដថា ការដកលុយសម្រាប់គោលដៅទាំងនោះ មិនបង្កផលប៉ះពាល់ទៅលើការចំណាយប្រចាំខែ ឬតួនាទីបង់បំណុលដែលអ្នកកំពុងមាន។ អ្នកត្រូវលៃយ៉ាងណាក៏ដោយឱ្យខ្លួនឯង មានលទ្ធភាពគ្រប់គ្រាន់សម្រាប់គ្រប់គ្រងផ្លូវចេញនៃលុយ កុំឱ្យលុយចេញច្រើនជាងចូល ព្រោះវាអាចបង្កជាបំណុលវណ្ឌកបន្ថែមបាន។
ទី៣. តើអ្នកមានបំណុលរាយរងផ្សេងៗ ត្រូវទទួលខុសត្រូវដែរឬទេ? បំណុលទាំងនោះអាចជាបំណុលតូចៗ តូចជាងបំណុលទិញផ្ទះ។ បើអ្នកមាន គួរតែប្រញាប់រកវិធីកាត់បំណុលទាំងអស់នោះឱ្យអស់សិន ចាំរកផ្លូវពន្លឿនការបង់បំណុលទិញផ្ទះឱ្យឆាប់អស់តាមក្រោយ។
គួរជម្រាបផងដែរថា ក្នុងនាមជាអ្នកកំពុងរស់នៅក្នុងបន្ទុកបំណុល អ្នកនឹងក្លាយជាមនុស្សជោគជ័យខ្លាំងបំផុត នៅពេលដែលអ្នកអាចរកលុយបង់ឱ្យគេប្រចាំខែ និងទប់ទល់ការចំណាយរបស់ខ្លួនឯងបាន ដោយមិនបង្កើតបំណុលថ្មីៗថែមទៀត។ ដូច្នេះហើយកុំអស់សង្ឃឹមឱ្យសោះ មិនថាបំណុលតិចឬច្រើននោះទេ អ្នកពិតជាអាចរកផ្លូវចេញផុត ឱ្យតែអ្នកមិនព្រមបោះបង់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


