គ្មានថវិការៀនគួរបន្ថែម? App ទាំងនេះអាចជួយអោយអ្នករៀនគណិតវិទ្យាខ្លាំងបាន ដោយមិនចាំបាច់ចាយលុយអស់មួយរៀល
Pen SodalenAUGUST 20 2026120 views

 

«ចង់ពូកែគណិត ទាល់តែមានលុយរៀនគួរ!» នេះជាជំនឿដ៏ចាស់បុរាណដែលកំពុងទាញទម្លាក់ទំនុកចិត្តរបស់សិស្ស និងអាណាព្យាបាលជាច្រើននាក់។ សិស្សជាច្រើនតែងតែមានអារម្មណ៍ថាខ្លួនឯងដើរក្រោយគេ ឬគ្មានឱកាសទទួលបាននិទ្ទេសល្អ ដោយសារតែគ្រួសារគ្មានថវិកាគ្រប់គ្រាន់សម្រាប់បង់ថ្លៃថ្នាក់រៀនគួរបន្ថែម។

ប៉ុន្តែការពិតនៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ  គណិតវិទ្យាមិនទាមទារលុយរាប់រយដុល្លារនោះទេ វាទាមទារតែវិធីសាស្ត្រសិក្សាត្រឹមត្រូវ វិន័យ និងការចេះទាញយកប្រយោជន៍ពីប្រភពដែលអាចរៀន Free ដែលមានស្រាប់ប៉ុណ្ណោះ!

ប្រសិនបើអ្នកគ្មានថវិការៀនគួរ ប៉ុន្តែមានបំណងចង់ពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំង នេះជា App ឥតគិតថ្លៃទាំង ៥ ដែលអ្នកអាចទាញយកនៅលើ Google Play Store សម្រាប់ Android និង Apple App Store សម្រាប់ iOS ដើម្បីយកមកគាំទ្រក្នុងការស្វ័យសិក្សានៅផ្ទះ៖

 

1. Photomath

លក្ខណៈពិសេស និងអត្ថប្រយោជន៍៖ ជា App ជំនួយការគណិតវិទ្យាកម្រិតពិភពលោកដែលពេញនិយមបំផុត។ នៅពេលអ្នកជួបលំហាត់លំបាកដែលធ្វើមិនចេញ អ្នកគ្រាន់តែបើកកាមេរ៉ាទូរស័ព្ទថតរូបលំហាត់នៅលើសៀវភៅ App នេះនឹងស្កែន និងបង្ហាញដំណោះស្រាយមួយជំហានៗ យ៉ាងលម្អិតភ្លាមៗ។ វាដូចជាមានគ្រូបង្រៀនផ្ទាល់ខ្លួនមកឈរក្បែរ ចាំពន្យល់ពីរបៀបដោះស្រាយលំហាត់លំបាកៗ និងបង្ហាញពីប្រភពនៃរូបមន្តនៅពេលអ្នកទាល់គំនិតទៀតផង។

 

 

Photo Math Promo Photo 2

 

 

2. Khmer Math Exercises

លក្ខណៈពិសេស និងអត្ថប្រយោជន៍៖ ប្រមូលផ្តុំទៅដោយលំហាត់ រូបមន្ត ទ្រឹស្ដីបទ និងវិញ្ញាសាគណិតវិទ្យាតាមកម្រិតថ្នាក់ ចាប់ពីថ្នាក់ទី ៧ ដល់ទី ១២ ស្របតាមកម្មវិធីសិក្សានៅកម្ពុជា។ App នេះជាជំនួយការដ៏ស័ក្តិសមបំផុតសម្រាប់សិស្សដែលត្រូវការលំហាត់អនុវត្តបន្ថែម និងចង់ប្រឡងស្ទង់សមត្ថភាពខ្លួនឯងជាមួយវិញ្ញាសាចាស់ៗ ដើម្បីត្រៀមប្រឡងប្រចាំខែ ឌីប្លូម ឬប្រឡងបាក់ឌុបឲ្យទទួលបាននិទ្ទេសខ្ពស់។

 

Khmer Math Exercise

 

3. E-School Cambodia

·        លក្ខណៈពិសេស និងអត្ថប្រយោជន៍៖ លែងបារម្ភរឿងរៀននៅសាលាមិនទាន់គេហើយ  App នេះប្រមូលផ្តុំទៅដោយវីដេអូបង្រៀនគណិតវិទ្យាយ៉ាងក្បោះក្បាយ ចាប់ពីថ្នាក់ទី ៧ ដល់ទី ១២ ដោយមានការបកស្រាយ និងពន្យល់យ៉ាងស៊ីជម្រៅពីគ្រូៗដែលមានបទពិសោធន៍យូរឆ្នាំ។ ប្រសិនបើរៀននៅសាលាមិនយល់ចំណុចណា អ្នកអាចចុច Play មើលវិធីដោះស្រាយលំហាត់ឡើងវិញបានរាប់សិបដងឡើងវិញ រហូតទាល់តែយល់ច្បាស់។

E School

4. Khmer Academy 

·        លក្ខណៈពិសេស និងអត្ថប្រយោជន៍៖ វេទិកាសិក្សាឌីជីថលដំបូងៗនៅកម្ពុជា ដែលមានបណ្ដុំមេរៀនគណិតវិទ្យជាវីដេអូខ្លីៗ ងាយយល់ និងចំគោលដៅជាភាសាខ្មែរ។ បើអ្នកមានអារម្មណ៍ថាខ្លួនឯង នៅស្ទើរគ្រឹះ ភ្លេចវិធីសាស្ត្រគណនាភាគរយ ប្រភាគ ឬពិជគណិត  App នេះជាអ្នកមកសង្គ្រោះអ្នកក្នុងការជួយសម្រួល និងដុសខាត់មូលដ្ឋានគ្រឹះឲ្យរឹងមាំឡើងវិញបានយ៉ាងឆាប់រហ័ស។

 

 

Khmer Academy 

 

5. MoEYS EdTech / E-Learning ជា App ផ្លូវការរបស់ក្រសួង

·        លក្ខណៈពិសេស និងអត្ថប្រយោជន៍៖ App ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលសិស្សជាច្រើនជឿថាធម្មតា ប៉ុន្តែពោរពេញទៅដោយគុណសម្បត្តិ! នៅទីនេះមានទាំងសៀវភៅពុម្ពឌីជីថល(PDF) សន្លឹកកិច្ចការស្វ័យសិក្សា និងវីដេអូបង្រៀនដោះស្រាយវិញ្ញាសាប្រឡងផ្ទាល់ពីលោកគ្រូអ្នកគ្រូឆ្នើម។ នេះជាប្រភពច្បាស់លាស់ និងចំទិសដៅបំផុត សម្រាប់ការត្រៀមខ្លួនប្រឡងគ្រប់កម្រិត!

 

 

Edtech

 

នៅពេលអ្នករៀនយល់មេរៀន ឬវិធីដោះស្រាយលំហាត់ណាមួយតាម App ហើយ សាកល្បងទៅពន្យល់មេរៀននោះទៅកាន់មិត្តភក្តិ ឬពន្យល់ខ្លួនឯងឡើងវិញ។ ប្រសិនបើអ្នកអាចពន្យល់គេឲ្យយល់បានយ៉ាងងាយស្រួល នោះបង្ហាញថាអ្នកបានយល់មេរៀននោះបានស៊ីជម្រៅ និងខ្លាំងពិតប្រាកដហើយ!

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia