សេដ្ឋីនីជនជាតិចិនឈ្មោះថា Zhou Qunfei គឺជាស្ថាបនិកក្រុមហ៊ុន Lens Technology ដែលជាអ្នកផ្គត់ផ្គង់កញ្ចក់អេក្រង់ទូរស័ព្ទដៃដ៏ល្បីល្បាញបំផុត។ កើតក្នុងគ្រួសារក្រីក្រក្នុងភូមិដាច់ស្រយាល និងបានបាត់បង់ម្ដាយតាំងពីក្មេង ព្រមទាំងមានឪពុកពិការភ្នែកទៀតនោះ បានបង្ខំឱ្យអ្នកស្រីត្រូវបោះបង់ការសិក្សានៅអាយុ ១៦ ឆ្នាំ ដើម្បីទៅធ្វើជាកម្មការិនីរោងចក្រដោយទទួលបានកម្រៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
ប៉ុន្តែភាពក្រីក្រមិនមែនជាឧបសគ្គដែលរារាំងមហិច្ឆតារបស់លោកស្រី តែភាពក្រីក្របានក្លាយជាកម្លាំងជំរុញចិត្តធ្វើឱ្យលោកស្រី Zhou Qunfei ផ្លាស់ប្ដូរវាសនាពីកម្មការិនីរោងចក្រ ក្លាយជាមហាសេដ្ឋីកំពូលម្នាក់។ លោកស្រីបានចែករំលែកនូវអាថ៌កំបាំងនៃភាពជោគជ័យមាន ៣យ៉ាងគឺ៖
១. ត្រូវចេះត្រៀមខ្លួនឱ្យបានល្អបំផុតចំពោះគ្រប់ស្ថានការណ៍៖ លោកស្រីជឿជាក់ថា សហគ្រិនដែលជោគជ័យមិនមែនរង់ចាំសំណាងមកដល់នោះទេ ប៉ុន្តែគឺជាអ្នកដែលចេះរៀបចំផែនការទុកជាមុន។ ការរៀបចំនេះគឺសំដៅដល់ ការពង្រឹងស្មារតីឱ្យរឹងមាំ ត្រូវយល់ដឹងច្បាស់ពីទីផ្សារ និងដៃគូប្រកួតប្រជែង ជាពិសេសគឺការប្រមូលភាពក្លាហានដើម្បីប្រឈមមុខនឹងបរាជ័យដែលអាចកើតមានគ្រប់ពេល។ ការមានផែនការច្បាស់លាស់ប្រៀបដូចជាការមានអាវក្រោះការពារខ្លួន នៅពេលដែលយើងបោះជំហានចូលទៅក្នុងសមរភូមិជំនួញ។
២. រៀនកុំឈប់៖ នេះមិនសំដៅដល់ការរៀននៅក្នុងសាលា។ ទោះបីជាលោកស្រីមិនបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់តាមបែបបទសាលាក៏ដោយ ប៉ុន្តែលោកស្រីបានចាត់ទុកពិភពលោកទាំងមូលគឺជាសាលារៀន។ លោកស្រីបានក្រេបជញ្ជក់ចំណេះដឹងពីការសង្កេតមើលអតិថិជន សិក្សាពីចំណុចខ្លាំងរបស់ដៃគូប្រកួតប្រជែង និងចេះរៀនសូត្រពីកំហុសឆ្គងដែលខ្លួនឯងបានជួបប្រទះ។ ការបើកចិត្តឱ្យទូលាយដើម្បីទទួលយកចំណេះដឹងថ្មីៗជានិច្ច បានធ្វើឱ្យលោកស្រីមានសមត្ថភាពអភិវឌ្ឍខ្លួន និងក្រុមហ៊ុនឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាពិភពលោក។
៣. ត្រូវមានស្មារតីតស៊ូមិនបោះបង់៖ ក្នុងដំណើរជីវិតជាសហគ្រិន លោកស្រីធ្លាប់ឆ្លងកាត់គ្រាលំបាករហូតដល់ចង់ចុះចាញ់ ប៉ុន្តែលោកស្រីតែងតែរំលឹកខ្លួនឯងថា បើបោះបង់នៅពាក់កណ្ដាលទី នោះអ្វីៗដែលបានខំប្រឹងកន្លងមកនឹងក្លាយជាសូន្យ។ ភាពជោគជ័យដ៏មហិមាបំផុត តែងតែស្ថិតនៅក្រោយការសាកល្បងដ៏ធំបំផុតដូចគ្នា។ ដូច្នេះ ការរក្សាភាពអត់ធ្មត់ និងមិនរុញរាចំពោះឧបសគ្គបន្តិចបន្តួច គឺជាសោរគ្រាប់ចុចដ៏សំខាន់ដែលបើកផ្លូវឱ្យលោកស្រី Zhou Qunfei ក្លាយជាមហាសេដ្ឋីនីដែលមានឥទ្ធិពលបំផុតម្នាក់នៅក្នុងពិភពជំនួញ៕


