២០២៦ ពិបាករកចំណូល! នេះជារឿងសំខាន់៣ ដែលអ្នកត្រូវធ្វើ ដើម្បីអាចបង្កើតលុយបន្ថែមបាន
Toeuy HongAUGUST 9 202617 views

បម្រែបម្រួលនៃសេដ្ឋកិច្ច ពិតជាអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបរស់នៅរបស់មនុស្សគ្រប់រូបនៅលើសាកលលោក ហើយចំណូលរបស់ពួកគេភាគច្រើននឹងធ្លាក់ចុះនៅពេលដែលសេដ្ឋកិច្ចដំណើរការមិនសូវល្អ។

 

ស្របពេលដែលពិបាករកចំណូល នៅក្នុងឆ្នាំ២០២៣ លោកអ្នកគួរតែប្រញាប់ធ្វើរឿងសំខាន់ទាំង៣ខាងក្រោមនេះ ដើម្បីអាចបង្កើតលុយបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព៖

 

១. ពង្រឹងជំនាញលើការងារប្រចាំថ្ងៃ៖ ដើម្បីបានកើនប្រាក់ចំណូល សម្លឹងមើលថាតើខ្លួនឯងនៅខ្វះអ្វីទៀត តើនៅកន្លែងធ្វើការត្រូវការជំនាញអ្វីបន្ថែមទេ។ តើក្រុមហ៊ុនមានលក្ខខណ្ឌល្អអ្វីសម្រាប់បុគ្គលិកដែលមានជំនាញពិសេសបន្ថែមដែរឬទេ? បើសិនជាក្រុមហ៊ុនរបស់អ្នកមាន KPI ដែលអាចឱ្យបុគ្គលិកមានឱកាសបង្កើតចំណូលតាមវិធីសាស្រ្តផ្សេងៗ បន្ថែមពីលើប្រាក់ខែ​ ចូរខំធ្វើវាឱ្យបានគ្រប់មុខ ដើម្បីបង្កើនចំណូល។ កុំធ្វើការខ្លាចហត់ មានឱកាសត្រូវតែចាប់យក ១ខែ៣០ថ្ងៃដូចគ្នា តែបើមានសកម្មភាពខុសគ្នា លទ្ធផលក៏មិនដូចគ្នាដែរ។

 

២. រៀនជំនាញធ្វើវីដេអូ៖ សម័យនេះមនុស្សភាគច្រើនសុទ្ធតែចូលចិត្តមើលវីដេអូ ដូច្នេះហើយការចេះធ្វើវីដេអូ ចាត់ទុកថាអ្នកមានឱកាសពិសេសមួយ ដើម្បីបង្កើនចំណូល។ អាចចាប់ផ្ដើមពីការធ្វើអ្វីដែលអ្នកចូលចិត្ត បង្កើតប្រធានបទដែលមានឥទ្ធិពលជាវិជ្ជមានទៅកាន់សង្គម ដូចជាចែករំលែកចំណេះដឹងក្នុងការគ្រប់គ្រងលុយកាក់, ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងពេលវេលា, ទម្លាប់ធ្វើការល្អៗ, របៀបធ្វើដំណើរកំសាន្ត, របៀបធ្វើម្ហូប ដែលប្រធានបទទាំងអស់ហ្នឹង សុទ្ធតែល្អៗ។

 

កុំនិយាយថាមិនចេះធ្វើវីដេអូ ព្រោះថាវាជារឿងដែលរៀនបាន ហើយក៏មានគេបើកវគ្គបង្រៀងដែរ បើមិនចេះទៅរៀនទៅ។ ហើយកុំនិយាយថាអត់កាមេរ៉ាថត ព្រោះមានតែទូរស័ព្ទ១គ្រឿងក៏ថតបានដែរ ហេតុនេះចូរចាប់ផ្ដើមជាមួយអ្វីដែលអ្នកមាន។

 

៣. លះភាពខ្មាសអៀន៖ ហ៊ានចេញមុខ ព្រោះវាល្មមដល់ពេលដែលអ្នកយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯងហើយ។ បើរឿងដែលអ្នកធ្វើនោះមិនខុសច្បាប់ មិនបំពានអ្នកដទៃ​ទេ ឆាប់ធ្វើវាទៅ។ ប្រាប់ខ្លួនឯងថាយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯងអាចធ្វើឱ្យយើងកាន់តែរីកចម្រើន វាមិនដល់ថ្នាក់ស្លាប់ទេធ្វើទៅ កុំខ្លាចអី។

 

សូមជម្រាបផងដែរថា ដើម្បីអាចបង្កើតចំណូល គឺទាមទារឱ្យយើងដើរឱ្យទាន់សម័យកាល យល់ពីតម្រូវការរបស់មនុស្ស នៅពេលដែលអ្នកអាចបំពេញភាពខ្វះខាតរបស់មនុស្សបាន អ្នកប្រាកដជាអាចបង្កើតលុយបាន។ ហេតុនេះហើយ បើឃើញរឿងដែលគួរធ្វើហើយ​ ឆាប់ធ្វើវាទៅកុំចាំរហូតដល់ហួសពេល កុំខ្លាចរហូតដល់បាត់បង់ឱកាស រឿងលំបាកៗសុទ្ធតែអាចជំនះបាន ដរាបណាវាមិនអាចធ្វើឱ្យអ្នកស្លាប់គ្មានអ្វីត្រូវខ្លាចវាទេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia