កំពុងជំពាក់លុយគេ តែចំណូលតិច ចំណាយច្រើន នេះជាផ្លូវទាំង៨ ដែលអ្នកគួរធ្វើឱ្យបានលឿនបំផុត
Toeuy HongFEBRUARY 16 2026632 views

 

វាជារឿងធ្ងន់ធ្ងរណាស់នៅពេលដែលអ្នក​ធ្លាក់ខ្លូនដល់កម្រិតចំណាយច្រើនជាងចំណូល ហើយថែមទាំងជាប់ជើងជាមួយនឹងបំណុលដ៏ច្រើនលើសលុបថែមទៀត។ ថ្ងៃនេះ Business Cambodia សូមលើកយកនូវដំណោះស្រាយបែបសង្គ្រោះបឋម ជាផ្លូវដែលលោកអ្នកគួរដើរភ្លាមៗ ពេលកំពុងស្ថិតក្នុងស្ថានភាពដែលបានរៀបរាប់មុននេះ។ ផ្លូវ ឬដំណោះស្រាយទាំងនោះរួមមាន៖

 

១. ឈប់បង្កើតបំណុលថ្មី

ជំហានដំបូងអ្នកត្រូវផ្ដេជ្ញាឈប់បង្កើតបំណុលថ្មីជាដាច់ខាត ជាពិសេសបំណុលឯកជនដែលអាចទាញអ្នកឱ្យធ្លាក់ចូលទៅក្នុងវិបត្តិការប្រាក់កាន់តែជ្រៅ។

 

២. ដឹងពីតួលេខដែលអ្នកជំពាក់គេឱ្យច្បាស់

អ្នកនឹងមិនអាចរកផ្លូវសងគេបានទេ បើអ្នកមិនដឹងថាខ្លួនឯងមានបំណុលសរុបប៉ុន្មាន ហើយជំពាក់អ្នកណាខ្លះ។ ដូច្នេះហើយអ្នកត្រូវសរុបចំនួនបំណុលដែលអ្នកមានទាំងអស់ ដោយបែងចែកជាពីរសិន ទី១គឺ បំណុលធនាគារ និងទី២គឺ បំណុលឯកជន។

 

បន្ទាប់មកអ្នកត្រូវរៀបបំណុលទាំងនោះ ទៅតាមលំដាប់នៃការប្រាក់ដែលវាមានពីតូចទៅធំតាមលំដាប់លំដោយ ដើម្បីដឹងឱ្យច្បាស់ថាតើមួយណាដែលមានភាពចាំបាច់ជាងគេ។

 

៣. បែងចែកកញ្ចប់លុយ

ជាមួយនឹងបំណុលនៅក្នុងដៃ អ្នកត្រូវបែងចែកកញ្ចប់លុយជារៀងរាល់ខែ ដើម្បីដឹងឱ្យច្បាស់ពីប្រភពដែលលុយរបស់អ្នកចូល និងចេញទៅ។ ជាទូទៅអ្នកអាចប្រើប្រាស់ច្បាប់ ៥០/៣០/២០ ដើម្បីរក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកឱ្យស្ថិតស្ថេរ។

 

៥០% នៃចំណូលរបស់អ្នកគួរតែ ទុកសម្រាប់ចំណាយលើតម្រូវការចាំបាច់ ដូចជាកន្លែងស្នាក់នៅ គ្រឿងទេស ម្ហូបអាហារជាដើម (ផ្អាកការជួបជុំ ឬការញ៉ាំអាហារខាងក្រៅសិន)។

 

៣០% នៃចំណូលរបស់អ្នកពេលនេះ គួរទុកសម្រាប់ការចំណាយលើការអភិវឌ្ឍន៍ខ្លួនឯង ដើម្បីបង្កើនសមត្ថភាព សម្រាប់ដោះស្រាយបញ្ហាដែលអ្នកកំពុងប្រឈម ដូចជារៀនជំនាញលក់ ឬជំនាញដឹកនាំបន្ថែមទៀត។

 

២០% នៃចំណូលរបស់អ្នក គួរតែទុកប្រើប្រាស់សម្រាប់សងបំណុលគេ ព្រមទាំងឆ្លៀតសន្សំតិចតួចតាមដែលអាចលៃទៅបាន។

 

៤. កាត់បន្ថយចំណាយ

ដើម្បីបានលុយសម្រាប់សងបំណុលគេ អ្នកត្រូវតាំងចិត្តកាត់បន្ថយចំណាយតាមដែលអាចធ្វើទៅបាន បើធ្លាប់ញ៉ាំម្ហូបអាហារខាងក្រៅ គួរចាប់ផ្ដើមធ្វើខ្លួនឯងញ៉ាំនៅផ្ទះ។ ពេលទៅធ្វើការគួរឆ្លៀតវេចអាហារថ្ថៃត្រង់ទៅខ្លួនឯង។

 

កាត់បន្ថយការជួបជុំ ការដើរកម្សាន្តញឹកញាប់ បើអ្នកមានឡានតម្លៃថ្លៃ គួរពិចារណាលក់ចេញមកទិញជិះតម្លៃទាបជាងមុនវិញ ដើម្បីសន្សំលុយខ្លះសម្រាប់ទប់ទល់ការចំណាយផង និងដោះបំណុលផង។

 

៥. រកផ្លូវបង្កើនចំណូល

បើអ្នកជាម្ចាស់អាជីវកម្ម គួរតែព្យាយាមបង្កើតអ្វីដែលថ្មី ត្រូវនឹងទីផ្សារដើម្បីបង្កើនការលក់ និងបង្កើនចំណូល។ មួយវិញទៀតអ្នកក៏អាចប្រើជំនាញដែលអ្នកមានយកទៅធ្វើការឱ្យគេ បន្ថែមទៀតដើម្បីបានចំណូលបន្ថែម។

 

៦. ជ្រើសរើសផ្លូវដោះបំណុល

វិធីដោះបំណុលមានច្រើន ប៉ុន្តែអ្នកអាចជ្រើរើសផ្លូវណាមួយដែលសមស្របនឹងស្ថានភាពរបស់អ្នក ដូចជាក្បួនដុំព្រិល ដែលវាតម្រូវឱ្យអ្នកដោះបំណុលពីតូចទៅធំ ដោះអស់មួយហើយចាំដោះមួយទៀត។ ធ្វើបែបនេះអ្នកនឹងមានទឹកចិត្តខំដោះបំណុលរហូតដល់អស់ ព្រោះតែបានឃើញពីលទ្ធផលនៃការខំប្រឹងប្រែងរបស់ខ្លួនឯងជាប្រចាំ។

 

៧. ចរចារជាមួយម្ចាស់បំណុល

កុំខ្លាចនៅក្នុងការចរចារជាមួយនឹងម្ចាស់បំណុល ព្រោះពួកគេមិនត្រូវការអ្វីឡោះយក្រៅពីចង់ឱ្យអ្នកសងលុយគេឱ្យគ្រប់ចំនួនតែប៉ុណ្ណោះ។ បើអ្នកជំពាក់ឯកជន អាចសុំឱ្យគេទិញទ្រព្យដែលអ្នកមាន ជំនួសឱ្យការរកលុយសងគេ (ករណីលែងមានលទ្ធភាពសង)។

 

បើអ្នកជំពាក់ធនាគារអាចសុំសងគេត្រឹមតែការប្រាក់សិន ដើម្បីទុកពេលឱ្យខ្លួនឯង ប្រើប្រាស់ខួរក្បាលដែលធ្លាប់តែបារម្ភរឿងបំណុល មកគិតរកផ្លូវបង្កើនចំណូលវិញ។

 

៨. ស្វែងរកវិធីបន្ធូរបន្ថយបំណុល

ពេលជាប់បំណុលច្រើន អ្នកអាចពិចារណាការបង្រួមបង្រួមបំណុល ឱ្យនៅមួយដុំ ដូចជាការរៀបចំឥណទានឡើងវិញជាមួយធនាគារ ដើម្បីសល់ម្ចាស់បំណុលតែមួយ។ អ្នកអាចប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីស្វែងរកកម្ចីល្អណាមួយ ដើម្បីមកផ្ដាច់បំណុលចាស់ៗជាពិសេសបំណុលឯកជន ធ្វើបែបនេះអ្នកក៏ធូរសម្ពាធហើយអាចចំណេញការប្រាក់ទៀតផង។

 

សូមជម្រាបផងដែរថា ទោះជាមានមូលហេតុច្រើនដែលនាំឱ្យអ្នកធ្លាក់ក្នុងបំណុលធ្ងន់ធ្ងរ ប៉ុន្តែហេតុផលដ៏ធំបំផុតមួយគឺ ការខ្វះខាតចំណេះដឹងហិរញ្ញវត្ថុ​។ ដូច្នេះហើយចាប់ពីពេលនេះទៅ អ្នកគួរខិតខំស្វែងយល់ ទាញយកចំណេះដឹងហិរញ្ញវត្ថុដាក់ខ្លួនឱ្យបានច្រើន តាមរយៈការសង្កេត ការរៀនពីអ្នកជំនាញ​ ឬរៀនពីបទពិសោធន៍ដែលអ្នកឆ្លងកាត់។ សូមឱ្យអ្នកឆាប់រួចផុតពីបញ្ហាបំណុល ហើយទទួលបានសេរីភាពហិរញ្ញវត្ថុវិញ៕

 

ចង់ស្រាលខ្លួនពីបំណុល! នេះជារឿងធំបំផុត៣ដែលអ្នកត្រូវធ្វើ នៅពេលពិបាករកលុយបង់ធនាគារ
Toeuy HongJUNE 25 20251.4 K views

យុន ចាន់លីកា បច្ចុប្បន្នគឺជាស្រ្តីរកស៊ីលក់គ្រឿងក្រអូបមានទីតាំងនៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយក៏លក់គ្រឿងក្រអូបតាមអនឡាញផងដែរ។ គាត់ធ្លាប់ជាប់បំណុលធនាគារប្រមាណជាង៤ម៉ឺនដុល្លារ ប៉ុន្ដែគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះគាត់ដោះបំណុលរបស់គាត់បានជោគជ័យហើយ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia តាមអនឡាញ យុន ចាន់លីកា បានឲ្យដឹងថាគាត់ជាអ្នករកស៊ីហើយមិនធ្លាប់ធ្វើការឲ្យគេនោះទេ ដោយបច្ចុប្បន្នមានមុខរបរជាអ្នកលក់គ្រឿងក្រអូប។ គាត់បានបន្តទៀតថារបរលក់គ្រឿងក្រអូបកាន់តែរីកធំគាត់ក៏មានលទ្ធភាពទិញរបស់មួយចំនួនដូចជាឡាននិងវិនិយោគលើអចលនទ្រព្យផងដែរដោយប្រើទាំងលុយសុទ្ធនិងកម្ចីពីធនាគារ។

 សម្រាប់កម្ចីធនាគារគាត់ជំពាក់ធនាគារប្រមាណ៤ម៉ឺនដុល្លារ។ យ៉ាងណាមិញបំណុលធនាគារខ្ទង់៤ម៉ឺនដុល្លារនេះគាត់អាចបង់ផ្ដាច់អស់ដោយជោគជ័យត្រឹមខែមិថុនាឆ្នាំ២០២៣នេះដោយប្រើប្រាស់លុយសន្សំ និងចំណូលពីអាជីវកម្មបង់ផ្ដាច់កម្ចីធនាគារទាំងអស់ត្រឹមពាក់កណ្ដាលឆ្នាំ២០០២៣។

