ហាង ឬតូបកាហ្វេគឺជាអាជីវកម្មដែលកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែក៏មានម្ចាស់អាជីវកម្មមួយនេះច្រើននាក់ណាស់ដែរដែលបានបរាជ័យ មិនអាចឈរជើងបានយូរឬទប់ទល់ចំណាយបាន។ ដូច្នេះដើម្បីបើករបរមួយនេះបានជោគជ័យ ឬទទួលបានការគាំទ្របានយូរអង្វែង អ្នកគួរយល់ដឹងចំណុចសំខាន់ៗខាងក្រោមសិន មុនសម្រេចចិត្តថាគួរបើករកស៊ីឬក៏អត់។
ថ្ងៃនេះ Business Cambodia និងលើកយកចំណុចមួយចំនួន សម្រាប់អ្នកចង់បើកហាងកាហ្វេ ហើយចង់ឈរជើងរឹងមាំ៖
១. សិក្សាពីស្ថានភាពទីផ្សារ
ការស្រាវជ្រាវស្ថានភាពទីផ្សារនឹងជួយឲ្យយើងទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍនូវយុទ្ធសាស្រ្តទីផ្សារ និងការធ្វើផែនការអាជីវកម្មដូចជាដឹងពីស្ថានភាពគូប្រកួតប្រជែង គោលដៅអតិថិជន ដើមទុន និងទីកន្លែងសមស្របសម្រាប់បើកហាងកាហ្វេតាមទំហំទុនរបស់យើង។
២. បង្កើតផែនការអាជីវកម្ម
ផែនការអាជីវកម្មរួមបញ្ចូលនូវគោលបំណង និងយុទ្ធសាស្រ្តរបស់អាជីវកម្មហាងកាហ្វេដូចជា ការវិភាគទីផ្សារហាងកាហ្វេ រៀបចំប្រតិបត្តិការសម្រាប់លក់ និងការកំណត់ផែនការហិរញ្ញវត្ថុជាដើម ជួយឲ្យយើងដឹងពីអ្វីហានិភ័យ និងឱកាសក្នុងរៀបចំអាជីវកម្មហាងកាហ្វេសម្រាប់រយៈពេលវែង។
៣. ការរៀបចំហាង និងការផ្តល់បទពិសោធន៍ល្អដល់អតិថិជន
គំនិតថ្មីៗក្នុងការតុបតែង ការរៀបចំបង្កើតបរិយាកាស និងសេវាកម្មរបស់ហាងគឺជាគោលតម្លៃដែលនាំឲ្យអតិថិជនពេញចិត្ត និងចាប់អារម្មណ៍ច្រើន។ និយាយឲ្យស្រួលយល់គឺ បើអតិថិជនមានអារម្មណ៍ល្អជាមួយបរិយាកាសក្នុងហាង នោះពួកគេនឹងត្រលប់មកជាថ្មីម្តងទៀតនៅពេលក្រោយ។
៤.ស្វែងរកក្រុមហ៊ុនផ្តត់ផ្គង់ហាងកាហ្វេ
ការជ្រើសរើសយកម៉ាស៊ីន និងគ្រឿងផ្សំតែមួយមុខមិនទាន់អាចធានាសុវត្ថិភាពបានទៅលើអាជីវកម្មរបស់អ្នកទាំងស្រុងបាននោះទេ សំខាន់គឺការស្វែងរកក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ សម្រាប់អាជីវកម្មហាងលោកអ្នក ដើម្បីធានាថាអាជីវកម្មហាងកាហ្វេរលូនទៅមុខ និងមានសុវត្ថិភាព។ ក្រៅពីទំនួលខុសត្រូវខ្ពស់ពីអ្នកផ្គត់ផ្តង់ ក្នុងនោះក្រុមហ៊ុនផ្គត់ផ្គង់ក៏មានជាការចែករំលែកនូវបទពិសោធន៍ល្អៗជូនទៅកាន់លោកអ្នកដូចជាការប្រឹក្សាផ្ដល់យោបល់ ការបង្រៀនជំនាញឆុងកាហ្វេ ការបង្កើតភេសជ្ជៈ និងការសិក្សាទៅលើអាជីវកម្មរបស់លោកអ្នក៕