ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនជំនិញ និងជាពិសេសដើម្បីតភ្ជាប់សេដ្ឋកិច្ចពីតំបន់មួយទៅតំបន់មួយទៀត រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសាងសង់គម្រោងផ្លូវ ស្ពាន ជាច្រើន។ អ្វីដែលចាប់អារម្មណ៍ នៅឆ្នាំថ្មី ២០២៦ នេះក៏គម្រោងធំៗមួយចំនួននឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។ ហើយពេលនេះយើងនឹងនាំប្រិយមិត្ដមកស្គាល់គម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេសំខាន់ៗចំនួន ៣ ដែលបញ្ចប់ការសាងសង់ និងចូលខ្លួនមកសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឆ្នាំថ្មី ២០២៦ ខាងមុខ។
១. គម្រោងផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ខណៈគិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងនេះ សម្រេចលទ្ធផលជារួម៧០%ហើយ។
នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៩ ខែវិច្ឆិកា បានឲ្យដឹងថា ផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ។ ដូច្នេះពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ បងប្អូនប្រជាពលរដ្ឋលែងលំបាកទៀតហើយ។
សូមជម្រាបថា សូមជម្រាបថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ មានប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង)។

២. ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត)
កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ដែលមានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យប្រវែង ៣៥,១៤គីឡូម៉ែត្រ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ នេះសម្រចបានលទ្ធផលសាងសង់បាន ៣៦,៧% ហើយ ហើយក៏គ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
គួរបញ្ជាក់ដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) គឺមានប្រវែងផ្លូវ ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម ខេត្តកណ្ដាល និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកចេញជា ៣ កំណាត់ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។

៣. ស្ពានមិត្ដភាពកម្ពុជា-ចិន
គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់បានចំនួន ៩៨,៣៦% ហើយ ហើយនឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង៕