យុន ចាន់លីកា បានចែករំលែកនូវរឿងសំខាន់ចំនួន៣ដែលអ្នកគួរធ្វើពេលជាប់បំណុលគេច្រើនកន្លែងដើម្បីរកផ្លូវដោះបំណុលទាំងនោះឲ្យជោគជ័យ។

. បើកចិត្តហ៊ានសុំម្ចាស់បំណុល

គាត់បានបង្ហើបថាក្នុងករណីដែលបងប្អូនផុងខ្លួនក្នុងបំណុលច្រើនរហូតដល់ពិបាកសងឬអស់លទ្ធភាពបង់សង អ្នកត្រូវហ៊ានបើកចិត្តចរចាជាមួយម្ចាស់បំណុលដោយសុំម្ចាស់បំណុលផ្អាកបង់ការ ហើយស្នើសុំបង់ជាដំណាក់កាល។ ត្រង់នេះបើអ្នកមានឆន្ទះក្នុងការសងដោយមិនគេចវេសនោះម្ចាស់បំណុលនឹងមានការយោគយល់ច្រើននិងព្រមសម្រួលសម្រាប់អ្នកជំពាក់បំណុលជាមិនខាន។

. រាយឈ្មោះម្ចាស់បំណុលទាំងអស់ដាក់លើក្រដាស

សម្រាប់អ្នកជំពាក់បំណុលច្រើនកន្លែងគាត់ណែនាំឲ្យរាយឈ្មោះម្ចាស់បំណុលទាំងអស់ដាក់លើក្រដាស។ ឧទាហរណ៍ម្ចាស់បំណុលទី១,២,៣,៤…… ជាដើម។ បន្ទាប់មកចរចាសុំឈប់បង់ការប្រាក់តែសុំបង់តែដើមសិនទៅកាន់ម្ចាស់បំណុលដែលអ្នកបានរាយឈ្មោះលើក្រដាសនោះ។ ត្រង់នេះ យុន ចាន់លីកាបានបញ្ជាក់ផងដែរថាសម្រាប់ម្ចាស់បំណុលណាដែលពិបាកចរចានិងពិបាកនិយាយជាងគេគឺយើងត្រូវដោះឲ្យបានមុនគេ។

. ដោះបំណុលពីតូចទៅធំ

 យុន ចាន់លីកា បានបង្ហើបថាបើជាប់បំណុលច្រើនកន្លែងអ្នកគួរប្រើក្បួន snowball ពោលគឺដោះបំណុលពីតូចទៅធំទើបពួកគាត់អាចដោះបានជោគជ័យ។ ក្បួនដោះបំណុលពីតូចទៅធំនេះគឺជាក្បួនដ៏ពេញនិយមដែលពលរដ្ឋខ្មែរក៏ដូចជាបរទេសតែងតែប្រើក្នុងការដោះបំណុលព្រោះការដោះបំណុលពីតូចទៅធំធ្វើឲ្យអ្នកមានទុកចិត្តក្នុងការដោះព្រោះអ្នកឃើញបំណុលរបស់អ្នកកាន់តែថយទៅៗបន្តិចម្ដងៗ។

ជាចុងក្រោយ យុន ចាន់លីកាបានផ្ដាំថាបងប្អូនត្រូវស្គាល់ពាក្យថាបំណុលអាក្រក់ឲ្យច្បាស់ ហើយត្រូវចេះថ្លឹងថ្លែងចំណូលរបស់យើងធៀបទៅនឹងការប្រាក់កម្ចីមុននឹងយើងសម្រេចចិត្តខ្ចីលុយចៀសវាខ្ចីហើយធ្លាក់ខ្លួននៅក្នុងបញ្ហាកាន់តែជ្រៅ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia