មិនខ្ចីប៉ះមាស! សេដ្ឋី Elon Musk, សេដ្ឋី Warren Buffett និង Bill Gates មិនខ្ចីវិនិយោគមាសក្រោមហេតុផលមួយនេះ
Toeuy HongMAY 21 2026817 views

និយាយពីមហាសេដ្ឋី Elon Musk សេដ្ឋី Warren Buffettនិងសេដ្ឋី Bill Gates គឺសុទ្ធតែមហាសេដ្ឋីកំពូលរបស់អាមេរិកដែលមានទ្រព្យរាប់ពាន់លានដុល្លារ ហើយសេដ្ឋីទាំង៣រូបនេះសុទ្ធតែជាអ្នកចូលចិត្តការវិនិយោគដូចជាវិនិយោគហ៊ុន អចលទ្រព្យនិងលុយឌីជីថលជាដើម។

 

ថ្វីត្បិតតែសេដ្ឋីទាំង៣នេះជាអ្នករកស៊ីនិងជាអ្នកវិនិយោគពិតមែនប៉ុន្ដែពួកគាត់ទាំង៣នាក់នេះមិនដែលវិនិយោគលើមាសនោះទេខណៈមនុស្សជាច្រើនលើភពលោកនាំគ្នាវិនិយោគលើមាស។

 

តាមពិតសេដ្ឋីទាំង៣រូបនេះមានហេតុផលដូចៗគ្នាដែលធ្វើឲ្យពួកគាត់មិនវិនិយោគលើមាសទាល់តែសោះហើយហេតុផលនោះគឺដោយសារតែ”មាសមិនមែនជាទ្រព្យផ្ដល់ចំណូលឬផ្ដល់ជាលំហូរសាច់ប្រាក់នោះទេ”។

 

សេដ្ឋី Warren Buffett ដែលជាស្ដេចវិនិយោគប្រចាំសតវត្សទី២១តែងតែលើកឡើងថាមូលហេតុដែលលោកមិនវិនិយោគទិញមាស ដោយសារតែមាសគឺទ្រព្យដែលមិនអាចផលិតអ្វីបានទាល់តែសោះ។ ត្រង់នេះធ្លាប់លើកឡើងថាមាសជាទ្រព្យដែលមិនអាចផលិតអ្វីបាននោះទេ តែមនុស្សមួយចំនួនវិនិយោគលើមាសគឺក្នុងក្ដីសង្ឃឹមថាអនាគតទៅអាចលក់បន្តឲ្យអ្នកផ្សេងក្នុងតម្លៃថ្លៃ

 

លោកសេដ្ឋីរូបនេះបានប្រៀបធៀបការវិនិយោគមាសនិងទៅអចលនទ្រព្យនិងភាគហ៊ុន។ ត្រង់នេះលោកថាបើវិនិយោគភាគហ៊ុនគឺវិនិយោគលើក្រុមហ៊ុនហើយក្រុមហ៊ុនគឺផលិតនូវផលិតផលឬសេវាកម្មដើម្បីបម្រើមនុស្សជាតិ។ ហើយភាគហ៊ុនអាចកើនតម្លៃទៅតាមភាពរីកចម្រើនរបស់ក្រុមហ៊ុនជាពិសេសភាគហ៊ុនគឺផ្ដល់ចំណូលជាលំហូរសាច់ប្រាក់ជាប្រចាំតាមរយៈភាគលាភ

 

 លោកបន្តទៀតថា រីឯអចលនទ្រព្យដូចជាដីកសិកម្មគឺវាអាចផ្ដល់ជាកន្លែងសម្រាប់ដាំដំណាំកសិកផលសម្រាប់មនុស្សជាតិផងដែរ។ ផ្ទុយទៅវិញបើវិនិយោគមាសគឺមាសមិនអាចផលិតអ្វីទាំងអស់ពោលគឺទ្រព្យដែលស្លាប់ដោយមនុស្សវិនិយោគទិញទុករំពឹងថាអនាគតលក់ឲ្យអ្នកដទៃក្នុងតម្លៃថ្លៃប៉ុណ្ណោះ។

 

ចំពោះសេដ្ឋី Bill Gates វិញក៏មិនខុសមិត្តរបស់លោក Warren Buffett ដែរ ពោលគឺលោកមិនវិនិយោគមាសដោយសារតែមាសមិនមានជាទ្រព្យដែលបង្កើតចំណូលផ្ដល់ជាលំហូរសាច់ប្រាក់ជាប្រចាំឡើយ។ សេដ្ឋីរូបនេះចូលចិត្តវិនិយោគក្នុងអាជីវកម្មនិងវិនិយោគលើដីកសិកម្មផងដែរ។

 

រីឯសេដ្ឋី Elon Musk គឺជាសេដ្ឋីដែលសឹងតែមិនលឺគាត់និយាយពីមាសទាល់តែសោះ។ សេដ្ឋីរូបនេះចូលចិត្តវិនិយោគលើទ្រព្យដែលផ្ដល់ជាលំហូរសាច់ប្រាក់ ក៏ដូចជាអាចផលិតនូវផលិតផលដោះស្រាយបញ្ហារបស់មនុស្សជាតិ។ ជាក់ស្ដែងលោកតែងតែវិនិយោគលុយទៅក្នុងអាជីវកម្មរបស់គាត់មានដូចជា SpaceX, Tesla រហូតក្រុមហ៊ុនទាំងនេះក្លាយជាក្រុមហ៊ុនមានតម្លៃមហាសាល។

 

សូមបញ្ជាក់ផងដែរថាមិនថាអ្នកចូលចិត្តវិនិយោគមាសឬមិនចូលចិត្តនោះទេ អ្នកមិនគួរយកលុយទៅវិនិយោគលើមាសច្រើនជ្រុលនោះទេ ព្រោះវាមិនមែនជាទ្រព្យបង្កើតចំណូលផ្ដល់លំហូរសាច់ប្រាក់សម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់អ្នកបានឡើយ។ អ្នកជំនាញណែនាំឲ្យយកលុយទៅវិនិយោគមាសត្រឹមតែ១០ទៅ១៥%នៃតម្លៃផលបត្រវិនិយោគសរុបរបស់អ្នកបានហើយ៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia