ឈប់ខូចខិលទៅ! ប្រុសៗ បើចង់ជោគជ័យទាំងក្នុងគ្រួសារ និងការរកស៊ី គួរធ្វើរឿងទាំងនេះ
Toeuy HongJULY 24 20267 views

មនុស្សគ្រប់គ្នា នរណាៗក៏ចង់ទទួលបានភាពជោគជ័យនៅក្នុងជីវិត ជាពិសេសគឺមនុស្សប្រុសផ្ទាល់តែម្ដង។ ព្រោះថា ក្នុងនាមជាស្វាមី និងជាមេគ្រួសារម្នាក់ ពួកគេច្បាស់ជាចង់ឲ្យទាំងការងារកស៊ី និងជីវិតគ្រួសាររបស់ពួកគេ មានភាពជោគជ័យដោយដើរទៅមុខទន្ទឹមគ្នា។ ដូច្នេះ បើចង់បានផ្លែផ្កាទាំងនោះ ទាល់តែមានការប្ដេជ្ញា និងការតាំងចិត្តហើយធ្វើនូវទង្វើតូចតាចទាំងប៉ុន្មានចំណុចខាងក្រោមនេះបន្ទាប់ពីត្រលប់ពីធ្វើការមកដល់ផ្ទះវិញ  ដើម្បីឲ្យប្រពន្ធកាន់តែស្រលាញ់ ជីវិតគ្រួសារមានក្ដីសុខ ហើយមុខរបររកស៊ីក៏ទទួលបានផលល្អផងដែរ។

 

១. «ម៉ាក់វា/ប្រពន្ធ ឬអូនសម្លាញ់ នៅណាហ្នឹង? បងមកវិញហើយ»៖ ទោះបីជាវាជារឿងតូចតាចក៏ដោយ តែទង្វើនេះ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន។ មនុស្សប្រុសខ្លះ ពេលត្រលប់មកផ្ទះវិញ ពួកគេ ស្ងាត់មិននិយាយស្ដីអ្វី ហើយដេកលេងចុចទូរស័ព្ទ មិនធ្វើអីសោះ ហើយពោលពាក្យគ្រោកគ្រាធដាក់ប្រពន្ធក៏មានដែរ។ ដូច្នេះ បើអ្នកមកដល់ផ្ទះហើយ គួរមានជាការសួរសុខទុក្ខដ៏សាមញ្ញទាំងនេះ ទើបអាចបង្ហាញថានាងសំខាន់ប៉ុនណាចំពោះអ្នក។

 

២.ផ្លាស់ខោអាវរួច ជួយធ្វើការងារផ្ទះ៖ បុរស​ម្នាក់​ដែល​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ​របស់​ខ្លួន​នឹង​តែងតែ​ឆាប់ត្រលប់​មក​ផ្ទះ​មិន​បង្អង់​យូរឡើយ ហើយ​នឹងផ្លាស់ខោអាវលឿនៗ ដើម្បីទៅជួយ​ធ្វើការ​ងារផ្ទះប្រពន្ធភ្លាមៗ​ពេល​មក​ដល់​ផ្ទះ។ ទោះជាអ្នក​អាច​មិន​ទូរស័ព្ទ​ទៅ​នាង ឬ​និយាយ​ពាក្យ​ផ្អែមល្ហែម​ទៅនាង ប៉ុន្តែ​អ្នកអាច​បង្ហាញ​វា​តាមរយៈ​សកម្មភាព​របស់​អ្នកឲ្យនាងឃើញ ជាជាងការប្រើពាក្យសោះកក្រោះ ស្ដីបន្ទោសនាង។ ជំនួសមកវិញ ត្រូវចេះជួយ បើឃើញនាងកំពុងចម្អិនម្ហូប ត្រូវចេះជួយ មើលកូន ឬក៏ជួយបេះបន្លែ លានចាន ឬបោសជូតសម្អាតផ្ទះក៏បាន។

 

៣.ចូលផ្ទះបាយចម្អិនម្ហូបជំនួសប្រពន្ធ៖ បុរសភាគច្រើនសុទ្ធតែមានចំណង់ចំណូលចិត្តក្នុងការចម្អិនម្ហូប។ ទោះបីជាអ្នកខ្លះ មិនចេះធ្វើម្ហូបក៏ដោយ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យប្រពន្ធរបស់អ្នកមានក្ដីសុខ និងសប្បាយចិត្ត អ្នកគួរតែរៀនធ្វើម្ហូបពីរទៅបីមុខ អាចថា រៀនតាមយូធូប ឬសៀវភៅមុខម្ហូបផ្សេងៗ។

 

៤.កុំមានទំនាក់ទំនជនទីបី៖ ជាការពិត នៅក្នុងទំនាក់ទំនងស្នេហា និងគ្រួសារ ប្រសិនបើមានជនទីបីចូលមកជ្រៀតជ្រែកហើយ ទោះបីជាអ្នកខំធ្វើល្អនូវរាល់ប៉ុន្មានចំណុចខាងលើក៏ដោយ ក៏មិនអាចរកក្ដីសុខឃើញដែរ។ ដូច្នេះ បើអ្នកជាមនុស្សប្រុស នៅមានចរិតខូលខិល ចូលចិត្តសប្បាយខាងក្រៅ គួរកាត់ផ្ដាច់។ តែកាលណា អ្នកកាត់ផ្ដាច់រឿងនេះបាន ពេលបើកប្រាក់ខែមកយកឲ្យប្រពន្ធទុកដាក់ ដើម្បីសន្សំ នោះជីវិតប្ដីប្រពន្ធរបស់អ្នក ច្បាស់ជាមានសុភមង្គល ហើយការងារមុខរបររកស៊ី ក៏មានប្រសិទ្ធភាព ជោគជ័យទាំងក្នុងជីវិតគ្រួសារ និងការរកស៊ី ដែលនរណាៗក៏ប្រាថ្នា។

 

យ៉ាងណាក៏ដោយ ភាពល្អឥតខ្ចោះមិនមែនស្ថិតនៅក្នុងស្តង់ដារ ឬចំណុចរួមណាមួយឡើយ។ ពិសេសភាពល្អឥតខ្ចោះក្នុងជីវិតអាពាហ៍ពិពាហ៍ គឺស្ថិតលើប្ដីប្រពន្ធទាំងពីរនាក់ ចេះយល់ចិត្តគ្នាប៉ុនណា។ ហើយបើចង់ទទួលបានភាពជោគជ័យ ប្ដីខំរក ប្រពន្ធខំទុក ហើយចៀសវាងរាល់ការឈ្លោះប្រកែកគ្នា នោះហើយជាគន្លឹះជោគជ័យដែលគ្មានអ្នកណាអាចលួចឆក់បានឡើយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia