យើងបានដឹងហើយថា បំណុល គឺជាបញ្ហាដ៏ធំបំផុត ដែលមនុស្សស្ទើរគ្រប់គ្នាត្រូវបានធ្លាក់ខ្លួនចូលទៅក្នុងបំណុលទៅតាមហេតុផល ឬកត្តាផ្សេងៗគ្នារបស់បុគ្គលម្នាក់ៗ។ ទន្ទឹមនឹងនេះ មានមនុស្សជាច្រើនកំពុងជំពាក់បំណុលគេ ហើយមានអ្នកខ្លះជំពាក់បំណុលគេច្រើនស្ថាប័ន និងមិនដឹងថា ត្រូវធ្វើដូចម្តេចទើបអាចរំដោះខ្លួនចេញពីបំណុលបាន។
ទាក់ទងនឹងបញ្ហាបំណូលនេះដែរ ខាងក្រោមនេះគឺជាទិកនិច ៣យ៉ាង ដើម្បីជួយអ្នកឱ្យរួចផុតពីច្រវាក់បំណុល ដែលអ្នកគួរអនុវត្តបើអ្នកកំពុងស្ថិតនៅក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។
១. ហានប្រឈមមុខជាមួយម្ចាស់បំណុល៖ នៅពេលដែលអ្នកជាប់បំណុលវ័ណ្ឌករ រឿងដំបូងដែលអ្នកត្រូវធ្វើនោះគឺ ហ៊ានជួបជជែកអំពីបញ្ហាប្រឈមជាមួយម្ចាស់បំណុល ឱ្យបានច្បាស់លាស់ថា តើអ្នកមានបញ្ហាអ្វីខ្លះ ប្រឈមដល់កម្រិតណា និងមានលទ្ធភាពសងប៉ុន្មាន ដើម្បីស្វែងរកដំណោះស្រាយដែលសមស្របណាមួយ ដោយមានការយោគយល់ទាំងសងខាងរវាងអ្នកខ្ចី (កូនបំណុល) និងម្ចាស់បំណុល។
លោក ធនិន បានបន្តថា ក្នុងករណីខ្លះមានមន្ត្រីឥណទាន ហៅកាត់ថា CO នៅពេលដែលអតិថិជនប្រាប់ពីបញ្ហារបស់គាត់ទៅដល់ CO ប៉ុន្តែបែរជាគាត់មិនយកចិត្តទុកចំពោះបញ្ហារបស់អតិថិជន ព្រោះគាត់គិតថា អតិថិជននាំបញ្ហាមកឱ្យគាត់ ដែលធ្វើឱ្យគាត់មិនមានចិត្តចង់ដោះស្រាយបញ្ហាជួនអតិថិជនឡើយ។
ទោះជាបែបនេះក្តី អតិថិជនត្រូវតែតស៊ូ ព្យាយាម ដោយសុឆន្ទៈដើម្បីជម្នះបញ្ហានេះ បើCO មិនអាចដោះស្រាយឱ្យ យើងត្រូវបន្តទៅប្រធានឥណទាន ឬបន្តទៅដល់នាយកសាខាតែម្តង ដើម្បីសិក្សាស្វែងយល់ពីផលប៉ះពាល់ និងបច្ចុប្បន្នភាពនៃលទ្ធភាពសងច្បាស់លាស់ នឹងដើម្បីឈានទៅដល់ការស្វែងរកដំណោះស្រាយឈ្នះៗ និងសមស្របមួយ។
២. ត្រួតពិនិត្យឡើងវិញនូវប្រភពចំណូល-ចំណាយ និងសន្សំ៖ អ្នកត្រូវធ្វើការបែងចែកឱ្យច្បាស់លាស់ថា តើចំណាយណាខ្លះជាចំណាយចំាបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងចំណាយណាខ្លះជាមិនចាំបាច់ (គ្រាន់តែបំពេញការចង់បាន) ហើយតើអ្នកមានបានដកប្រាក់ខ្លះសម្រាប់សន្សំខ្លះទេ?
នៅពេលដែលអ្នកអាចបែងចែកចំណាយបានច្បាស់លាស់ និងព្រិតព្រាងបានល្អលើរាល់ការចំណាយនិងជាពិសេសត្រូវរៀនដកប្រាក់សន្សំមួយចំនួនជាប្រចាំមុននឹងចំណាយ (ព្រោះបើចាំចាយហើយបានគិតសល់សន្សំ នោះនឹងមិនសល់បានសន្សំទេ គឺចាយអស់ហើយ) នោះវានឹងធ្វើឱ្យលោកអ្នកអាចសន្សំសំចៃលុយបានមួយចំនួន ដើម្បីយកមកបន្ថែមលើការសងបំណុលប្រចាំខែឱ្យឆាប់រួច។
ម្យ៉ាងវិញទៀតក្នុងគ្រួសារមួយនីមួយៗ យើងត្រូវគិតឡើងវិញថា តើសមាជិកម្នាក់ៗបានធ្វើតួនាទីអ្វីខ្លះក្នុងការរកប្រភពចំណូលសម្រាប់ជួយជ្រោមជ្រែងដល់គ្រួសារ? ឧទាហរណ៍ថា កាលពីមុនប្រភពចំណូលមានតែឪពុក ឬមានតែម្តាយម្នាក់ ខណៈកំពុងជាប់បំណុលវ័ណ្ឌក តើឪពុក ឬក៏ម្តាយអាចរកចំណូលផ្សេងៗគ្នាបានដែរឬទេ? លើសពីនេះ តើកូននៅក្នុងគ្រួសារដែលពេញកម្លាំង ឬគ្រប់អាយុធ្វើការអាចចេញធ្វើការដើម្បីរកប្រភពចំណូលបន្ថែមជួយដល់គ្រួសារបានបន្ថែមទៀតទេ។ នៅត្រង់ចំណុចនេះ លោក ធនិន ចង់សង្កាត់ធ្ងន់ថា ប្រសិនបើម្នាក់ៗនៅក្នុងគ្រួសារអាចបង្កើនប្រភពចំណូលរៀងៗខ្លួនបានតិចឬច្រើនទៅតាមលទ្ធភាពនោះ វានឹងធ្វើឱ្យចំណូលជារួមក្នុងគ្រួសារអាចនឹងកើនឡើង។
ដូចច្នេះនៅពេលដែលអ្នកអាចកាត់បន្ថយចំណាយដែលមិនចាំបាច់បានហើយ និងបានបង្កើនប្រភពចំណូលក្នុងគ្រួសារកើនឡើង នោះវានឹងធ្វើឱ្យការដោះស្រាយបញ្ហាហិរញ្ញវត្ថុនៅក្នុងគ្រួសារ នឹងអាចដោះស្រាយបានជាបណ្តើរៗ នឹងកាន់តែល្អប្រសើរឡើងពីខែទៅមួយខែ។
៣. ត្រូវចេះប្រើបំណុលតាមលទ្ធភាព
ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ថា យុវជន និងគ្រួសារចំនួនកាន់ច្រើនឡើងៗបានខ្ចីបំណុលយកទៅប្រើប្រាស់ទិញសម្ភារដែលថយតម្លៃជាប្រចាំ ដូចជាបង់រំលោះលើម៉ូតូថ្មី ទូរស័ព្ទថ្មី ឡានថ្មីជាដើម ។ ការធ្វើបែបនេះច្រើន និងយូរៗទៅ គឺសល់តែបំណុលទេ ហើយទ្រព្យសល់កាន់តែតិចទៅៗ។
លោក ធនិន បានលើកឡើងថា ប្រសិនបើយើងចង់ពង្រីកទ្រព្យសម្បត្តិគ្រួសារអោយបានលឿន និងប្រកបដោយនិរត្តរភាព គ្រួសារនីមួយៗត្រូវគិតអោយបានម៉ត់ចត់ និងច្បាស់លាស់លើការប្រើប្រាស់បំណុលឱ្យបានត្រឹតត្រូវតាមលទ្ធភាពបង់សងនៃចំណូល (បា្រក់បង់សងមិនត្រូវឱ្យលើសពី៥០%នៃចំណូលប្រចាំខែនោះទេ)។ ក្នុងការវិនិយោគលើទ្រព្យសម្បត្តិទាំងឡាយណាដែលកើនតម្លៃជាប្រចាំរួមមានដូចជា៖ ការទិញអចលនទ្រព្យក្នុងទីតាំងល្អៗ, ការវិនិយោគលើមុខរបរដែលយើងមានភាពច្បាស់ លាស់ និងការទិញដីឬផ្ទះសម្រាប់ដាក់ជួលជាដើម។
សរុបមកវិញ នៅពេលដែលអ្នកមានបញ្ហារឿងបំណុល ហើយចង់ដោះស្រាយបំណុលបាននោះ រឿងដំបូងអ្នកត្រូវតែធ្វើគឺ ហានប្រឈមមុខជាមួយម្ចាស់បំណុល ដើម្បីស្វែងរកដំណោះស្រាយណាមួយដែលសមស្រប ហើយរឿងបន្ទាប់នោះគឺលោកអ្នកត្រូវតែត្រួតពិនិត្យឡើងវិញនូវប្រភពចំណូល-ចំណាយ និងសន្សំឱ្យច្បាស់លាស់ថា តើគួរកាត់បន្ថយចំណាយណាខ្លះដែលមិនចាំបាច់? នឹងតើត្រូវបង្កើនប្រភពចំណូលតាមបែបណាខ្លះបន្ថែមទៀត? ហើយកាន់តែពិសេសជាងនេះទៀត លោកអ្នកត្រូវរៀនដកប្រាក់សន្សំទុកមួយចំនួនជាប្រចាំមុននឹងចំណាយ វានឹងជួយអ្នកឱ្យឆាប់រំដោះខ្លួនចេញពីច្រវាក់បំណុលបានយ៉ាងលឿន។ ហើយត្រូវចាំជានិច្ចថា ត្រូវចេះប្រើបំណុលក្នុងការវិនិយោគលើទ្រព្យសម្បត្តិទាំងឡាយណាដែលកើនតម្លៃជាប្រចាំ ៕


