ចប់បាក់ឌុប មិនចង់រៀនបន្តនៅសាកល 5 ជំនាញនេះរៀនចប់អាចចេញបើករកស៊ីបានដោយខ្លួនឯង
Pen SodalenSEPTEMBER 1 2026108 views

 

ប្រឡងចប់បាក់ឌុបហើយ ប៉ុន្តែអារម្មណ៍ប្រាប់ថា មិនចង់ចំណាយពេល ៤ ឆ្នាំអង្គុយរៀនទ្រឹស្ដីច្រើននៅមហាវិទ្យាល័យមែនទេ? និយាយឱ្យត្រង់ទៅ ជីវិតក្រោយថ្នាក់ទី១២ មិនមែនជារឿងងាយស្រួលទេ។ ក្នុងសម័យនេះ ឱ្យតែយើងមានជំនាញច្បាស់មួយក្នុងដៃ រៀនឱ្យចេះពិតប្រាកដ អនុវត្តឱ្យស្ទាត់ គឺអាចចេញមកបង្កើតមុខរបរ ឬបើករកស៊ីដោយខ្លួនឯងបានបាត់ទៅហើយ។

បើសិនចង់ចេញរកស៊ីលឿន ចង់មានប្រភពចំណូលផ្ទាល់ខ្លួន ខាងក្រោមនេះជា ៥ជំនាញដែលប្អូនៗអាចពិចារណាបាន៖

 

ជំនាញកាត់ដេរ ៖ មនុស្សយើងត្រូវស្លៀកពាក់រាល់ថ្ងៃ! ដូច្នេះរៀនជំនាញនេះចប់ អ្នកមិនត្រឹមតែអាចទទួលកាត់ដេរតាមផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតម៉ាកសម្លៀកបំពាក់ (Brand) ផ្ទាល់ខ្លួន ហើយប្រូម៉ូតលក់តាមអនឡាញបានយ៉ាងងាយ។

 

ជំនាញតុបតែងមុខ និងថែរក្សាសម្ផស្ស៖ រឿងស្អាតរឿងស្ទាវ គ្មានអ្នកណាអត់ទេ! ជំនាញធ្វើសក់ ធ្វើក្រចក ឬធ្វើមុខ គឺរៀនឆាប់ចេះ ហើយអាចបើកហាងតូចមួយ ឬដើរទទួលភ្ញៀវតាមកម្មវិធីផ្សេងៗបានទៀតផង។

 

ជំនាញឆុងកាហ្វេ និងធ្វើនំ/ម្ហូប៖ វប្បធម៌អង្គុយហាងកាហ្វេ និងញ៉ាំអាហារឆ្ងាញ់ៗកំពុងពេញនិយមខ្លាំង។ បើចាប់យកជំនាញនេះ អ្នកអាចបើកតូបកាហ្វេតូចមួយ ឬហាងកាហ្វេបែបក្លាស៊ិក រួមទាំងលក់នំ និងម្ហូបតាមអនឡាញបានយ៉ាងរលូន។

 

ជំនាញជួសជុលទូរស័ព្ទ ឧបករណ៍អេឡិចត្រូនិក ម៉ូតូ ឬ រថយន្ត ៖ សម័យនេះអ្នកណាក៏កាន់ទូរស័ព្ទដែរ ហើយវាតែងតែមានបញ្ហាខូច ឬដើរយឺត មួយវិញទៀតបើម៉ូតូ និង ឡានផ្ទះអ្នកក៏មានដែរ ជួនកាលដូច គេដឹងតែទៅរកជាងហើយ។ ជំនាញនេះចំណាយដើមទុនទិញសម្ភារៈតិចតួច ប៉ុន្តែបានថ្លៃសេវាកម្មជួសជុលគួរសម និងមានម៉ូយមកជារឿយៗផងដែរ។

 

ជំនាញថតរូប ថតវីដេអូ និងកាត់ត៖ ឥឡូវអាជីវកម្មណាក៏ត្រូវការរូបភាព និងវីដេអូស្អាតៗដើម្បីផ្សព្វផ្សាយដែរ។ ឱ្យតែចេះថត និងកាត់តស្អាត អ្នកអាចទទួលថតរូបតាមកម្មវិធី ថតផលិតផលឱ្យគេ ឬបង្កើតជាក្រុមផលិតមាតិកា (Content) រកលុយបានយ៉ាងស្រួលទៀតផង។

 

ដូច្នេះភាពជោគជ័យមិនមែនទាល់តែមានសញ្ញាបត្រមហាវិទ្យាល័យនោះទេ។ អ្វីដែលសំខាន់ គឺការស្គាល់ខ្លួនឯងច្បាស់ ជ្រើសរើសជំនាញដែលត្រូវចិត្ត ហើយប្រឹងរៀនប្រឹងធ្វើវាឱ្យអស់ពីដៃពីជើង។ ឱ្យតែមានជំនាញពិតប្រាកដ និងភាពក្លាហាន ផ្លូវធ្វើជាម្ចាស់អាជីវកម្មគឺនៅលើដៃរបស់អ្នកហើយ!

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia