គម្រោងផ្លូវដែកថ្មី ៣ ខ្សែស្ថិតនៅក្នុងគម្រោងសាងសង់របស់រដ្ឋ ខណៈមានតម្លៃរាប់ពាន់លានដុល្លារ
Bunthoeun KoemAUGUST 4 202468 views

គម្រោងផ្លូវដែកភ្នំពេញ-ព្រលានយន្ដហោះអន្ដរជាតិតេជោ គម្រោងផ្លូវដែកសៀមរាប-ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ និងគម្រោងរថភ្លើងនៅក្នុងរាជធានីភ្នំពេញ កំពុងស្ថិតនៅក្នុងផែនការសាងសង់របស់រាជរដ្ឋាភិបាល ខណៈតាមការប៉ាន់ស្មានគម្រោងទាំង ៣ នេះត្រូវការទុវិនិយោគសរុបប្រមាណ ៣៥០០ លានដុល្លារ។

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ផ្លូវដែកភ្នំពេញ-ព្រលានយន្ដហោះអន្ដរជាតិតេជោ គឺជាផ្លូវដែកសម្រាប់ប្រភេទរថភ្លើងធនស្រាលដឹកជញ្ជូនអ្នកទេសចរណ៍ អ្នកដំណើរចេញពីព្រលានយន្ដហោះមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ព្រលានយន្ដហោះវិញ។ តាមការប៉ាន់ស្មានគម្រោងផ្លូវដែកថ្មីនេះមានប្រវែង ២០ គីឡូម៉ែត្រ។

ចំពោះផ្លូវដែកសៀមរាបភ្ជាប់ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរវិញ ក៏ជាផ្លូវដែកសម្រាប់ប្រភេទរថភ្លើងធនស្រាលដូចគ្នា ដោយរថភ្លើងនេះនឹងបម្រើដល់ការដឹកជញ្ជូនអ្នកទេសចរណ៍ អ្នកដំណើរចេញពីអាកាសយានដ្ឋានសៀមរាបអង្គរ ដែលមានទីតាំងស្ថិតនៅស្រុកសូទ្រនិគម មកកាន់ទីរួមខេត្ដសៀមរាប និងពីទីរួមខេត្ដសៀរាបទៅកាន់អាកាសយានដ្ឋានមួយនេះ។ តាមការប៉ាន់ស្មានគម្រោងនេះមានប្រវែងសរុប ៣០ គីឡូម៉ែត្រ។

ដោយឡែកសម្រាប់ផ្លូវដែកនៅក្នុងរាជធានីភ្នំពេញវិញ គឺមានប្រភេទផ្លូវដែកលើដី និងក្រោមដី ដែលផ្លូវដែកទាំងពីរប្រភេទនេះគឺសម្រាប់ប្រភេទរថភ្លើងធនស្រាលដឹកអ្នកដំណើរ មានសុវត្ថិភាពខ្ពស់ មិនមានសំឡេងខ្លាំង បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយការបំពុលបរិស្ថាន និងអនាម័យ។ តាមការប៉ាន់ស្មានគម្រោងនេះមានប្រវែង ២០ គីឡូម៉ែត្រ។

តាមការបញ្ជាក់ពីប្រភពដដែល រថភ្លើងទាំង ៣ ខ្សែនេះ គឺស្ថិតនៅក្នុងគម្រោងសាងសង់នៅក្នុងរយៈពេលខ្លី ឆ្នាំ២០២៣-២០២៧៕

3e6cc181 7d87 4d5b 82d2 9fd10aff408c

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia