និស្សិតសរុប ២៦៥នាក់ ទាំងកម្រិតបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលជាស្ថាប័នអប់រំឧត្តមសិក្សាឯកជនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលនិស្សិតទាំងនេះ គឺជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមចំណែកកសាងសង្គមជាតិ ទាំងក្នុងវិស័យសង្គម វិស្វកម្ម និងបច្ចេកវិទ្យា។
ក្នុងចំណោមនិស្សិតទាំង២៦៥រូប ក្នុងនោះមាននិស្សិតកម្រិតបរិញ្ញាបត្រចំនួន ២៣៨រូប និង កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៧រូប បានទទួលសញ្ញាបត្របញ្ចប់ការសិក្សាកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងកម្មវិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាជូននិស្សិតសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ឆ្នាំសិក្សា ២០២៦ នៅរាជធានីភ្នំពេញនេះ ក៏មានវត្តមានរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងតំណាងរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាងមានវត្តមានរបស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានកិត្តិយស នៃក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ខូអិលធីឌី លោកជំទាវ ជា សុផាកន្នី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ខូអិលធីឌី វាគ្មិនកិត្តិយស ឯកឧត្តម ដូមីនីក វើលលាម (H.E. Dominic Williams) ឯកអគ្គរាជទូតរាជាណាចក្ររួមនៃព្រីតថេន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិតប៊ូឡាត់ អាក់ម៊ែដខារីម៊ូវ (Dr. Bulat Akhmetkarimov) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។

ក្នុងនោះ លោកជំទាវ ជា សុផាកន្នី បានមានប្រសាសន៏អបអរសាទរចំពោះនិស្សិតទាំងឡាយដែលបានខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ព្រមទាំងការលះបង់ដ៏ពន់ពេករបស់ឪពុកម្តាយ និងក្រុមគ្រួសាររហូតអាចឈានមកដល់ថ្ងៃបញ្ចប់ការសិក្សាជាស្ថាពរនេះ ជាពិសេសគុណបំណាច់របស់សាស្ត្រាចារ្យដែលខិតខំបង្ហាត់បង្រៀន។
លោកជំទាវ បានផ្តែផ្តាំទៅកាន់និស្សិតទាំងឡាយដូច្នេះថា៖ “ការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ មិនមែនជាចុងបញ្ចប់នៃការសិក្សានោះឡើយ តែផ្ទុយទៅវិញ វាជាការចាប់ផ្តើមរៀនសូត្រពិតប្រាកដ ដែលចាប់ពីពេលនេះទៅ ជីវិតគឺជាមេរៀន។ កុំវាស់វែងភាពជោគជ័យជាមួយលុយកាក់ ឬទ្រព្យសម្បត្តិ តែត្រូវវាស់វែងដោយការចូលរួមចំណែកជួយសង្គម ពោលគឺចូលរួមកសាងប្រទេសជាតិ”។

ទន្ទឹមនឹងនោះ ឯកអគ្គរាជទូត រាជាណាចក្ររួមនៃព្រីតថេន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដូមីនីក វើលលាម បានថ្លែងអបអរដល់បណ្តាសិស្សនិស្សិត ព្រមទាំងជូនពរនិស្សិតទាំងឡាយឱ្យទទួលបានជោគជ័យក្នុងជីវិត ហើយលោកក៏ផ្តាំផ្ញើឱ្យនិស្សិតទាំងឡាយត្រូវសម្រេចចិត្តឱ្យមានផលជាវិជ្ជមាន និងការផ្លាស់ប្តូរវិជ្ជមានដល់សង្គម និងយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន និងមនុស្សដទៃ ប្រកបដោយភាពស្មោះត្រង់ និងឈរលើភាពត្រឹមត្រូវ។

ចំណែកឯកឧត្តមបណ្ឌិតសាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសាទរចំពោះការបញ្ចប់ការសិក្សារបស់និស្សិតដែលលោកចាត់ទុកជាដំណើរនៃការគាំទ្រពីក្រុមគ្រួសារនិងកិច្ចខិតខំរបស់សាកលវិទ្យាល័យ ហើយលោកណែនាំដល់សិស្សនិស្សិតឱ្យលើកតម្កើនអត្តសញ្ញាណជាតិជាខ្មែរ ទោះស្ថិតនៅកម្ពុជា ឬឈានជើងចេញទៅក្រៅប្រទេសក៏ដោយ។ លោកបានផ្តាំថា សមត្ថភាពរបស់ប្រជាពលរដ្ឋ គឺជាធនធានយ៉ាងសំខាន់ដើម្បីកំណត់ភាពខ្លាំងរបស់ប្រទេសជាតិ។
លោកបានបន្ថែមទៀតថា៖ “នៅពេលដែលយើងឈានជើងចូលក្នុងពិភពលោក យើងមិនត្រឹមតែយកចំណេះដឹងដែលបានរៀនសូត្រទៅជាមួយនោះទេ តែក៏ត្រូវនាំយកទំនួលខុសត្រូវទៅជាមួយផងដែរ ដើម្បីរួមចំណែកថែរក្សា និងកសាងអនាគតរួមមួយដែលប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ”។
លោកបណ្ឌិត ប៊ូឡាត់ អាក់ម៊ែដខារីម៊ូវ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ បានថ្លែងការអបអរសាទរដល់សិស្សនិស្សិតទាំងឡាយដែលខិតខំរហូតបញ្ចប់ការសិក្សាជាស្ថាពរ ដែលលោកថា ជាការចាប់ផ្តើមពិតប្រាកដនៅក្នុងដំណើរជីវិត។ លើសពីនេះលោកបានសម្តែងក្តីរីករាយដែលសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានរួមដំណើរជាមួយនិស្សិត ហើយលោកក៏បានអរគុណទៅកាន់ឪពុកម្តាយ និងក្រុមគ្រួសាររបស់និស្សិតគ្រប់រូបដែលបានខិតខំ និងលះបង់ដើម្បីឱ្យពួកគេមានថ្ងៃនេះ។ លោកបានបន្ថែមដោយលើកទឹកចិត្តដល់សិស្សនិស្សិតទាំងឡាយ ឱ្យខិតខំក្រសោបអនាគតរបស់ខ្លួនប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ដោយនិស្សិតនឹងក្លាយជាតំណាងរបស់សាកលវិទ្យាល័យ ទៅថ្ងៃមុខ។
ជាមួយគ្នានេះដែរ និស្សិតឆ្នើម ឈ្មោះ អ៊ូ ពេជ្រសុវណ្ណ ដែលបានបញ្ចប់ការសិក្សាជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំសិក្សា២០២៦ បានឡើងថ្លែងចំណាប់អារម្មណ៍ដោយលើកឡើងអំពីជីវិតរបស់យើងម្នាក់ៗ ដែលមានបែបផែនខុសៗគ្នា ហើយការជ្រើសរើសផ្លូវដើរសម្រាប់ជីវិតខុសៗគ្នា។ និស្សិត ពេជ្រសុវណ្ណ គ៏បានបន្ថែមថា សាកលវិទ្យាល័យ ជាទីកន្លែងដែលផ្តល់មូលដ្ឋាននៃការចាប់ផ្តើមជ្រើសរើសផ្លូវជីវិតមួយនេះ ដែលជាគុណបំណាច់មួយមិនអាចកាត់ថ្លៃបាន។ លើសពីនេះ និស្សិតឆ្នើមរូបនេះបានសម្តែងការដឹងគុណចំពោះឪពុកម្តាយ និងក្រុមគ្រួសារ ដែលបានលះបង់ដើម្បីឱ្យមានថ្ងៃនេះ។ជាកិច្ចបន្ទាប់អង្គពិធីបានប្រគល់សញ្ញាបត្រជានិមិត្តរូបជូនដល់និស្សិតទាំង ២៦៥នាក់ ប្រកបដោយស្នាមញញឹម ក្តីរំភើប និងពោរពេញដោយអត្ថន័យ ទុកជាអនុស្សាវរីយ៍។
គួររំលឹកថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាស្ថាប័នអប់រំឧត្តមសិក្សាឯកជនឈានមុខគេមួយនៅកម្ពុជាដែលបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនរូបអស់រយៈកាល ១៦ឆ្នាំហើយ ដែលបច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២៦ នេះ សាកលវិទ្យាល័យមានមុខវិជ្ជាសម្រាប់ជ្រើសរើសចំនួន១៤ ពីមហាវិទ្យាល័យចំនួន៥ ក្នុងកម្រិតបរិញ្ញាបត្រ។ ក្នុងនោះមានមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ដែលមានជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង។ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និង សេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និង ហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ភ័ស្តុភារ ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទំនាក់ទំនងអន្តរជាតិ។
មហាវិទ្យាល័យវិស្វកម្មមានមុខជំនាញដូចជា ស្ថាបត្យកម្ម ស្ថាបត្យកម្មខាងក្នុង វិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មឧស្សាហកម្ម។ មហាវិទ្យាល័យព័ត៌មាន និង បច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ រចនាប្លង់ និង ប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ មហាវិទ្យាល័យគណិតវិទ្យា និង វិទ្យាសាស្ត្រ មាន មុខជំនាញគណិតវិទ្យា (វិទ្យាសាស្ត្រទិន្នន័យ)។
ក្រៅពីនេះ សាកលវិទ្យាល័យក៏កំពុងបណ្តុះបណ្តាលធនធានមនុស្សក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតផងដែរ ដូចជា ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងអប់រំ គ្រប់គ្រងប្រព័ន្ធព័ត៌មាន វិទ្យាសាស្ត្រកុំព្យូទ័រ និងសេដ្ឋកិច្ច ជាដើម។


