ដឹងយើងហើយថាពេលសង្រ្គាម និងមានបញ្ហាសេដ្ឋកិច្ច ហាងឆេងមាសតែងឡើថ្លៃ ប៉ុន្ដែពេលស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ មានបញ្ហាសង្រ្គាមតែបែរជាហាងឆេងមាសធ្លាក់ចុះវិញ។ ទាក់ទងនឹងហាងឆេងមាសធ្លាក់ថ្លៃនេះដែរ ខាងក្រោមនេះគឺជារឿងធំៗដែលអ្នកគួរដឹងពេលមាសធ្លាក់ថ្លអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់។
១. ការប្រាក់ឡើងថ្លៃ៖ ពេលការប្រាក់ឡើងថ្លៃ មាសអាចធ្លាក់ចុះទោះស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ក៏ដោយ។ មាសគឺមិនផ្ដល់ចំណូលការប្រាក់ឡើង ដូច្នេះហើយពេលការប្រាក់ឡើងថ្លៃខ្ពស់ អ្នកវិនិយោគនឹងលក់មាសចេញហើយកាន់លុយដុល្លារវិញព្រោះបានការប្រាក់ច្រើន។
២. ដុល្លារអាមេរិកខ្លាំង៖ ចលនាមាសតែងតែដើរផ្ទុយពីប្រាក់ដុល្លារអាមេរិក។ ប្រសិនបើប្រាក់ដុល្លារឡើងថ្លៃនោះមាសនឹងដាំក្បាលចុះ។ ជាក់ស្ដែងប៉ុន្មានចុងក្រោយនេះប្រាក់ដុល្លារអាមេរិកឡើងថ្លៃជាកត្តាមួយដាក់សម្ពាធឲ្យមាសចុះ។
៣. អ្នកវិនិយោគត្រូវការសាច់លុយ៖ ពេលខ្លះក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកវិនិយោគក៏ដូចជាមនុស្សទូទៅត្រូវការសាច់លុយសម្រាប់ប្រើប្រាស់ក៏ដូចជាបម្រុងទុកការពារពេលមានអាសន្នដូច្នេះ ហើយពួកគាត់លក់មាសដែលធ្វើឲ្យមានកាន់តែធ្លាក់ថ្លៃ។
៤. ការលក់មាសដើម្បីយកចំណេញ៖ យើងដឹងហើយថានៅប៉ុន្មានខែចុងក្រោយនេះជាពិសេសក្នុងដើមឆ្នាំ២០២៦នេះ មាសបានឡើងថ្លៃមកដល់តម្លៃមួយដែលខ្ពស់មិនទាន់មានធ្វើឲ្យអ្នកធ្លាប់ទិញមាសនៅតម្លៃទាបៗចំណេញកប់។ ត្រង់នេះអ្នកខ្លះបានលក់មាសដើម្បីប្រាក់ចំណេញដែលធ្វើឲ្យមាសធ្លាក់ថ្លៃទោះជាសេដ្ឋកិច្ចមិនច្បាស់លាស់ក៏ដោយ៕


