សម្តេចព្រះសង្ឃរាជ ជួន ណាត មានសង្ឃដីការថា «គប់ពាលរែងរាលទៅរកខុស គប់ប្រាជ្ញស្រីប្រុសរែងបានត្រូវ គប់មិត្តអបល័ក្ខណ៍រែងអាស្រូវ ខុសត្រូវកើតពីការសេពគប់»។ ខាងក្រោមនេះ គឺជាអត្តចរិតទាំង៥ បើនរណាមាន គេជាមនុស្សមិនគួរឲ្យទុកចិត្តឡើយ និងត្រូវប្រុងប្រយ័ត្នបំផុតពេលនៅជាមួយ យោងតាមការសិក្សាផ្នែកចិត្តសាស្ត្រ ដោយ Hack Spirit៖
១/. ជាមនុស្សសម្តែងពេញចិត្តគ្រប់រឿង ទោះខ្លួនមិនចូលចិត្តក៏ដោយ៖ មនុស្សមិនស្មោះត្រង់ តែងត្រូវបានគេសង្កេតឃើញថា មានអត្តចរិតផ្លាស់ប្តូរលឿន យល់ស្របតាមមតិគ្រប់យ៉ាងដែលពួកគេមិនពេញចិត្ត សើចនូវរឿងកំប្លែងដែលពួកគេមិនអស់សំណើច ហើយថែមទាំងធ្វើពុធជារីករាយនឹងអ្វីដែលពួកគេស្អប់ថែមទៀតផង ដើម្បីយកឈ្នះចិត្តអ្នកដទៃ ឬឲ្យគេចូលចិត្តខ្លួន។
២/.ព្យាយាមបង្ហាញតែរឿងល្អៗ៖ ពួកគេបង្ហាញតែរូបភាពនៃភាពល្អឥតខ្ចោះ ហាក់ដូចជាអ្វីៗទាំងអស់នៅក្នុងជីវិតសុទ្ធតែស្រស់បំព្រង។ ពួកគេខ្លាចអ្នកដទៃឃើញពីភាពទន់ខ្សោយ ការបង្កើតកំហុស និងភាពអន់ថយរបស់ខ្លួន ទើបព្យាយាមលាក់បាំងការតស៊ូនៅក្រោយរឿងល្អៗទាំងនោះ។
៣/. ចូលចិត្តនិយាយដើមគេ៖ មនុស្សមិនគួរឲ្យទុកចិត្តមានអត្តចរិតចូលចិត្តនិយាយដើមគេពីក្រោយខ្នង ខណៈមនុស្សស្មោះត្រង់ហ៊ាននិយាយនៅនឹងមុខ។ ពួកគេចំណាយពេលវេលាជជែកពីជីវិតអ្នកដទៃ និងធ្វើសុភវិនិច្ឆ័យតាមតែអារម្មណ៍ និងគំនិតខ្លួនឯង ហើយភាគច្រើនមើលឃើញអ្នកដទៃក្នុងផ្លូវអវិជ្ជមាន។
៤/. មនុស្សដែលមិនទទួលយកចម្លើយថា “ទេ”៖ មនុស្សដែលមិនទទួលយកការបដិសេធរបស់អ្នកដទៃ ច្រើនតែរឹងរូស និងចចេស។ ពួកគេព្យាយាមធ្វើឲ្យអ្នកយល់ព្រមជាមួយពួកគេ ឬធ្វើឲ្យអ្នកធ្វើអ្វីដែលពួកគេចង់បាន ដូច្នេះពួកគេខ្វល់តែពីអ្នកនៅពេលដែលអ្នកមានប្រយោជន៍ចំពោះពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែលអ្នកនិយាយថា “ទេ” ចាំមើលចុះ ពួកគេនឹងផ្លាស់ប្តូរអាកប្បកិរិយាលឿននឹកស្មានមិនដល់។
៥/. មនុស្សមុខពីរ៖ សញ្ញាច្បាស់បំផុតនៃមនុស្សដែលមិនគួរឲ្យទុកចិត្តគឺ មនុស្សមុខពីរ។ មនុស្សមុខពីរគឺជាមនុស្សដែលមានការផ្លាស់ប្តូរបុគ្គលិកលក្ខណៈ ឬអាកប្បកិរិយានៅពេលដែលនៅជុំវិញមនុស្សផ្សេងទៀត។ ពួកគេអាចប្រែក្លាយទៅជាមនុស្សខុសគ្នាទាំងស្រុង នៅពេលដែលនៅជុំវិញអ្នក ប្រៀបធៀបនឹងអ្នកផ្សេង។
យ៉ាងណាមិញ មូលដ្ឋានគ្រឹះនៃទំនាក់ទំនងដែលមានសុខភាពល្អទាំងអស់ គឺកើតចេញពីការជឿទុកចិត្តគ្នា។ បើគ្មានការទុកចិត្តទេ នោះនឹងគ្មានការប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធ គ្មានការគោរព និងគ្មានការពិតឡើយ៕


