ការប្រើប្រាស់រថយន្ដនៅកម្ពុជាមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណាតម្រូវការទាំងនេះ បាននាំឲ្យក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុកនាំគ្នានាំចូលរថយន្ដមកទីផ្សារស្រុកខ្មែរ ខណៈដែលក្រុមហ៊ុនខ្លះហ៊ានបោះទុនវិនិយោគបង្កើតដំឡើងរថយន្ដផ្ទាល់ថែមទៀតផង។
ហើយថ្ងៃនេះ Business Cambodia នឹងលើកយកក្រុមហ៊ុននៅខ្មែរចំនួន ៣ ដែលបានជះលុយរាប់លានដុល្លារសាងសង់រោងចក្រដំឡើងរថយន្ដនៅក្នុងស្រុកផ្ទាល់ ដែលមានសុទ្ធតែជាយីហោរថយន្ដល្បីៗ។
១. ក្រុមហ៊ុន RMA Cambodia
ក្រុមហ៊ុន RMA Cambodia បានបោះទុនប្រមាណ ២១ លានដុល្លារបង្កើតរោងចក្រដំឡើងរថយន្ដ Ford ដែលមានទីតាំងស្ថិតនៅ ភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់។ រោងចក្រមួយនេះត្រូវបានបើកដំណើរការកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ សម្រាប់រោងចក្រ Ford ថ្មីនេះដែរ មានការដំឡើងរថយន្ត ២ ម៉ូឌែលល្បីៗដូចជា៖ រថយន្ត Ford Ranger និង Ford Everest ជាដើម។
២. ក្រុមហ៊ុន HGB Motors
ក្រុមហ៊ុន HGB Motors Assembly Co., Ltd. បានបោះទុនវិនិយោគរោងចក្រកម្មន្ដសាលផ្គុំ និងដំឡើងរថយន្តម៉ាក KIA មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិយោគ ៧លានដុល្លារអាមេរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។
៣. ក្រុមហ៊ុន K (CAMBODIA)
ក្រុមហ៊ុន K (CAMBODIA) CO., LTD បានវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត ISUZU មានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងបានបង្កើតការងារបានចំនួន ១៦៦កន្លែង។ រោងចក្រដំឡើងរថយន្ដមួយនេះ ត្រូវបានបើកដំណើរការកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ៕