ទើបរៀបការរួច អ្នកជំនាញបង្ហើបរឿង៥យ៉ាង បើធ្វើបានសល់ផ្ទះសល់ទ្រព្យត្រឹម៥ឆ្នាំក្រោយ
Toeuy HongMARCH 1 20267 views

មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃរៀងៗខ្លួន ប៉ុន្តែនៅពេលដែលមានគ្រួសារ ក្ដីស្រមៃរបស់មនុស្សម្នាក់ៗ ក៏បានរួមបញ្ចូលគ្នាក្លាយជាគោលដៅនៃជីវិតគ្រួសាររបស់ពួកគេម្នាក់ៗ។ ហេតុនេះហើយពេលមានគូស្រករ គ្រប់គ្នានឹងត្រូវគិតកាន់តែស៊ីជម្រៅពីអ្វីដែលគួរតែមានសម្រាប់គ្រួសារដូចជា​ ផ្ទះ ឡាន ឬប្រាក់កាសសម្រាប់ផ្គង់ផ្គង់កូនចៅជាដើម។

ពាក់ព័ន្ធនឹងគោលដៅជីវិតនេះដែរ គ្រូបង្គោលផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាសមាជិកក្នុងក្រុមសន្សំប្រាក់នារី​ អ្នកស្រី ប្រាក់ លឹមហ៊ាង បានចែករំលែកពីគន្លឹះពិសេស៥ ដែលអ្នកមានគូស្រករគួរតែធ្វើ បើចង់ឱ្យ៥ឆ្នាំក្រោយសល់ផ្ទះ ដល់ទ្រព្យសម្រាប់គ្រួសាររបស់ខ្លួន។ គន្លឹះទាំង៥នោះរួមមាន៖

 

១. ពិភាក្សាគ្នា៖ ជំហានដំបូងលោកអ្នកត្រូវចាប់ផ្ដើម និយាយវែកញែក ពីគោលដៅរួមដែលដៃគូទាំង២ចង់សម្រេចបាននៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដូចជា ទិញឡាន ឬទិញផ្ទះជាដើម។

២. ចាត់ចែងអ្នកណាកាន់លុយ៖ ជំហានទី២គឺជ្រើសរើសអ្នកកាន់លុយម្នាក់ និងពិភាក្សាគ្នាពីរបៀបចាត់ចែងលុយកាក់ ដោយត្រូវដឹងឱ្យច្បាស់ពីចំណូលសរុប និងចំណាយប្រចាំខែសរុបជារៀងរាល់ខែ។

៣. បែងចែកកញ្ចប់ចំណូលជា៤ ចំណែកដាច់ពីគ្នា​ ដែលមានដូចជា៖

+កញ្ចប់សន្សំ៖ ដាក់ផែនការសន្សំប្រាក់ប្រចាំខែឱ្យបាន យ៉ាងតិច ២០%ទៅ៣០% នៃចំណូលប្រចាំខែ ដើម្បីទុកសម្រេចគោលដៅ តែបើអាចសន្សំកាន់តែច្រើនរឹតតែល្អ។

+កញ្ចប់ចំណាយ៖ គ្រប់គ្រងប្រាក់ចំណាយ ប្រកបដោយការសន្សំសំចៃ ដូចជា ថ្លៃទឹក ថ្លៃភ្លើង ការលំហែរដែលអស់លុយតិច ឬនៅផ្ទះជាមួយឪពុកម្ដាយ ឬស្នាក់នៅផ្ទះជួលសិន ដើម្បីទុកលុយសន្សំ និងកាត់បន្ថយការចំណាយដែលមិនចាំបាច់ឱ្យបានកាន់តែច្រើន។

+កញ្ចប់បង្កើតចំណូល៖ ដកយកចំណូលមួយផ្នែក សម្រាប់បង្កើតចំណូលបន្ថែមដែលអាចផ្ដល់ផលក្នុងរយៈពេលខ្លី ដូចជាការលក់ផលិតផល ឬលក់អនឡាញនៅផ្ទះ ឬកូនមាន់កូនទា ចិញ្ចឹមនៅផ្ទះបន្ថែមជាដើម។

+កញ្ចប់អនុវត្តន៍តាមផែនការ៖ កញ្ចប់នេះអាចបានមកពីលុយដែលផ្សេងៗក្រៅពីប្រាក់ខែ ដូចជាការងារក្រៅម៉ោង ការកាន់គម្រោងខ្លីៗ ដែលអាចបង្កើតចំណូលបានច្រើនដោយការប្រើប្រាស់ជំនាញសដែលអ្នកមាន។

៤. បង្កើតចំណូលឱ្យបាន៣ប្រភព៖ 

+ចំណូលប្រចាំថ្ងៃ៖ វាបានមកពីការងារឬរបរដែលអ្នកអាចរកបានរាល់ថ្ងៃ ដូចជាការបើកកន្លែងលក់ដូរ ការលក់អនឡាញ ការធ្វើការគិតម៉ោង ឬការបើកកន្លែងបោកខោអាវជាដើម។

+ចំណូលប្រចាំខែ៖ បានមកពីប្រាក់ខែរបស់អ្នក ឬប្រាក់ចំណេញប្រចាំខែពីអាជីវកម្មរបស់អ្នកជាដើម។

+ចំណូលប្រចាំឆ្នាំ៖ អាចជាចំណូលដែលបានមកពីការធ្វើកសិកម្ម ចំណូលភាគលាភពីការវិនិយោគលើផ្សារហ៊ុន ឬចំណូលពីការវិនិយោគលើអាជីវកម្មផ្សេងៗជាដើម។

៥. ឧស្សាហ៍ពិនិត្យមើលផែនការ៖ តាមដានលទ្ធផលជាប្រចាំដើម្បើ ឱ្យដឹងថាផែនការសម្រេចបានប៉ុន្មានភាគរយហើយ តើមានអ្វីដែលខុសផែនការទេ មានសកម្មភាពណាគួរកែលម្អទេ មានអ្វីត្រូវធ្វើបន្ថែមដែរទេ ឬបើលទ្ធផលដើរយឺតជាងគម្រោង តើត្រូវសម្រុកទៅតាមផ្លូវណាដើម្បីកែខៃឱ្យមកល្អវិញជាដើម។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះ បានគូសបញ្ជាក់ផងដែរថា “ចំណេះដឹងហិរញ្ញវត្ថុពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប បើអ្នកចេះពីវិធីចាត់ចែងនិងប្រើប្រាស់លុយកាក់ អ្នកនឹងអាចនាំខ្លួនឯងទៅរកជីវិតមួយដែលល្អប្រសើរ នឹងលែងឈឺក្បាលរឿងលុយ”។ សូមចាំថាគ្មានពាក្យហួសពេលនោះទេ កុំគិតថាខ្លួនអាយុច្រើនមិនអាចរៀនសូត្រ តែគួរស្រវារៀននិងស្វែងយល់គ្រប់យ៉ាងដែលខ្លួនមិនទាន់ចេះ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia